អង់គ្លេស៖ រូបទាហានម៉ានីកាំង ដែលមានកម្ពស់ខ្ពស់មួយ ត្រូវបានច្នៃប្រឌិតបង្កើតឡើង ពីសំណល់អេតចាយ ដោយបុរសវ័យចំណាស់ជនជាតិអង់គ្លេសមួយរូប ដើម្បីទុកជាការនឹករំលឹកគុណ។

រូបទាហានម៉ានីកាំងនេះ ត្រូវបានបង្កើតឡើងដោយលោក Martin Galbavy ដែលជាជាងដែកមួយរូប ដោយលោកបានចំណាយពេលអស់ ៣ខែក្នុងការសាងសង់រូបទាហាននេះឡើង។ វាមានទីតាំងស្ថិតក្នុងតំបន់ Sherborne ទីក្រុង Dorset ប្រទេសអង់គ្លេស។  រូបលោកបង្កើតវាឡើងមកនេះ គឺដើម្បីជាការរំលឹកនឹកគុណដល់កងទាហាន ដែលបានពាក់លីជីវិត ក្នុងសម័យសង្គ្រាមលោកលើកទី១។

រូបទាហានម៉ានីកាំងនេះដែរ មានកម្ពស់រហូតដល់ទៅជាង ៦ម៉ែត្រឯណោះ ដែលត្រូវបានច្នៃបង្កើតឡើង ពីសំណល់ដែកអេតចាយ រួមមាន ឧបករណ៍សម្រាប់មួលខ្ចៅ ដែកគ្រីបសម្រាប់លើករថយន្ត ដែកថាសហ្រ្វាំងយានយន្ត និងដុំដែកទ្រនាប់ជើងសេះ និងសំណល់ដែកអេតចាយ ដែលគេបោះបង់ចោល ជាច្រើនផ្សេងៗមកផ្គុំបញ្ចូលគ្នាផងដែរ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ ស្នាដៃសិល្បៈច្នៃប្រឌិត របស់លោក Martin នេះដែរ ក៏នឹងមានគម្រោង យកទៅដាក់តាំងបង្ហាញនៅឆ្នាំក្រោយនេះ ដើម្បីរំលឹកខួប១០០ឆ្នាំ នៃការរលត់ភ្លើងសង្គ្រាមលោកលើកទី១ ដែលគ្រប់គ្នានឹងកាន់តែអាចមើលរូបរាងរបស់វា កាន់តែច្បាស់ផងដែរ ៕

ប្រភព៖ Dailymail

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា កសិករម្នាក់ ចំណាយពេល៣០ឆ្នាំ កែច្នៃបង្កើតបានមនុស្សយន្ត ដោយខ្លួនឯង ពីសំណល់អេតចាយ។

ត្រឹមតែជាសិស្សរៀនចប់ថ្នាក់បឋមសិក្សាម្នាក់ប៉ុណ្ណោះ តែកសិករជនជាតិចិនម្នាក់នេះ ពិតជាមានគំនិតច្នៃប្រឌិតខ្ពស់ ខណៈពេលថ្មីៗនេះរូបគាត់ កំពុងតែទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅជាច្រើន និងនៅលើបណ្តាញសង្គមនានា បន្ទាប់ពីរូបគាត់ចំណាយពេលអស់រាប់សិបឆ្នាំ សម្រេចបាននូវស្នាដៃបង្កើតមនុស្សយន្តដោយខ្លួនឯង ដែលធ្វើឡើងពីសំណល់ដែកអេតចាយដែលគេបោះបង់ចោល។ នេះបើយោងតាមសារព័ត៌មាន សៀងហៃ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ វិច្ឆិកា ២០១៦។

លោក Wu Yulu រស់នៅក្នុងតំបន់ជាយរដ្ឋធានីប៉េកាំង បានច្នៃបង្កើតសំណល់ដែកអេតចាយ ដែលមានមុខងារខុសៗគ្នារហូតដល់ទៅជាង ៦០មុខ។ មនុស្សយន្តរបស់គាត់ អាចធ្វើចលនាដើរផ្លាស់ទីបាន អាចប្រើឲ្យអូសរទេះបាន ហើយថែមទាំងមានមនុស្សយន្តផ្សេងទៀត ច្នៃឡើងអាចលេងអុក ជាមួយមនុស្សបានទៀតផង។

លោក Wu ហាក់បីដូចជាស្រលាញ់គ្រឿងយន្តដូចជាកូនរបស់ខ្លួន ដោយបានដាក់ឈ្មោះតំណាង ឲ្យមនុស្សយន្តទាំងនោះ តាមត្រកូលរបស់គាត់ទៀតផង ដូចជា Wu Lao Da, Wo Lao Er, Wu Lao San, និង Wu Lao Liu Shi San ជាដើម។

ចំណែកកូនៗរបស់លោក Wu វិញ ហាក់ដូចជាមិនសូវចាប់អារម្មណ៍ ដូចឪពុករបស់ពួកគេទេ ដោយមានចំណាប់អារម្មណ៍ផ្សេងទៅលើសិល្បៈ និងធ្វើរឿងរ៉ាវដែលមានប្រយោជន៍ជាងនេះ។

គួរឲ្យដឹងដែរថា លោក Wu ក៏ធ្លាប់បានទទួលនូវពានរង្វាន់សរសើរជាច្រើន និងកិច្ចសន្យាការងារ ពីសាកលវិទ្យាល័យនានាជាច្រើនទៀតផង។ លោកធ្លាប់ត្រូវបានគេអញ្ជើញឲ្យដាក់តាំងបង្ហាញ ស្នាដៃមនុស្សយន្តរបស់គាត់ នៅពិព័រណ៍ក្នុងទីក្រុងសៀងហៃ (Shanghai Expo) ថែមទៀតផង តែត្រូវលោកបដិសេធ។ ពោលលោក Wu សុខចិត្តសំងំខ្លួន រស់នៅសាមញ្ញក្នុងភូមិដ៏ចំណាស់របស់ខ្លួន អមជុំវិញដោយសំណល់ដែកអេតចាយ ដែលគេបោះបង់ចោល ដើម្បីច្នៃបង្កើតស្នាដៃមនុស្សយន្តរបស់គាត់ ជាបន្តទៀត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]