ចិន៖ ត្រឹមតែជាសិស្សរៀនចប់ថ្នាក់បឋមសិក្សាម្នាក់ប៉ុណ្ណោះ តែកសិករជនជាតិចិនម្នាក់នេះ ពិតជាមានគំនិតច្នៃប្រឌិតខ្ពស់ ខណៈពេលថ្មីៗនេះរូបគាត់ កំពុងតែទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅជាច្រើន និងនៅលើបណ្តាញសង្គមនានា បន្ទាប់ពីរូបគាត់ចំណាយពេលអស់រាប់សិបឆ្នាំ សម្រេចបាននូវស្នាដៃបង្កើតមនុស្សយន្តដោយខ្លួនឯង ដែលធ្វើឡើងពីសំណល់ដែកអេតចាយដែលគេបោះបង់ចោល។ នេះបើយោងតាមសារព័ត៌មាន សៀងហៃ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ វិច្ឆិកា ២០១៦។

លោក Wu Yulu រស់នៅក្នុងតំបន់ជាយរដ្ឋធានីប៉េកាំង  បានច្នៃបង្កើតសំណល់ដែកអេតចាយ ដែលមានមុខងារខុសៗគ្នារហូតដល់ទៅជាង ៦០មុខ។ មនុស្សយន្តរបស់គាត់ អាចធ្វើចលនាដើរផ្លាស់ទីបាន អាចប្រើឲ្យអូសរទេះបាន ហើយថែមទាំងមានមនុស្សយន្តផ្សេងទៀត ច្នៃឡើងអាចលេងអុក ជាមួយមនុស្សបានទៀតផង។

លោក Wu ហាក់បីដូចជាស្រលាញ់គ្រឿងយន្តដូចជាកូនរបស់ខ្លួន ដោយបានដាក់ឈ្មោះតំណាង ឲ្យមនុស្សយន្តទាំងនោះ តាមត្រកូលរបស់គាត់ទៀតផង ដូចជា Wu Lao Da, Wo Lao Er, Wu Lao San, និង Wu Lao Liu Shi San ជាដើម។

ចំណែកកូនៗរបស់លោក Wu វិញ ហាក់ដូចជាមិនសូវចាប់អារម្មណ៍ ដូចឪពុករបស់ពួកគេទេ ដោយមានចំណាប់អារម្មណ៍ផ្សេងទៅលើសិល្បៈ និងធ្វើរឿងរ៉ាវដែលមានប្រយោជន៍ជាងនេះ។

គួរឲ្យដឹងដែរថា លោក Wu ក៏ធ្លាប់បានទទួលនូវពានរង្វាន់សរសើរជាច្រើន និងកិច្ចសន្យាការងារ ពីសាកលវិទ្យាល័យនានាជាច្រើនទៀតផង។ លោកធ្លាប់ត្រូវបានគេអញ្ជើញឲ្យដាក់តាំងបង្ហាញ ស្នាដៃមនុស្សយន្តរបស់គាត់ នៅពិព័រណ៍ក្នុងទីក្រុងសៀងហៃ (Shanghai Expo) ថែមទៀតផង តែត្រូវលោកបដិសេធ។ ពោលលោក Wu សុខចិត្តសំងំខ្លួន រស់នៅសាមញ្ញក្នុងភូមិដ៏ចំណាស់របស់ខ្លួន អមជុំវិញដោយសំណល់ដែកអេតចាយ ដែលគេបោះបង់ចោល ដើម្បីច្នៃបង្កើតស្នាដៃមនុស្សយន្តរបស់គាត់ ជាបន្តទៀត៕ 

ប្រភព៖ Shanghaiist | CCTV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]