ភ្នំពេញ៖ កីឡាករប្រដាល់ ឈិន ក្វាន់ង៉ុយ ជិះម៉ូតូទៅបុក និងរថយន្តនៅផ្លូវបំបែកជាបួន បណ្តាលឲ្យរងរបួសបាក់ជើងខាងឆ្វេង នៅម៉ោង ៩៖៣៥នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ លើកំណាត់ ផ្លូវ១៤៣កែងនិងផ្លូវ៣០៤ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់អាយុ ប្រហែលជាងឆ្នាំ៣០ឆ្នាំ បានបើករថយន្តម៉ាក ហ៊ីយ៉ានដាយ ស្តារិច ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2AG 3072 បានធ្វើដំនើរតាមផ្លូវ លេខ១៤៣ ក្នុងទិសដៅ លិចទៅកើត ក្នុងល្បឿនលឿនខណៈមកដល់ចំនុចផ្លូវបំបែកជាបួន ក៏ស្រាប់តែបុរសម្នាក់ទៀត បានជិះម៉ូតូម៉ាក វ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ នគរបាល 1-5560 ធ្វើដំនើរតាមផ្លូវលេខ៣០៤ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចគ្នា ព្រមទាំងខ្វះការប្រុងប្រយ័ត្ន រួចជ្រុលទៅបុក និងរថយន្តចំពាក់កណ្តាល ពេញទំហឹង បណ្តាលអោយ អ្នកបើកម៉ូតូ បោកក្បាល់ផ្កាប់មុខទៅនិងកញ្ចក់រថយន្ត រងរបួសបាក់ជើងខាងឆ្វេង និងបែកក្បាល ។

ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះ នៅគ្លីនិកឯកជន ហុងហាក់ ចំនែកម៉ូតូរងកាខូចខាត ខ្ទេចខ្ទីផ្នែកខាងមុខ ឯរថយន្ត រងកាខូចខាតកំពិតមួយចំហៀងខាងស្ដាំ និងបែកកញ្ចក់ចំហៀងខាងស្ដាំដូចគ្នា តែមិនគ្រោះថ្នាក់ដល់មនុស្សនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ កន្លែងកើតហេតុ រួចបានឃាត់ខ្លួនអ្នកបើករថយន្ត រួចហើយធ្វើការវាស់វែង យករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌចំការមន ដើម្បីធ្វើការដោះស្រាយ នៅពេលក្រោយ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ គួររំលឹកករណីមួយផ្សេងទៀតផងដែរ

កីឡាករប្រដាល់សេី «ផាន់ ផាណាត» ​​​ល្បីមួយរូបប្រចាំប្រទេស​កម្ពុជា ធ្លាប់បានប្រើកណ្តាប់ដៃដ៏ប៉ិនប្រសព្វ ធ្វើ​ឲ្យដៃគូរសន្លប់ជាច្រើននាក់ រហូតប្រកួ​តបានខ្សែក្រវ៉ាត់៣​ និងប័​ណ្ណសរសើរជាច្រើន​​នោះ ស្រាប់តែ​ខូចចិត្តព្រោះ​ប្រពន្ធផិតក្បត់ ដាច់ចិត្តចង-ក សម្លាប់ខ្លួនចោលកូនប្រុសស្រី៣នាក់ និងឪពុកម្តាយចាស់ជរាដើរមិនរួច។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅ​យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅ​ខាងកើតផ្សារមង្គលបូរី ស្ថិតក្នុងភូមិលួង ឃុំឬស្សីក្រោ​ក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោក រស់​ សំបូរ មេបញ្ជាការអាវុធហត្ថស្រុកមង្គលបូរី បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផាន់ ផាណាត អាយុ៣៦ឆ្នាំ។ គ្រួសាររបស់សាកសព រៀបរាប់ថា ​ផាន់ ផាណាត ជា​កីឡាករ​២៥ឆ្នាំកន្លងមកហើយ ធ្លាប់ហាត់នៅខ្លឹបគុជជលសាកីឡា ហើយចូលរួមប្រគួតអស់រយៈពេល២៥ឆ្នាំ កន្លងមកនេះធ្លាប់ប្រកួ​តបានរាប់រយដងតាំងជំនាន់លោក នួន​​ ភីរម្យ លោក​អេ ភូថង មកម៉្លេះ​ហើយបានទទួលខ្សែក្រវ៉ាត់៣ស្ថាប័ន និងប័ណ្ណសរសើរ ពីសមាគមន៍កីឡាជាច្រើនទៀត។

ក្រុមគ្រួសារបានបញ្ជាក់ថា ផាន់ ផាណាត ឈឺបានមករស់នៅជាមួយឪពុកម្តាយ នៅស្រុកមង្គលបូរីនេះជិត១ឆ្នាំមកហើយ នៅមុនពេលកើតហេតុនោះ ផាន់ ផាណាត បានទូរស័ព្ទទៅប្រពន្ធ និងកូនរស់ភ្នំពេញដើម្បីសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីចំងាយ ស្រាប់តែប្រពន្ធទូរស័ព្ទមកវិញថា «ខ្ញុំមានប្តីថ្មីហើយ សូមបងដាច់ចិត្តពីខ្ញុំទៅ»​ ប្រពន្ធមិននិយាយហេតុផល ពីរឿងខ្លួនមានប្តីថ្មីឡើយ បើចង់ដឹងសួរប្តីថ្មីខ្លួនទៅ។

គ្រួសារថា ចាប់ពីថ្ងៃនោះមក ផាន់​​ ផាណាត ខូចចិត្តយ៉ាងខ្លាំងរហូតមកដល់ថ្ងៃកើតហេតុនោះ ចេះតែនិយាយប្រាប់ឪពុកម្តាយថា «ខ្ញុំមិនរស់នៅតទៅទៀតទេ​» ពេលនោះពួកគាត់​ចេះតែលោម​លួមកូនបើស្លាប់ តើឪពុកម្តាយមានអ្នកណាចិញ្ចឹម។ លុះនៅយប់កើតហេតុ ពួកគាត់បានចុះក្រោម​ផ្ទះ​ មួយសន្ទុះ​សោះស្រាប់តែ ផាន់ ផាណាត បានយកក្រម៉ាមកចង-ក នៅលើផ្ទះស្លាប់ភ្លាមៗ។

ស្របពេលនោះដែរ ឪពុកម្តាយរបស់កីឡា​ករ ​ផាន់ ផាណាត បានលើកម្រាមដៃដប់សំពះអង្វរដល់ថ្នាក់ដឹកនាំ និងសប្បុរសជន ក្រុងស្រុក ក្រៅស្រុក ព្រមទាំងប្រជាពលរដ្ឋ ទូទាំងប្រទេស មេត្តាជួយគាត់ផងគ្រួសារគាត់ក្រណាស់ គ្មានលុយកាត់ធ្វើបុណ្យសពឲ្យកូនប្រុស​ជាទីស្រឡាញ់ឡើយ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]