ប្រេស៊ីល៖ យោងតាមសហព័ន្ធបាល់ទាត់ប្រេស៊ីល កាលពីម្សិលមិញបានឲ្យដឹងថា ក្រុមជម្រើសជាតិប្រេស៊ីល នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្តរជាតិមួយ ជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី នាថ្ងៃទី២៥ ខែមករា ឆ្នាំក្រោយនេះ ដើម្បីប្រមូលប្រាក់មូលនិធិ ជួយដល់ក្លិប Chapecoense ដែលជួបឧប្បទ្ទវហេតុធ្លាក់យន្ត កាលពីចុងខែវិច្ឆិកាកន្លងទៅ។

ក្រុមជម្រើសជាតិទាំង២នេះ បានព្រមព្រៀងគ្នារួចរាល់ហើយ ដើម្បីប៉ះគ្នានៅឆ្នាំក្រោយ នៅក្នុងកីឡដ្ឋាន Estadio Nilton Santos ដែលជាទីលានទទួលការប្រកួតកីឡាអូឡាំពិក កាលពីរដូវកន្លងទៅនេះ។

គួររំលឹកឡើងវិញផងដែរថា ក្លិប Chapecoense បានជួបឧប្បទ្ទវហេតុធ្លាក់យន្តហោះ ដ៏គួរឲ្យរន្ធត់នៅក្នុងប្រទេសកូឡុំប៊ី កាលពីចុងខែវិចិ្ឆកាកន្លងទៅ បណ្តាលឲ្យមនុស្សសរុប ៧១នាក់ស្លាប់បាត់បង់ជីវិត ដោយក្នុងនោះរួមបញ្ចូលទាំងកីឡាកររបស់ក្លិបស្ទើរតែទាំងអស់ផងដែរ។ មូលហេតុនេះហើយ ទើបសហព័ន្ធបាល់ទាត់ប្រចាំប្រទេសប្រេស៊ីល បានសម្រេចឲ្យមានការប្រកួតនេះឡើង ដើម្បីធ្វើការឧទ្ទិស និងប្រមូលជាប្រាក់ ដែលទទួលបានពីការលក់សំបុត្រជួយដល់ក្លិប។

ទាក់ទងនឹងជំនួបមិត្តភាពអន្តរជាតិនេះដែរ អ្នកគ្រប់គ្រងក្នុងក្រុមជម្រើសជាតិប្រេស៊ីលបានបញ្ជាក់ឲ្យដឹងថា « នេះគឺជាការប្រកួតដ៏ពិសេសមួយ ដូច្នេះហើយយើងនឹងជ្រើសរើសកីឡាករណាដែលមិនសូវមានឱកាសបានលេង ឲ្យពួកគេបញ្ចេញសមត្ថភាព ក្នុងការប្រកួតនាពេលខាងមុខនេះ»

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ក្លិបបាល់ទាត់ប្រេស៊ីល ដែលជួបឧប្បទ្ទវហេតុធ្លាក់យន្តហោះ ត្រូវបានប្រសិទ្ធនាម ជាជើងឯកដោយស្វ័យប្រវត្តិ។ ក្លិប Chapecoense របស់ប្រទេសប្រេស៊ីល ត្រូវបានប្រសិទ្ធនាមជាជើងឯកនៃពានរង្វាន់ Copa Sudamericana ដោយស្វ័យប្រវត្តិ បន្ទាប់ពីជួបគ្រោះឧប្បទ្ទវហេតុធ្លាក់យន្តហោះកាលពីសប្តាហ៍មុន ធ្វើឲ្យសមាជិកក្នុងក្រុមស្ទើរតែទាំងអស់ បានស្លាប់បាត់បង់ជីវិត ក្នុងខណៈពេលហោះទៅប្រកួតវគ្គផ្តាច់ព្រ័តនៅប្រទេសកូឡុំប៊ី។

តាមប្រភពសារព័ត៌មានឌេលីម៉ែល បានឲ្យដឹងថា សហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាងត្បូង បានធ្វើការសម្រេចជាផ្លូវការ ក្នុងការប្រគល់ពានរង្វាន់នេះទៅឲ្យក្លិប Chapecoense ផងដែរ ខណៈ ក្លិប Atletico Nacional ដែលជាដៃគូប្រកួតវគ្គផ្តាច់ព្រ័ត ជាអ្នកស្នើសុំសហព័ន្ធឲ្យមានការសម្រេចចិត្តនេះ។ មួយវិញទៀត Atletico Nacional ក៏ត្រូវបានសហព័ន្ធលើកទឹកចិត្តផងដែរ ជាមួយនឹងពានរង្វាន់ Fair Play នៅក្នុងព្រឹត្តការណ៍ពានរង្វាន់នេះ។

ក្នុងការប្រសិទ្ធនាមក្លិប Chapecoense ជាជើងឯកនៃពានរង្វាន់នេះ មានន័យថា ក្លិបនឹងបានឡើងទៅលេងក្នុងពានរង្វាន់ Copa Libertadores នៅរដូវកាលក្រោយដោយស្វ័យប្រវត្តិ ដែលជាពានរង្វាន់បាល់ទាត់កំពូលរបស់ទ្វីបអាមេរិកខាងត្បូង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]