ប្រេស៊ីល៖ ក្លិប Chapecoense របស់ប្រទេសប្រេស៊ីល ត្រូវបានប្រសិទ្ធនាមជាជើងឯកនៃពានរង្វាន់ Copa Sudamericana ដោយស្វ័យប្រវត្តិ បន្ទាប់ពីជួបគ្រោះឧប្បទ្ទវហេតុធ្លាក់យន្តហោះកាលពីសប្តាហ៍មុន ធ្វើឲ្យសមាជិកក្នុងក្រុមស្ទើរតែទាំងអស់ បានស្លាប់បាត់បង់ជីវិត ក្នុងខណៈពេលហោះទៅប្រកួតវគ្គផ្តាច់ព្រ័តនៅប្រទេសកូឡុំប៊ី។

តាមប្រភពសារព័ត៌មានឌេលីម៉ែល បានឲ្យដឹងថា សហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាងត្បូង បានធ្វើការសម្រេចជាផ្លូវការ ក្នុងការប្រគល់ពានរង្វាន់នេះទៅឲ្យក្លិប Chapecoense ផងដែរ ខណៈ ក្លិប Atletico Nacional ដែលជាដៃគូប្រកួតវគ្គផ្តាច់ព្រ័ត ជាអ្នកស្នើសុំសហព័ន្ធឲ្យមានការសម្រេចចិត្តនេះ។ មួយវិញទៀត Atletico Nacional ក៏ត្រូវបានសហព័ន្ធលើកទឹកចិត្តផងដែរ ជាមួយនឹងពានរង្វាន់ Fair Play នៅក្នុងព្រឹត្តការណ៍ពានរង្វាន់នេះ។

ក្នុងការប្រសិទ្ធនាមក្លិប Chapecoense ជាជើងឯកនៃពានរង្វាន់នេះ មានន័យថា ក្លិបនឹងបានឡើងទៅលេងក្នុងពានរង្វាន់ Copa Libertadores នៅរដូវកាលក្រោយដោយស្វ័យប្រវត្តិ ដែលជាពានរង្វាន់បាល់ទាត់កំពូលរបស់ទ្វីបអាមេរិកខាងត្បូង។

គួរបញ្ជាក់ផងដែរថា ក្លិប Chapecoense មិនមានការរំសាយក្រុមនោះទេ ថ្វីត្បិតតែបាត់បង់កីឡាករសឹងតែទាំងអស់យ៉ាងណាក៏ដោយ ប៉ុន្តែក្លិបត្រូវបានផ្តល់សិទ្ធឲ្យខ្ចីកីឡាករផ្សេងៗពីក្លិបខាងក្រៅផងដែរ៕ 

ប្រភព៖ Dailymail

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  Ronaldinho ស្ម័គ្រចិត្តលេងឲ្យក្លិប Chapecoense ដែលជួបឧប្បទ្ទវហេតុធ្លាក់យន្តហោះ ដោយមិនយកកម្រៃទាំងអស់។ ខ្សែបំរើជើងចាស់ Ronaldinho ដែលបានសម្រេចចិត្តចូលនិវត្តន៍កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងការពិចារណា ស្ម័គ្រចិត្តចូលលេងវិញ ឲ្យក្លិប Chapecoense ដែលជួបឧប្បទ្ទវហេតុធ្លាក់យន្តហោះ កាលពីថ្ងៃទី២៩កន្លងទៅនេះ បណ្តាលឲ្យបាត់បង់ជីវិតកីឡាករចំនួន ១៩នាក់ ពោលគឺសឹងតែទាំងអស់ក្នុងក្រុម។

យោងតាមសារព័ត៌មានឌេលីម៉ែល បានចុះផ្សាយឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងដ៏គួរឲ្យរន្ធត់នេះ អតីតខ្សែបំរើរបស់ក្លិប Barcelona កីឡាករ Ronaldinho សុខចិត្តវិលត្រលប់ចូលទីលានវិញ លេងឲ្យក្លិប Chapecoense ដោយមិនយកម្រៃ ឬប្រាក់ឈ្នួលអ្វីទាំងអស់ ស្របពេលដែលក្លិបកំពុងខ្វះធនធានកីឡាករស្រាប់។

ដូចគ្នានេះដែរ អតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Juan Roman Riquelme ក៏កំពុងស្ថិតក្នុងការពិចារណា ដើម្បីស្ម័គ្រចិត្តមកលេងឲ្យក្លិប Chapecoense ដែលបានបាត់បង់កីឡាករអស់ជាច្រើននាក់នេះផងដែរ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]