ប្រេស៊ីល៖ ខ្សែបំរើជើងចាស់ Ronaldinho ដែលបានសម្រេចចិត្តចូលនិវត្តន៍កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងការពិចារណា ស្ម័គ្រចិត្តចូលលេងវិញ ឲ្យក្លិប Chapecoense ដែលជួបឧប្បទ្ទវហេតុធ្លាក់យន្តហោះ កាលពីថ្ងៃទី២៩កន្លងទៅនេះ បណ្តាលឲ្យបាត់បង់ជីវិតកីឡាករចំនួន ១៩នាក់ ពោលគឺសឹងតែទាំងអស់ក្នុងក្រុម។

យោងតាមសារព័ត៌មានឌេលីម៉ែល បានចុះផ្សាយឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងដ៏គួរឲ្យរន្ធត់នេះ អតីតខ្សែបំរើរបស់ក្លិប Barcelona កីឡាករ Ronaldinho សុខចិត្តវិលត្រលប់ចូលទីលានវិញ លេងឲ្យក្លិប Chapecoense ដោយមិនយកម្រៃ ឬប្រាក់ឈ្នួលអ្វីទាំងអស់ ស្របពេលដែលក្លិបកំពុងខ្វះធនធានកីឡាករស្រាប់។

ដូចគ្នានេះដែរ អតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Juan Roman Riquelme ក៏កំពុងស្ថិតក្នុងការពិចារណា ដើម្បីស្ម័គ្រចិត្តមកលេងឲ្យក្លិប Chapecoense ដែលបានបាត់បង់កីឡាករអស់ជាច្រើននាក់នេះផងដែរ។ 

យោងតាមភ្នាក់ងាររបស់កីឡាករ Ronaldinho លោក Roberto Assis បានឲ្យដឹងថា «វាគឺជាពេលដ៏ពិបាកសម្រាប់ក្លិប ប៉ុន្តែប្រសិនជាមានការទាក់ទង នោះយើងអាចនឹងពិភាក្សាគ្នាបាន» ។ Assis បានបន្តទៀតថា «ពួកយើងរងចាំឆ្លើយតបគ្រប់ពេលវេលា ប្រសិនជាពួកគេត្រូវការយើង ហើយ Ronaldinho គឺជាកីឡាករដែលសាកសមបំផុត។ ប៉ុន្តែបច្ចុប្បន្ននេះ យើងគួរណាព្រួយបារម្ភ ចំពោះគ្រួសារជនរងគ្រោះសិន ពីព្រោះយើងគឺជាជនជាតិប្រេស៊ីលដូចគ្នា»

គួរបញ្ជាក់ផងដែរថា ទន្ទឹមនឹងការបាត់បង់សមាជិកអស់ជាច្រើននាក់នេះ បច្ចុប្បន្ន Chapecoense កំពុងត្រៀមស្ថាបនាក្លិបឡើងវិញ ខណៈកាលវិភាគនៃការប្រកួត នឹងត្រូវបានរៀបចំនៅក្នុងអំឡុងពេលខាងមុខនេះ៕ 

ប្រភព៖ Dailymail

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  មួយសប្តាហ៍មុនធ្លាក់យន្តហោះ កីឡាករប្រេស៊ីលម្នាក់ ទទួលដំណឹងថាខ្លួន ជិតក្លាយជាឪពុកគេ។ សារព័ត៌មាន CNN បានចុះផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា រយៈពេលមួយសប្តាហ៍ មុនហេតុការណ៍ធ្លាក់យន្តហោះនៅកូឡំប៊ីបានកើតឡើង មានកីឡាករម្នាក់បានទទួលដំណឹងពីប្រពន្ធរបស់ខ្លួនថា ជិតក្លាយជាឪពុកគេហើយ ហើយរូបគេស្ថិតនៅក្នុងចំណោម ក្រុមកីឡាករដែលស្លាប់សឹងមួយយន្តហោះនោះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅប្រទេសកូឡំប៊ី ដែលមានកីឡាករមកពីក្រុម Chapecoense បានស្លាប់នោះ មានកីឡាករម្នាក់ ឈ្មោះTiago Da Rocha Vieira ទើបបានទទួលដំណឹង កាលពីសប្តាហ៍មុន ពីភរិយារបស់ខ្លួនថា នាងកំពុងមានផ្ទៃពោះកូនដំបូង ធ្វើឱ្យកីឡាកររូបនេះត្រេកអរជាខ្លាំង ។

តាមរយៈវីដេអូមួយដែលបានបង្ហោះកាលពីសប្តាហ៍មុន នៅលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញ កីឡាករបាល់ទាត់ប្រេស៊ីល Tiago Da Rocha Vieira កំពុងអង្គុយលេងទូរស័ព្ទ ស្រាប់តែមិត្តរួមក្រុមរបស់ខ្លួនយកកាដូមកឱ្យដោយប្រាប់ថា នាង Graziele ជាភរិយាផ្ញើមកឱ្យ។

ភ្លាមៗបន្ទាប់ពី Tiago Da Rocha Vieira បានបើកមើលសំបុត្រតូចមួយនៅក្នុងកាដូនោះ រួមទាំងឃើញមានស្បែកជើងកូនក្មេង Tiago ក៏ភ្ញាក់ផ្អើលជាខ្លាំង ដោយបានដឹងថាខ្លួនជិតក្លាយជាឪពុកគេហើយ ដោយនោះជាផ្ទៃពោះលើកដំបូង ហើយកូនក្នុងផ្ទៃរបស់ Graziele ជាកូនប្រុស ថែមទៀតផង។

តាមរយៈវីដេអូនោះ បានបង្ហាញទៀតថា Tiago បានស្រែកហ៊ោដោយក្តីរីករាយ ហើយលោតហ៊ោជាមួយមិត្តភក្តិកីឡាកររួមក្រុមរបស់ខ្លួននៅទីនោះ។ ប៉ុន្តែក្តីរំភើបរីករាយទាំងនោះ បានរលាយអស់គ្មានសល់ ត្រឹមមួយប៉ព្រិចភ្នែក ដោយសាររូបគេបានបាត់បង់ជីវិត ទាំងមិនទាន់បានឃើញមុខកូនផង ដែលជារឿងដ៏ខ្លោចចិត្តបំផុត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]