កូឡំប៊ី៖ សារព័ត៌មាន CNN បានចុះផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា រយៈពេលមួយសប្តាហ៍ មុនហេតុការណ៍ធ្លាក់យន្តហោះនៅកូឡំប៊ីបានកើតឡើង មានកីឡាករម្នាក់បានទទួលដំណឹងពីប្រពន្ធរបស់ខ្លួនថា ជិតក្លាយជាឪពុកគេហើយ ហើយរូបគេស្ថិតនៅក្នុងចំណោម ក្រុមកីឡាករដែលស្លាប់សឹងមួយយន្តហោះនោះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅប្រទេសកូឡំប៊ី ដែលមានកីឡាករមកពីក្រុម Chapecoense បានស្លាប់នោះ មានកីឡាករម្នាក់ ឈ្មោះTiago Da Rocha Vieira ទើបបានទទួលដំណឹង កាលពីសប្តាហ៍មុន ពីភរិយារបស់ខ្លួនថា នាងកំពុងមានផ្ទៃពោះកូនដំបូង ធ្វើឱ្យកីឡាកររូបនេះត្រេកអរជាខ្លាំង ។

តាមរយៈវីដេអូមួយដែលបានបង្ហោះកាលពីសប្តាហ៍មុន នៅលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញ កីឡាករបាល់ទាត់ប្រេស៊ីល Tiago Da Rocha Vieira កំពុងអង្គុយលេងទូរស័ព្ទ ស្រាប់តែមិត្តរួមក្រុមរបស់ខ្លួនយកកាដូមកឱ្យដោយប្រាប់ថា នាង Graziele ជាភរិយាផ្ញើមកឱ្យ។

ភ្លាមៗបន្ទាប់ពី Tiago Da Rocha Vieira បានបើកមើលសំបុត្រតូចមួយនៅក្នុងកាដូនោះ រួមទាំងឃើញមានស្បែកជើងកូនក្មេង Tiago ក៏ភ្ញាក់ផ្អើលជាខ្លាំង ដោយបានដឹងថាខ្លួនជិតក្លាយជាឪពុកគេហើយ ដោយនោះជាផ្ទៃពោះលើកដំបូង ហើយកូនក្នុងផ្ទៃរបស់ Graziele ជាកូនប្រុស ថែមទៀតផង។

តាមរយៈវីដេអូនោះ បានបង្ហាញទៀតថា Tiago បានស្រែកហ៊ោដោយក្តីរីករាយ ហើយលោតហ៊ោជាមួយមិត្តភក្តិកីឡាកររួមក្រុមរបស់ខ្លួននៅទីនោះ។ ប៉ុន្តែក្តីរំភើបរីករាយទាំងនោះ បានរលាយអស់គ្មានសល់ ត្រឹមមួយប៉ព្រិចភ្នែក ដោយសាររូបគេបានបាត់បង់ជីវិត ទាំងមិនទាន់បានឃើញមុខកូនផង ដែលជារឿងដ៏ខ្លោចចិត្តបំផុត។

គួររំឮកថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ យន្តហោះដឹងអ្នកដំណើរមួយគ្រឿង ដែលមានអ្នកដំណើរសរុបចំនួន ៧៧នាក់ ដោយក្នុងនោះភាគច្រើនជាសមាជិកក្រុមបាល់ទាត់ នៃក្លិបរបស់ប្រេស៊ីល Chapecoense បានធ្លាក់នៅក្នុងប្រទេសកូឡំប៊ី បណ្តាលឲ្យមនុស្ស ចំនួន៧២នាក់ស្លាប់ និង៥នាក់នៅរស់ កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]