ភ្នំពេញ៖ ព័ត៌មានសាយភាយពេញបណ្តាញសង្គម អំពីពិធីការិនីកញ្ញា ឯក សុជាតា ហៅសាសា ត្រូវបានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មីចេញសេចក្តីជូនដំណឹង ប្រកាសអញ្ជើញឲ្យចូលខ្លួនមកដោះស្រាយជាមួយគ្រឹះស្ថានជាបន្ទាន់ពាក់ព័ន្ធនឹងករណី ដែលកញ្ញាមិនបានបំពេញកាតព្វកិច្ចជាភាគីកូនបំណុលជូនគ្រឹះស្ថាន។

ការប្រកាសនេះធ្វើឡើង តាមរយៈការបង្ហោះផ្សាយនៅលើទំព័រហ្វេសប៊ុកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ និងមិនដល់១៥នាទីក្រោយពីបង្ហោះផង ត្រូវបានលុបចោលវិញភ្លាមៗ ព្រោះទំនងជាភាគីទាំងសងខាងបានសម្របសម្រួលគ្នារួចស្រេចអស់ហើយ តែចៃដន្យអ្វីនេះជាសម័យបច្ចេកវិទ្យាលឿនដូចរន្ទះបាញ់ ក៏បានទាក់ភ្នែកដល់វេបសាយព័ត៌មានក្នុងស្រុកមួយចំនួនតូច យកទៅបង្ហោះផ្សព្វផ្សាយបន្តភ្លាមៗ រឹតតែរុញច្រានដំណឹងនោះ ផ្ទុះអណ្តែតទៅទើរលើចុងអណ្តាតមហាជនគន្លាស់សើចចំអកផង និងខ្លះទៀតភ្ញាក់ផ្អើលផង ហើយព័ត៌មាននេះកំពុងក្លាយជាចំណោទសម្រាប់មហាជន ដែលលើកឡើងថាតើនាងជាកូនអ្នកមានធូរធារដែរ តែបែរជាមកត្រូវជាប់បំណុលគេដូចនេះទៅវិញ?

ភ្ជាប់នឹងដំណឹងរសើបដែលបានលេចលឺខាងលើ សារព័ត៌មានមួយចំនួនបានព្យាយាមទាក់ទងទៅនាងដែរ ដោយមានខ្លះនាងមិនលើកទទួល និងខ្លះត្រូវចុចបិទវិញ ហាក់ដូចជាខុសគ្នាកាលពីលើកមុន គ្រាដែលនាងមានរឿងជាមួយលោកឧកញ៉ាម្នាក់រហូតដល់កើតមានការប្រើអំពើហិង្សានោះ។

យ៉ាងណាមិញ សារភាពតាមប្រព័ន្ធអេឡិចត្រូនិចតាមន័យបញ្ឈៀង ទំនងជាសាសា មានការអាក់អន់ស្រពន់ចិត្តជាមួយនឹងសារព័ត៌មានមួយចំនួន ដែលមានចេតនាយករឿងឯកជនរបស់ខ្លួនទៅចុះផ្សាយយ៉ាងឆាប់រហ័សបំផុត ទើបនាងហាក់ដូចជាស្រងាកចិត្តមិនចង់ផ្តល់ការបកស្រាយអ្វីបន្ថែមទៀតដែរ។ ក្នុងភាពអំណត់មិនតបតតាមភាសាខន្តី សាសា នៅថ្ងៃនេះបានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុករបស់នាងថា «បើជ្រុលតែផ្សាយហើយ មិនបាច់ទូរសព្ទសួរទេ លោកបងសារព័ត៌មាន មានសិទ្ធិមិនបាច់គោរពសិទ្ធិបុគ្គលទេ ផ្សាយចុះបងៗ តាមសម្រួល!»។

ធៀបនឹងការជាប់ចំណារពាក្យនិន្ទាមើលស្រាលពីមហាជនមួយចំនួន គេសង្កេតឃើញថា មិនសូវមានអ្នកចាប់អារម្មណ៍ និងឲ្យតម្លៃលើការរកប្រាក់ទិញរថយន្តតាមសមត្ថភាពផ្ទាល់ខ្លួនរបស់នាងប៉ុន្មានឡើយ ទោះជារូបនាងបានដាក់ឈ្មោះខ្លួនឯងជាអ្នករ៉ាប់រងរកប្រាក់បង់បំណុលរថយន្ត ស៊េរីទំនើបម៉ាក Porshe ពីសេវាមីក្រូហិរញ្ញវត្ថុក៏ដោយ ខណៈដែលនរណាៗក៏គេដឹងថានាងជាកូនស្រីរបស់លោកឧកញ៉ា អ៊ុត ធី ដែរ។ ក្នុងនោះលោកឧកញ៉ា អ៊ុត ធី បានប្រាប់សារព័ត៌មានក្នុងស្រុកឲ្យដឹងថា លោកក៏មិនបានដឹងថារឿងហ្នឹងយ៉ាងម៉េចដែរ  ជារឿងរបស់ភាគីទាំងពីរដោះស្រាយ ហើយក្រុមហ៊ុនគេជូនដំណឹងដើម្បី​អោយភាគី​​ម្ខាង​ទៀត​បានដឹង​​​​ ហើយ​ចូលដោះស្រាយ​ប៉ុណ្ណោះ ​ដូច​ជា​មិន​មែនឲ្យផ្អើល​អ៊ីចឹងទេ

បើទោះបីជាយ៉ាងនេះក្តី ព័ត៌មានដែលសាសា ត្រូវមីក្រូហិរញ្ញវត្ថុពិភពថ្មីប្រកាសតាមហ្វេសប៊ុក អញ្ជើញឲ្យចូលខ្លួនដើម្បីបំពេញកាតព្វកិច្ចកូនបំណុល ហាក់បីដូចជាមានភាពរំជើបរំជួលខ្លាំងពីសំណាក់អ្នកនិយមលេងហ្វេសប៊ុក។  ដោយឡែក តើនេះសបញ្ជាក់ថាសង្គមយើងមានភាពខ្មាសអៀនក្នុងការទិញអ្វីមួយតាមការបង់រំលស់? យើងក៏មិនអាចដឹងបានដែរ  តែបើយើងក្រឡេកទៅមើលប្រទេសជឿនលឿន ប្រជាជនគេភាគច្រើន និយមការបង់រំលស់នេះណាស់ ព្រោះអាចសម្រាលបន្ទុកចំណាយ និងអាចយកប្រាក់មួយផ្នែកទៅវិនិយោគអ្វីផ្សេង ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមជាដើម៕

បើមានព័ត៌មានបន្ថែម ខ្មែរឡូតនឹងផ្សាយជូននៅពេលបន្ទាប់...

នេះជាសារដែលត្រូវបានលុបចោល មិនដល់១៥នាទី ក្រោយការបង្ហោះ៖

នេះជាប្រតិកម្មរបស់សាសា កាលពីព្រឹកមិញ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាសា