ប្រេស៊ីល៖ Alan Ruschel ជាកីឡាករមួយរូបទៀតរបស់ក្លិប Chapecoense ដែលជួបឧប្បទ្ទវហេតុធ្លាក់យន្តហោះ កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ បានជាសះស្បើយ ចេញពីមន្ទីរពេទ្យវិញហើយ ក្រោយពីមានសំណាងនៅរស់រានមានជីវិត ខណៈមនុស្សជាង៧០នាក់ទៀតបានស្លាប់បាត់បង់ជីវិត។

ខ្សែការពារវ័យ ២៧ឆ្នាំរូបនេះ ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ ហើយថែមទាំងបាននិយាយក្នុងសន្និសីទជាលើកដំបូងទាំងទឹកភ្នែកផងដែរ អំពីហេតុការណ៍ដែលបានកើតឡើង  បណ្តាលឲ្យមិត្តរួមក្រុមរបស់គាត់ ស្ទើរទាំងអស់ស្លាប់បាត់បង់ជីវិតបែបនេះ។ មួយវិញទៀត កីឡាកររូបនេះ ក៏បានបញ្ជាក់ពីមូលហេតុ ដែលលោកជឿថាជាសំណាងមួយដែលអាចឲ្យលោកនៅរស់ទៀតផង។

កីឡាកររូបនេះបានបញ្ជាក់ឲ្យដឹងថា ដោយសារតែគាត់ បានប្តូរកន្លែងអង្គុយនៅក្នុងយន្តហោះ ទើបគាត់អាចមានសំណាងនៅរស់បែបនេះ។ ខ្សែការពាររូបនេះ បានលម្អិតបន្ថែមទៀតថា «កៅអីអង្គុយខាងក្រោយសុទ្ធសឹងតែជាអ្នកកាសែត ដូច្នេះហើយ ទើបប្រធានក្លិបមកប្រាប់ខ្ញុំឲ្យទៅអង្គុយខាងមុខវិញ ដើម្បីឲ្យអ្នកកាសែតបានអង្គុយជុំគ្នា នៅខាងក្រោយ។ ដំបូងឡើយខ្ញុំមិនចង់អង្គុយខាងមុខទេ ប៉ុន្តែ អ្នកចាំទី Jackson Follman បានទទូចឲ្យខ្ញុំទៅអង្គុយជិតគាត់នៅខាងមុខ»

Alan Ruschel ដែលរួចជីវិតពីឧប្បទ្ទវហេតុធ្លាក់យន្តហោះ បានបន្តទៀតថា «មានតែព្រះទេ ដែលដឹងមូលហេតុពិតប្រាកដ ហើយព្រះពិតជាបានផ្តល់ឱកាសឲ្យខ្ញុំសាជាថ្មី» ។  

គួរបញ្ជាក់ផងដែរថា ទាំងកីឡាករ Alan Ruschel និងអ្នកចាំទី Jackson Follman សុទ្ធតែមានសំណាងនៅរស់ដូចគ្នា ខណៈស្ថានភាពរបស់អ្នកចាំទី Jackson មិនទាន់ល្អនៅឡើយ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផ្សេងមួយទៀត នៅក្នុងប្រទេសប្រេស៊ីល ដើម្បីព្យាបាលបន្តផងដែរ។

ទន្ទឹមនឹងការបាត់បង់ជីវិតស្ទើរទាំងក្រុមបែបនេះ ខ្សែការពារ Alan Ruschel បានបន្ថែមនៅក្នុងសន្និសីទកាសែតទៀតថា «ខ្ញុំពិតជាមិនចងចាំអ្វីទាំងអស់នៅពេលដែលជួបគ្រោះថា្នក់។ ប៉ុន្តែនៅពេលដែលគេប្រាប់ខ្ញុំពីហេតុការណ៍នេះបន្តិចម្តងៗ វាប្រៀបដូចជាសុបិនអាក្រក់មួយសម្រាប់ខ្ញុំចឹង។ ខ្ញុំបានព្យាយាមគេចវេស និងមិននិយាយពីគ្រោះថ្នាក់ដ៏អាក្រក់នេះ ប៉ុន្តែនៅពេលដែលគេប្រាប់ខ្ញុំជាច្រើននាក់បែបនេះ ខ្ញុំក៏យល់ថា គ្រោះថ្នាក់ដែលបានកើតឡើងនេះ គឺដោយសារតែផ្នែកខាងពីឡុត ដែលជាអ្នកបញ្ជាយន្តហោះនេះ»

បើទោះបីជាយ៉ាងណាក៏ដោយ ខ្សែការពារវ័យ២៧ឆ្នាំ Alan Ruschel បានសន្យានឹងវិលទៅប្រទេសកូឡុំប៊ីម្តងទៀត ដើម្បទៅអរគុណក្រុមគ្រូពេទ្យដែលបានជួយសង្គ្រោះជីវិតរបស់ខ្លួន៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កីឡាករដែលរួចជីវិត ពីឧប្បទ្ទវហេតុធ្លាក់យន្តហោះ ដឹងខ្លួនវិញហើយ... ពាក្យដំបូងដែលគេនិយាយនោះ ពិតជានឹកស្មានមិនដល់។ ក្រោយពីជួបឧប្បទ្ទវហេតុធ្លាក់យន្តហោះដ៏គួរឲ្យរន្ធត់ នៅប្រទេសកូឡុំប៊ី កាលពីចុងខែវិច្ឆិកាកន្លងទៅ កីឡាករមួយរូប ដែលត្រូវបានគេស្គាល់ថា ជាខ្សែការពាររបស់ក្លិប Chapecoense បានដឹងខ្លួនវិញហើយ បន្ទាប់ពីសន្លប់មិនដឹងខ្លួនអស់រយៈពេលជាច្រើនសប្តាហ៍។

កីឡាករ Helio Neto ជាខ្សែការពាររបស់ក្លិប Chapecoense ក្រោយជួបឧប្បទ្ទវហេតុដ៏គួរឲ្យរន្ធត់នេះ ទីបំផុត បានដឹងខ្លួនវិញ ហើយអ្វីដែលនឹកស្មានមិនដល់នោះគឺ ពាក្យដំបូងបំផុត ដែលកីឡាកររូបនេះ និយាយទៅកាន់គ្រូពេទ្យក្រោយដឹងពីខ្លួនវិញថា «តើក្លិបណាជាជើងឯកពានរង្វាន់ South American Championship?» ។ 

ម៉្យាងវិញទៀត ខ្សែការពារវ័យ៣១ឆ្នាំរូបនេះ បានភ័នភាំងខ្លួនឯងថា ហេតុអ្វីរូបគេមិនបានចូលប្រកួតវគ្គផ្តាច់ព្រ័ត បែរជាមកត្រូវដេកក្នុងមន្ទីរពេទ្យទៅវិញ ដែលរឿងនេះបានធ្វើឲ្យគ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបានសន្និដ្ឋានថា កីឡាកររូបនេះ បានបាត់បង់ការចងចាំពីទិដ្ឋភាពនៃឧប្បទ្ទវហេតុ ដែលគេបានជួបប្រទះ។

គ្រូពេទ្យបានបញ្ជាក់ទៀតថា នេះក៏ជារឿងល្អដែរសម្រាប់កីឡាកររូបនេះ ព្រោះបើយើងប្រាប់ពីហេតុការណ៍ដ៏អាក្រក់នៅពេលនេះ វាអាចនឹងធ្វើឲ្យកីឡាកររូបនេះឈឺចាប់មិនអាចទទួលយកបាន ខណៈដែលរូបគេទើបតែដឹងខ្លួន ហើយមានអាការៈល្អប្រសើរ។

គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះ បានឆ្លងកាត់ការវះកាត់អស់ច្រើនផ្នែកនៃដងខ្លួន ដូចជាថ្លើម ជង្គង់ និងកដៃ ប៉ុន្តែត្រូវបានគ្រូពេទ្យប្រាប់ និងធានាថា គេអាចលេងបាល់ទាត់វិញបាន ដើម្បីជាការលើកទឹកចិត្តដល់កីឡាកររូបនេះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]