ប្រេស៊ីល៖ ក្រោយពីជួបឧប្បទ្ទវហេតុធ្លាក់យន្តហោះដ៏គួរឲ្យរន្ធត់ នៅប្រទេសកូឡុំប៊ី កាលពីចុងខែវិច្ឆិកាកន្លងទៅ ថ្មីៗនេះមានកីឡាករមួយរូប ដែលត្រូវបានគេស្គាល់ថា ជាខ្សែការពាររបស់ក្លិប Chapecoense បានដឹងខ្លួនវិញហើយ បន្ទាប់ពីសន្លប់មិនដឹងខ្លួនអស់រយៈពេលជាច្រើនសប្តាហ៍។

កីឡាករ Helio Neto ជាខ្សែការពាររបស់ក្លិប Chapecoense ក្រោយជួបឧប្បទ្ទវហេតុដ៏គួរឲ្យរន្ធត់នេះ ទីបំផុត បានដឹងខ្លួនវិញ ហើយអ្វីដែលនឹកស្មានមិនដល់នោះគឺ ពាក្យដំបូងបំផុត ដែលកីឡាកររូបនេះ និយាយទៅកាន់គ្រូពេទ្យក្រោយដឹងពីខ្លួនវិញថា «តើក្លិបណាជាជើងឯកពានរង្វាន់ South American Championship?» ។  

ម៉្យាងវិញទៀត ខ្សែការពារវ័យ៣១ឆ្នាំរូបនេះ បានភ័នភាំងខ្លួនឯងថា ហេតុអ្វីរូបគេមិនបានចូលប្រកួតវគ្គផ្តាច់ព្រ័ត បែរជាមកត្រូវដេកក្នុងមន្ទីរពេទ្យទៅវិញ ដែលរឿងនេះបានធ្វើឲ្យគ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបានសន្និដ្ឋានថា កីឡាកររូបនេះ បានបាត់បង់ការចងចាំពីទិដ្ឋភាពនៃឧប្បទ្ទវហេតុ ដែលគេបានជួបប្រទះ។

គ្រូពេទ្យបានបញ្ជាក់ទៀតថា នេះក៏ជារឿងល្អដែរសម្រាប់កីឡាកររូបនេះ ព្រោះបើយើងប្រាប់ពីហេតុការណ៍ដ៏អាក្រក់នៅពេលនេះ វាអាចនឹងធ្វើឲ្យកីឡាកររូបនេះឈឺចាប់មិនអាចទទួលយកបាន ខណៈដែលរូបគេទើបតែដឹងខ្លួន ហើយមានអាការៈល្អប្រសើរ។

គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះ បានឆ្លងកាត់ការវះកាត់អស់ច្រើនផ្នែកនៃដងខ្លួន ដូចជាថ្លើម ជង្គង់ និងកដៃ ប៉ុន្តែត្រូវបានគ្រូពេទ្យប្រាប់ និងធានាថា គេអាចលេងបាល់ទាត់វិញបាន ដើម្បីជាការលើកទឹកចិត្តដល់កីឡាកររូបនេះ៕ 

កំណត់ហេតុខ្មែរឡួត៖ 

គួររំលឹកព័ត៌មានចាស់លើកមុនផងដែរថា មួយសប្តាហ៍មុនធ្លាក់យន្តហោះ កីឡាករប្រេស៊ីលម្នាក់ ទទួលដំណឹងថាខ្លួន ជិតក្លាយជាឪពុកគេ។ សារព័ត៌មាន CNN បានចុះផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា រយៈពេលមួយសប្តាហ៍ មុនហេតុការណ៍ធ្លាក់យន្តហោះនៅកូឡំប៊ីបានកើតឡើង មានកីឡាករម្នាក់បានទទួលដំណឹងពីប្រពន្ធរបស់ខ្លួនថា ជិតក្លាយជាឪពុកគេហើយ ហើយរូបគេស្ថិតនៅក្នុងចំណោម ក្រុមកីឡាករដែលស្លាប់សឹងមួយយន្តហោះនោះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅប្រទេសកូឡំប៊ី ដែលមានកីឡាករមកពីក្រុម Chapecoense បានស្លាប់នោះ មានកីឡាករម្នាក់ ឈ្មោះTiago Da Rocha Vieira ទើបបានទទួលដំណឹង កាលពីសប្តាហ៍មុន ពីភរិយារបស់ខ្លួនថា នាងកំពុងមានផ្ទៃពោះកូនដំបូង ធ្វើឱ្យកីឡាកររូបនេះត្រេកអរជាខ្លាំង ។

តាមរយៈវីដេអូមួយដែលបានបង្ហោះកាលពីសប្តាហ៍មុន នៅលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញ កីឡាករបាល់ទាត់ប្រេស៊ីល Tiago Da Rocha Vieira កំពុងអង្គុយលេងទូរស័ព្ទ ស្រាប់តែមិត្តរួមក្រុមរបស់ខ្លួនយកកាដូមកឱ្យដោយប្រាប់ថា នាង Graziele ជាភរិយាផ្ញើមកឱ្យ។

ភ្លាមៗបន្ទាប់ពី Tiago Da Rocha Vieira បានបើកមើលសំបុត្រតូចមួយនៅក្នុងកាដូនោះ រួមទាំងឃើញមានស្បែកជើងកូនក្មេង Tiago ក៏ភ្ញាក់ផ្អើលជាខ្លាំង ដោយបានដឹងថាខ្លួនជិតក្លាយជាឪពុកគេហើយ ដោយនោះជាផ្ទៃពោះលើកដំបូង ហើយកូនក្នុងផ្ទៃរបស់ Graziele ជាកូនប្រុស ថែមទៀតផង។

តាមរយៈវីដេអូនោះ បានបង្ហាញទៀតថា Tiago បានស្រែកហ៊ោដោយក្តីរីករាយ ហើយលោតហ៊ោជាមួយមិត្តភក្តិកីឡាកររួមក្រុមរបស់ខ្លួននៅទីនោះ។ ប៉ុន្តែក្តីរំភើបរីករាយទាំងនោះ បានរលាយអស់គ្មានសល់ ត្រឹមមួយប៉ព្រិចភ្នែក ដោយសាររូបគេបានបាត់បង់ជីវិត ទាំងមិនទាន់បានឃើញមុខកូនផង ដែលជារឿងដ៏ខ្លោចចិត្តបំផុត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]