ភ្នំពេញ៖ ក្រុមហ៊ុនសាណូហ្វីកម្ពុជា បានដាក់សម្ពោធឱសថទឹកនោមផ្អែមថ្មី ឈ្មោះ Amaryl 4mg ចូលមកកាន់ទីផ្សារកម្ពុជា។

នៅសណ្ឋាគារភ្នំពេញ ជាមួយនឹងការចូលរួមពីអ្នកជំនាញ ថែទាំសុខភាពជាង ១០០ នាក់ អ្នកស្រីដាវធូង៉ា (Ms. Dao Thu Nga) នាយកគ្រប់គ្រងក្រុមហ៊ុន សាណូហ្វី កម្ពុជា មានប្រសាសន៍ថា៖ “ក្នុងនាមជាក្រុមហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុនឱសថឈានមុខគេ សាណូហ្វីបានតាំងចិត្តថា នឹងនាំយកផលិតផលបច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតបនឹងតម្រូវការសុខាភិបាល របស់ប្រទេសកម្ពុជា។ ដូចដែលអ្នកបានដឹងហើយថា ជំងឺទឹកនោមផ្អែម ជាជំងឺដែលបានបង្កគ្រោះថ្នាក់ និងបណ្តាលឲ្យអ្នកជំងឺរាប់លាននាក់បាត់បង់ជីវិត នៅជុំវិញពិភពលោក។”

ប្រធានសមាគមន៍គ្រូពេទ្យទឹកនោមផ្អែម និងក្រពេញ កម្ពុជា លោកសាស្រ្តាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត កុយ វន្នី បានបកស្រាយពីបញ្ហាទូទៅនៃជំងឺទឹកនោមផ្អែមថា នៅទូទាំងពិភពលោកនា បច្ចុប្បន្ននេះ មានមនុស្សប្រមាណជា ៤០០លាននាក់ បានកើតជំងឺទឹកនោមផ្អែម ហើយនៅឆ្នាំ ២០៤០ អាចឡើងលើសពី ៦០០ លាននាក់។ ដូច្នេះលោកសន្និដ្ឋានថា មនុស្សនៅលើពិភពលោក រួមទាំងប្រជាជនកម្ពុជា អាចមានទំនាក់ទំនងទៅ នឹងជំងឺទឹកនោមផ្អែមកាន់់តែច្រើន។

លោកបានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាក៏ជាប្រទេសមួយ កំពុងប្រឈមនឹងជំងឺទឹកនោមផ្អែមព្រោះថា សេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើន ដែលនាំឲ្យប្រជាជនរស់នៅក្នុងបរិបទបរិបូរណ៍។ មនុស្សមានភាពងាយស្រួលក្នុង ការទទួលទាន ព្រោះអាហារមានភាពសំបូរបែប អាចរកបានរហ័ស និងងាយស្រួល ដែលនេះជាកត្តា ដែលមនុស្សងាយកើនឡើងនៃកាឡូរីនៅក្នុងខ្លួន ហើយការកើនឡើងនៃកាឡូរីនេះហើយ គឺជាផ្នែកនៃការបង្ក ឲ្យមានជំងឺទឹកនោមផ្អែម។

យោងតាមសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ ជំងឺទឹកនោមផ្អែម បានបណ្តាលឲ្យមនុស្ស ៥លាននាក់បាត់បង់ជីវិតនៅឆ្នាំ២០១៥។ រៀងរាល់ ៦វិនាទី មានមនុស្សម្នាក់ស្លាប់ដោយសារជំងឺទឹកនោមផ្អែម។ នៅប្រទេសកម្ពុជា យោងតាមការស្ទង់មតិSTEPS ដែលរៀបចំដោយក្រសួងសុខាភិបាលនៅឆ្នាំ២០១០ ករណីជំងឺទឹកនោមផ្អែមនៅប្រទេសកម្ពុជាគឺ ២,៣% នៅតំបន់ជនបទ និង ៥,៦% នៅទីទីប្រជុំជន (ប្រជាជនដែលចូលរួមក្នុងការសិក្សាមានអាយុចាប់ពី២៥ទៅ៦៤ឆ្នាំ)។ អត្រានៃជំងឺនេះកំពុងកើនឡើងជារៀងរាល់ឆ្នាំគួរឲ្យកត់សម្គាល់ និងព្រួយបារម្ភ។ ក្រុមមនុស្ស ដែលងាយរងគ្រោះជាងគេ គឺនៅចន្លោះអាយុ ៦៥-៦៩ឆ្នាំ ដែលមានការរាតត្បាតដល់ទៅ ៦% ហើយតួលេខទាំងនេះ កំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ចំពោះអ្នកដែលមិនទាន់យល់ច្បាស់នូវតួនាទីរបស់ Sulfonylureas ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម លោកសាស្រ្តាចារ្យជំនួយវេជ្ជបណ្ឌិត ទូច ឃុន គ្រូពេទ្យជំនាញខាងជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យព្រះកុសមៈ បានឲ្យដឹងថា យោងទៅតាមសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ ប្រទេសកម្ពុជា មានអាត្រាជំងឺទឹកនោមផ្អែមទាបជាងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត។ អ្នកស្រាវជ្រាវបាននិយាយថា មូលហេតុគឺមកពីប្រជាជនកម្ពុជាភាគច្រើនគឺស្ថិតក្នុងវ័យក្មេង និងយុវជន ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ ការស្រាវជ្រាវថ្មីៗបានអះអាងថា ការបង្អត់អាហារជារយៈពេលយូរ ដែលអ្នករស់នៅជំនាន់នោះបានឆ្លងកាត់ អាចនឹងប៉ះពាល់ដល់ហ្សែន ដែលពួកគេបន្តទៅឲ្យអ្នកជំនាន់ក្រោយ។ ការប៉ះពាល់នេះ អាចដល់កម្រិតមួយ ដែលបណ្តាលឲ្យមានការកើនឡើងនូវអាត្រាជំងឺទឹកនោមផ្អែម ស្របពេលដែលប្រជាជនទាំងនោះកើនអាយុ។

ក្រុមវេជ្ជបណ្ឌិតក៏បានប្រាប់ថា ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលមិនឆ្លងប៉ុន្តែកាចសាហាវ និងគួរត្រូវ បានយកចិត្តទុកដាក់ខ្ពស់។ ដូចច្នេះលោកក៏ដូចក្រុមអ្នកថែទាំសុខភាពបានបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីជួបជុំពិភាក្សារកវិធីសាស្រ្ត ព្យាបាលជំងឺទឹកនោមផ្អែមសម្រាប់ប្រជាពលរដ្ឋខ្មែរ ឲ្យបានទាន់ពេលវេលា។   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]