កាលពីវេលាម៉ោង ៩ ព្រឹក នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៦ កន្លងទៅនេះ ក្រុមហ៊ុន Rooster_Kool Photography បានប្រារព្ធធ្វើពិធីក្រុងពាលី សម្រាប់ខ្សែភាពយន្តថ្មីមួយរបស់ខ្លួន ដែលមានចំណងជើងថា ក្រោមមេឃតែមួយ (We Are One)។

រឿងភាគ ”ក្រោមមេឃតែមួយ (We Are One)” នេះ ជាប្រភេទរឿងភាគថ្មីមួយដែលមានទាំងអស់ ២៤ ភាគ។ ហើយខ្លឹមសារនៃសាច់រឿងនេះ មានបំណងចង់បង្ហាញពីផ្នត់គំនិតនៃយុវជនសម័យថ្មី ដែលមានភាពមោះមុត ក្នុងការឈោងចាប់យកក្តីស្រម៉ៃដែលខ្លួនតែងប្រថ្នាចង់បាន ហើយនិងកត្តាមិនយល់ស្របពី សំណាក់មាតាបិតានិងអាណាព្យាបាល។

រឿងភាគថ្មីនេះ ត្រូវបានផ្តើមចេញពីខ្សែជីវិតនៃយុវវ័យមួយក្រុម ដែលពួកគេបានធ្វើការចែករំលែកបទពិសោធន៍ ក្នុងជីវិតរបស់ខ្លួន ដោយរួមមានបញ្ហា នៃភាពខុសគ្នារវាងផ្នត់គំនិតរបស់ចាស់បុរាណ និងប្រពែណី។ ពួកបានខិតខំជម្នះរហូតសម្រេចបាននូវក្តីសុបិនរបស់ខ្លួន ដែលបានធ្វើឱ្យអាណាព្យាបាល ចាប់ផ្តើមផ្តល់នូវគុណតម្លៃមកលើការងាររបស់ពួកគេបន្តិចម្តងៗ ដោយងាកមកគាំទ្រ នូវទេពកោសល្យនិងស្នាដៃដែលកូនៗរបស់ខ្លួនមាន ប្រកបទៅដោយការយល់ដឹងខ្ពស់។

ខ្សែភាពយន្តនេះក៏បានបង្ហាញនូវសារដ៏សំខាន់ៗជាច្រើន ក្នុងការកំណត់បង្ហាញពីការទទួលយក ដោយមិនមានភាពរើសអើង និងភាពខុសប្លែកនៃមនុស្សម្នាក់ៗ។ ហើយវាថែមទាំងតបាន បង្ហាញពីគុណតម្លៃនៃអត្តចរិតល្អ ប្រពៃនៅក្នុងសង្គមផងដែរ ដូចជាការគោរពគ្នាទៅវិញទៅមក ក្តីស្រលាញ់និងការចេះ ជួយយកអាសារគ្នា។ល។ 

លើសពីនេះទៀត តួអង្គនីមួយៗនៅក្នុងខ្សែភាពយន្ត ”ក្រោមមេឃតែមួយ (We Are One)”សុទ្ធតែមានភាពខុសប្លែករបស់ខ្លួន ហើយទេពកោស្យរបស់ពួកគេ ក៏មានភាពខុសប្លែកផងដែរ ដែលក្នុងនោះរួមមានទាំងតន្រ្តីករ វិចិត្រករ អ្នកជំនាញខាងថតរូប តារាចម្រៀង និងអ្នកធ្វើភេសជ្ជៈជាដើម។

គួរបញ្ជាក់ផងដែរថា តារាដែលត្រូវបានជ្រើសយកមកសម្តែងនៅ ក្នុងរឿងភាគថ្មីនេះ សុទ្ធសឹងតែជាតារាកូនកាត់ថ្មីៗ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]