ភ្នំពេញ៖ ពិធីករល្បីឈ្មោះ និងល្បីថាជាអ្នកចម្រៀងអាយ៉ៃ ពូកែឆ្លងឆ្លើយលេងពាក្យសម្តី កំប្លុកកំប្លែងមិនចេះទាល់ លោក ដួង សុខគា ថ្មីៗនេះបានបោះពាក្យសម្តីច្បាស់ៗនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖ «ខឹងណាស់គេមើលងាយ! មនុស្សដែលខ្ញុំធ្លាប់អប់រំ បែរជាមកមើលងាយខ្ញុំ ហើយមើលងាយទាំងពិធីហោមរោងសំពះគ្រូទៅទៀត! យើងអស់និស្ស័យនឹងគ្នាត្រឹមហ្នឹងហើយ ប្អូន! ពីថ្ងៃនេះទៅកម្មវិធី ផ្ទះលោកតា និង កម្មវិធី សំណើចតាមភូមិ លែងមានខ្ញុំហើយ! នៅសល់តែស្តុកចាស់ ប៉ុណ្ណឹង! ទុកឲ្យជើងខ្លាំងគេធ្វើចុះ!!»។

តាមរយៈសារដ៏មានន័យ បង្កប់កំហឹង ប៉ុន្តែពោរពេញទៅដោយភាពអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំងផងដែរនោះ លោក ដួង សុខគា បានប្រកាសលាលែងពីតំណែងជាពិធីករនៅក្នុងកម្មវិធីផ្ទះលោកតា និងកម្មវិធីសំណើចតាមភូមិហើយ ព្រោះតែតាមសារដែលបានបង្ហាញមកនេះ លោកហាក់ត្រូវបានមនុស្ស ដែលលោកធ្លាប់បានអាណិតស្រឡាញ់ ធ្លាប់បានប្រដៅអប់រំ និងទំនងជាអ្នករួមអាជីពការងារជាមួយគ្នានៅក្នុងកម្មវិធីទាំងពីរខាងលើផងនោះ មើលងាយ មើលថោក មិនផ្តល់តម្លៃឱ្យលោក ព្រោះសូម្បីតែពិធីហោមរោងសំពះគ្រូ ក៏មិនល្អគួរជាទីពេញចិត្តបុគ្គលនោះផងដែរ ដែលនាំឱ្យក្លាយទៅជារឿងទាស់ចិត្តគ្នា ទៅវិញទៅមកទាំងសងខាង។

យ៉ាងណាមិញ លោក សុខគា ជាពិធីករដ៏មានវោហារស័ព្ទមិនចេះរីងស្ងួត មិនបានថាចំៗឈ្មោះបុគ្គលណាម្នាក់ឱ្យអ្នកគាំទ្រកម្មវិធីផ្ទះលោកតា និងកម្មវិធីសំណើចតាមភូមិ បានដឹងនៅឡើយនោះទេ គ្រាន់តែបង្ហើុំបឱ្យដឹងថា លោកទ្រាំមកយូរហើយ ទើបតែពេលនេះដាច់ចិត្តទម្លាយចេញមក និងដើរចេញពីកម្មវិធីទាំងពីរនេះតែម្តង។ បើដូច្នេះនៅក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ CTN គឺកម្មវិធីផ្ទះលោកតា ត្រូវនៅសល់ពិធីករតែ៣រូបប៉ុណ្ណោះ គឺលោកប៊ីអាយជី កញ្ញា ថន លក្ខិណា និងកញ្ញា កែវ នីសា ឯកម្មវិធីសំណើចតាមភូមិមានតែលោក ប៊ីអាយជី និងកញ្ញា ថន លក្ខិណា តែពីរនាក់ទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង សុខគា