(ភ្នំពេញ)៖ កម្មវិធីបើកកីឡាជាតិ ជាប្រវត្តិសាស្រ្តលើកទី១ ឆ្នាំ២០១៦ នឹងចាប់ផ្តើមសម្ពោធនារសៀលថ្ងៃសុក្រ ទី២៨ ខែតុលាស្អែកនេះហើយនៅពហុកីឡដ្ឋានជាតិ ដែលត្រូវបានរៀបចំបំពាក់ភ្លើង ពណ៌ទំនើប និងបាញ់កាំជ្រួចដូចទៅនឹងការបើកកីឡា SEA Games ផងដែរ ដោយអនុញ្ញាតឲ្យចូលទស្សនាដោយសេរី និងពុំមានលក់សំបុត្រអ្វីឡើយ ជាមួយនឹងកងកម្លាំង ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជិត ៣០០០នាក់។

អ្វីដែលរឹតតែពិសេសថែមទៀតនោះ គឺមានការប្រគំតន្រ្តីខ្នាតយក្សពីសំណាក់តារាងចម្រៀងកំពូលប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ព្រាប សុវត្ថិ កញ្ញា មាស សុខសោភា កញ្ញា ឱក សុគន្ធកញ្ញា និងក្រុមកំប្លែង ព្រហ្មម៉ាញ ថែម ទៀតផង ក្រៅពីកងយោធពលខេមរភូមិន្ទ ត្រៀមបង្ហាញក្បាច់គុនបុរាណល្បុក្កតោ និងហោះឆ័ត្រយោងថែមទៀតនោះ។

ក្នុងពិធីបើកនោះដែរ ក៏មានការអញ្ជើញចូលរួមពីអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីញាំងឲ្យកម្មវិធីអធិកអធមឡើង ថែមទៀតចាប់ផ្តើមពីម៉ោង ៣៖០០នាទីរៀលស្អែកនេះតែម្តង ក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលគ្រោងចំណាយរហូតដល់ទៅ ១លានដុល្លារសហរដ្ឋអាមេរិក។

សូមបញ្ជាក់ដែរថា កីឡាចំនួន ១៥ប្រភេទ នឹងត្រូវដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ National Games លើកទី១ នេះ នៅ២ទីតាំងផ្សេងគ្នា គឺស្តាតអូឡាំពិក ក្នុងរាជធានីភ្នំពេញ និងមណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម ក្នុងគោលបំណងពង្រឹងសមត្ថភាពអត្តពលិក ត្រៀមកីឡា SEA Games ដែលកម្ពុជាធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ខាងមុខ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  សមត្ថ​កិច្ច​​ត្រៀម​កម្លាំង​​នគរ​បាល និង​អាវុធ​ហត្ថ​​ចំនួន​​ជិត​​ ៣០០០​នាក់ ដើម្បី​​ការ​ពារ​​សន្តិ​សុខ ស​ណ្តាប់​ធ្នាប់ ក្នុង​ការ​​ប្រកួត​កីឡា​ជាតិ​​លើក​ទី​១ ។ គួររំលឹកផងដែរថា លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​តុលា​នេះ​បាន​បើក​កិច្ច​ប្រ​ជុំ ដើម្បី​ត្រៀម​រៀប​ចំ​កម្លាំង​ការ​ពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធពិធីបើកការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​១ ដែល​នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​កម្ពុជា​ថ្ងៃ​ទី​២៨ ខែ​តុលា ដល់​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦​។

យោងតាមរបាយការណ៍ផែនការសកម្មភាព ការពារសុន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពីធីបើកការប្រកួតកីឡាជាតិលើកទី១​នេះ​បាន​ឲ្យ​ដឹង​ថា សមត្ថ​កិច្ច​បាន​ត្រៀម​កម្លាំង​នគរ​បាល និង​កម្លាំង​កងរាជអាវុធហត្ថចំនួន ២៨២៣​នាក់ ដើម្បីត្រៀមការពារសន្តិសុខ ជូន​ថ្នាក់​ដឹក​នាំ កីឡាករ កីឡាការិនី ភ្ញៀវ​ជាតិ អន្តរ​ជាតិ​ដែល​ទស្សនា​ព្រឹត្តិការណ៍​កីឡាជាប្រវត្តិសាស្ត្រ លើកទី១នេះ។

ក្រសួងអប់រំបានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ជា​អធិប​តី​ភាព​ក្នុង​ពិធី​បើក និង​បិទ​ការ​ប្រកួត​កីឡា​ជាតិ​លើកទី១នេះ។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំការប្រកួតកីឡាជាតិលើកទី​១ ជា​ប្រវត្តិ​សាស្ត្រ​ដែល​នឹង​ចាប់​ផ្ដើម ចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​កំពង់​ចាម​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]