(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​តុលា​នេះ​បាន​បើក​កិច្ច​ប្រ​ជុំ ដើម្បី​ត្រៀម​រៀប​ចំ​កម្លាំង​ការ​ពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធពិធីបើកការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​១ ដែល​នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​កម្ពុជា​ថ្ងៃ​ទី​២៨ ខែ​តុលា ដល់​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦​។

យោងតាមរបាយការណ៍ផែនការសកម្មភាព ការពារសុន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពីធីបើកការប្រកួតកីឡាជាតិលើកទី១​នេះ​បាន​ឲ្យ​ដឹង​ថា សមត្ថ​កិច្ច​បាន​ត្រៀម​កម្លាំង​នគរ​បាល និង​កម្លាំង​កងរាជអាវុធហត្ថចំនួន ២៨២៣​នាក់ ដើម្បីត្រៀមការពារសន្តិសុខ ជូន​ថ្នាក់​ដឹក​នាំ កីឡាករ កីឡាការិនី ភ្ញៀវ​ជាតិ អន្តរ​ជាតិ​ដែល​ទស្សនា​ព្រឹត្តិការណ៍​កីឡាជាប្រវត្តិសាស្ត្រ លើកទី១នេះ។

ក្រសួងអប់រំបានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ជា​អធិប​តី​ភាព​ក្នុង​ពិធី​បើក និង​បិទ​ការ​ប្រកួត​កីឡា​ជាតិ​លើកទី១នេះ។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំការប្រកួតកីឡាជាតិលើកទី​១ ជា​ប្រវត្តិ​សាស្ត្រ​ដែល​នឹង​ចាប់​ផ្ដើម ចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​កំពង់​ចាម​៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កាលពីថ្ងៃទី២៣ ខែតុលាកន្លងទៅ ក្រុមកងទ័ព ក៏ដូចជាកងយោធពលខេមរភូមិន្ទ និងក្រុមសិល្បករជាច្រើន បានមកធ្វើការហាត់សមនៅឯពហុកីឡាដ្ឋានជាតិអូឡាំពិកផងដែរ ក្នុងនោះមានដូចជា ការលោតឆ័ត្រយោងសម ដំណើរព្យុះហយាត្រា ក៏ដូចជាកម្មវិធីសម្តែងផ្សេងៗទៀតផងដែរ ដើម្បីត្រៀមដំណើរការនៃការបើកកម្មវិធី។ ចំនែកឯកាលពីម្សិលមិញវិញ នាពេលរាត្រី នៅពហុកីឡដ្ឋានជាតិ ក៏បានត្រៀមនូវគ្រឿងបច្ចេកទេសមួយចំនួនផងដែរសម្រាប់ត្រៀម ក្នុងនោះមានដូចជាការសមភ្លើងភ្លើងហ្វា ជាដើម។

គួរបញ្ជាក់ផងដែរថា កម្មវិធីសំខាន់ៗមួយចំនួននៃពិធីបើកមានដូចជា៖

១. ការលោតប៉ារ៉ាស៊ុតនាំ ទង់ជាតិ ទង់កីឡាជាតិ និងទង់អូឡាំពិក

២. សម្តែងក្បាច់គុនកងយោធពលខេមរៈភូមិន្ទ និងកីឡាគុនល្បុក្កតោ

៣. សម្តែងចលនាស្រប (គរុសិស្សអប់រំកាយ និងកីឡា)

៤. សម្តែងទស្សនីយភាពវប្បធម៌ (ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)

៥. ក្បួនព្យុះហយាត្រាប្រតិភូកីឡារាជធានី-ខេត្ត និងកីឡាក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ

៦. ក្បួនដង្ហែទង់ជាតិ ទង់ហ្គេមកីឡាជាតិ និងទង់អូឡាំពិក (គោរពទង់ជាតិ)

៧. ពិធីរត់ភ្លើងគប់ និងដុតភ្លើងគប់

៨. បាញ់កាំជ្រួច ។

ដូច្នេះ បងប្អូនទាំងអស់គ្នា កុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ ក្នុងព្រឹត្តការណ៍ប្រវត្តិសាស្រ្តជាលើកដំបូងនេះ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ខាងមុខ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]