ដោយសារកូនលោកអ្នកកំពុងធំលូតលាស់ជារៀងរាល់ថ្ងៃ រាងកាយពួកគេ ត្រូវការសារធាតុចិញ្ចឹមផ្សេងៗគ្នា។ សារធាតុចិញ្ចឹមទាំងនេះរួមទាំងកាល់ស្យូម វីតាមីន រ៉ែខនិក កាបូអ៊ីដ្រាត ប្រូតេអ៊ីន និងខ្លាញ់សុទ្ធតែ ជាតម្រូវការចំាបាច់ដូចគ្នាសម្រាប់មនុស្សពេញវ័យគ្រាន់តែ បរិមាណខុសគ្នាប៉ុណ្ណោះ។ តម្រូវការសម្រាប់ការលូតលាស់របស់កុមារ រួមទាំងការធ្វើលំហាត់ប្រាណ និងកត្តាជីវសាស្ត្រដូចជាភេទ និងមាឌនៃរាងកាយជាដើម មានតួនាទីសំខាន់ក្នុងការ កំណត់តម្រូវការអាហារូបត្ថម្ភរបស់ពួកគេ។ គន្លឹះចាំបាច់ក្នុងការបំពេញតម្រូវការរបស់ពួកគេ គឺអាស្រ័យតាមរបបអាហារចម្រុះផ្សេងៗ ។

នេះគឺដោយសារតែរបបអាហារ ដែលមានតុល្យភាពល្អ ផ្គត់ផ្គង់សារធាតុចិញ្ចឹម ដែលសំខាន់ដែលកូនលោកអ្នកត្រូវការ។ ក្នុងចំណោមសារធាតុចិញ្ចឹមទាំងនេះ កាល់ស្យូម គឺជាសារធាតុចិញ្ចឹម ដែលត្រូវបានស្គាល់ថាជាតម្រូវការចាំបាច់ បំផុតសម្រាប់ការលូតលាស់សុខភាពឆ្អឹង និងធ្មេញ។ ជំងឺពុកឆ្អឹងដែលបណ្ដាលឲ្យឆ្អឹងផុយបង្កើននូវហានិភ័យឆ្អឹងបាក់ កម្រិតខ្ពស់ដោយសារឆ្អឹងមិនរឹងមាំ ចាប់ផ្តើមតាំងពីនៅវ័យកុមារប្រសិនបើការផ្ដល់នូវរបបអាហារ មិនបានគ្រប់គ្រាន់ពិសេសអាហារ ដែលសម្បូរជាតិកាល់ស្យូម។ យ៉ាងណាកាល់ស្យូម មិនសុទ្ធតែសម្រាប់ជួយឲ្យឆ្អឹង និងធ្មេញរឹងមាំនោះទេ។ វាក៏សំខាន់ណាស់ ដែលសម្រាប់ជំរុញ មុខងារសរសៃប្រសាទ និងសាច់ដុំ ជួយកំណកឈាម និងជំរុញមុខងារអង់ហ្ស៊ីម ដែលបម្លែងអាហារទៅជាថាមពល។ រ៉ែខនិកនេះក៏ជួយបង្ការជំងឺក្រិន (កម្ពស់ទាបធៀបអាយុ) ដែលបណ្តាលឲ្យឆ្អឹងកុមារទន់។

កម្រិតរបបអាហារទ្រទ្រង់ប្រចាំថ្ងៃ (RDA) ដោយសារតែ កុមារមានការលូតលាស់ឆ្អឹងខ្ចីគ្រប់ពេល ពួកគេត្រូវការផ្គត់ផ្គង់ កាល់ស្យូមទៀងទាត់ ដើម្បីជួយឲ្យការលូតលាស់ល្អ។ ដើម្បីឲ្យការលូតលាស់បានល្អប្រសើរបំផុត វិទ្យាស្ថានឱសថសាស្ត្រ (IOM) នៃសហរដ្ឋអាមេរិក បានបង្កើតនូវគោលការណ៍ ណែនាំដូចខាងក្រោម៖
- កុមារអាយុចន្លោះពី 1 ទៅ 3ឆ្នាំ ត្រូវបានណែនាំឲ្យទទួលទានកាល់ស្យូម 700មិលីក្រាម ជារៀងរាល់ថ្ងៃ។
- កុមារដែលមានអាយុចន្លោះពី 4 ទៅ 8ឆ្នាំ ត្រូវការ 1.000មិលីក្រាមប្រចាំថ្ងៃ។
- ឯកុមារដែលមានអាយុចន្លោះពី 9 ទៅ 18ឆ្នាំ ត្រូវការ 1300មិលីក្រាមក្នុងមួយថ្ងៃ។

វាមានសារៈសំខាន់សម្រាប់កុមារ ក្នុងការបំពេញតម្រូវការកាល់ស្យូម គ្រាប់គ្រាន់តាមកម្រិត របបអាហារទ្រទ្រង់ប្រចាំថ្ងៃ (RDAs) ដើម្បីទប់ស្កាត់ក្រិន ឬបញ្ហាកង្វះអាហាររូបត្ថម្ភរ៉ាំរ៉ៃ។ កុមារដែលក្រិនតែងតែ បង្ហាញនូវរូបរាងសមាមាត្រធម្មតា ប៉ុន្តែតាមពិតបើប្រៀបធៀបទៅនឹងការលូតលាស់របស់កុមារ ដែលមានវ័យស្របាលគ្នា គឺគេមានកម្ពស់ទាបជាងកម្រិតធម្មតា។ តាមរបាយការណ៍ស្ទង់មតិប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ2014 បានបង្ហាញឲ្យឃើញថា កុមារកម្ពុជាអាយុក្រោមប្រាំឆ្នាំជាង 32% ជួបបញ្ហាក្រិន។

សូមចាំថា ប្រសិនបើកូនលោកអ្នកមិនបានទទួលជាតិកាល់ស្យូម តាមកម្រិតរបបអាហារទ្រទ្រង់ ប្រចាំថ្ងៃពីវ័យដំបូងរបស់គេនោះទេ ពួកគេនឹងប្រឈមហានិភ័យដោយសារមានមូលដ្ឋានសុខភាពឆ្អឹង មិនរឹងមាំនៅពេលធំពេញវ័យ។

ប្រភពកាល់ស្យូមដ៏ល្អបំផុត ប្រភេទបន្លែបៃតងចាស់ដូចជា ផ្កាស្ពៃបៃតង (ប្រូខូលី) ស្ពៃតឿ មើមបន្លែ និងស្ពៃក្រញាញ់ម្យ៉ាង មានផ្ទុកជាតិកាល់ស្យូមខ្ពស់។ ប៉ុន្តែអ្នកនឹងឃើញមាន កាល់ស្យូមនៅក្នុងតៅហ៊ូ ត្រីដែលមានឆ្អឹងដូចជាសាឌីនតូចនិងធំ ឬត្រីសាល់ម៉ុង គ្រាប់អាល់ម៉ុន សណ្តែក និងសណ្តែកក្រហម និងអាហារផលិតពីទឹកដោះដូចជាទឹកដោះគោស្រស់ ទឹកដោះគោជូរ (យ៉ាអ៊ួ) និងឈីសជាដើម សុទ្ធសឹងតែផ្ទុកនូវជាតិកាល់ស្យូមខ្ពស់ ដែលរាងកាយត្រូវការស្រូបយក។ ដោយសារអាហារ ផលិតពីទឹកដោះទាំងនោះមិនសម្បូរនៅកម្ពុជា ប្រជាជនខ្មែរភាគច្រើន ទទួលបានរបបកាល់ស្យូមទ្រទ្រង់ប្រចាំថ្ងៃ (RDA) តាមរយៈបន្លែ និងត្រីជាដើម។

អាហារផ្សេងពីទឹកដោះគោទាំងនេះ បន្ថែមជាតិកាល់ស្យូមដល់កូនលោកអ្នក ដូច្នេះសូមកុំ មើលរំលងពួកវាឲ្យសោះ ត្រូវចាំថាសុខភាពត្រូវការ របបអាហារចម្រុះ។ ប្រសិនបើអ្នកត្រូវការជម្រើសជាតិកាល់ស្យូមច្រើននោះ ក៏មានអាហារផ្ទុកជាតិកាល់ស្យូមជាច្រើនទៀត ដែលផ្តល់នូវសារធាតុចិញ្ចឹម ដែលសំខាន់ចាំបាច់។ ប្រសិនបើអ្នកត្រូវការជម្រើសជាតិ កាល់ស្យូមច្រើននោះ ក៏មានអាហារផ្ទុកជាតិកាល់ស្យូមជាច្រើនទៀត ដែលផ្តល់នូវសារធាតុចិញ្ចឹមដែលសំខាន់ចាំបាច់។ ប្រសិនបើកូនអ្នក មិនចូលចិត្តញ៉ាំទឹកដោះគោ ឬបន្លែផ្សេងៗ អាចរកទិញបាននូវសារធាតុកាល់ស្យូម ពីផលិតផលនានា ដែលងាយញ៉ាំ ដូចជាកាល់ស្យូមអំពូលសម្រាប់ក្មេងជាដើម។

នៅពេលលោកអ្នកដើរផ្សាររកទិញអាហារបំពេញតម្រូវការ ជាតិកាល់ស្យូមសម្រាប់កូនលោកអ្នក កុំភ្លេចទិញអាហារណា ដែលផ្ទុកជាតិកាល់ស្យូមឲ្យបានច្រើនមានដូចជា ទឹកក្រូចស្រស់ ផលិតផលអាហារធ្វើពីសណ្ដែក តៅហ៊ូ នំប៉័ង និងគ្រាប់ធញ្ញជាតិ។ សូមអានស្លាកបិទលើ អាហារដោយប្រុងប្រយ័ត្ន ដើម្បីធានាថាអ្នកទិញអាហារដែលមានជាតិកាល់ស្យូមខ្ពស់ ហើយចងចាំពីអ្វី ដែលជាតម្រូវការអាហារូបត្ថម្ភកូនលោកនៅពេល ជ្រើសរើសផលិតផលទាំងនេះ។

តើមានអ្វីទៀតដែលអាចពង្រឹងសុខភាពឆ្អឹងកុមារ និងមនុស្សពេញវ័យ? ខណៈដែលកាល់ស្យូមដើរតួនាទី ខុសគ្នាក្នុងមុខងារជាច្រើននៃ រាងកាយកូនរបស់លោកអ្នក លោកអ្នកក៏អាចមានជម្រើសជាច្រើនទៀត ដែលត្រូវធ្វើដើម្បីធានា ដល់ការលូតលាស់សុខភាពឆ្អឹងរឹងមាំ។

វីតាមីន D រាងកាយត្រូវការវីតាមីន D ដើម្បីស្រូបយកកាល់ស្យូម។ កូនរបស់លោកអ្នកអាចទទួលយក វីតាមីន D បានច្រើនបំផុត ដែលគេត្រូវការតាមរយៈឲ្យត្រូវពន្លឺកាំរស្មីព្រះអាទិត្យ (ប្រហែលពី 10 ទៅ 15នាទីក្នុងមួយថ្ងៃ) និងទទួលទានរបបអាហារ។ អាហារដែលសម្បូរទៅដោយវីតាមីន D រួមមានស៊ុត ត្រីទឹកប្រៃ ថ្លើម និងទឹកដោះគោ។

ការធ្វើលំហាត់ប្រាណក៏មានសារៈសំខាន់ផងដែរ ចំពោះឆ្អឹងដូចជា លំហាត់ប្រាណបង្កើនការលូតលាស់ឆ្អឹង ដែលផ្តល់នូវការជំរុញភាពលូតលាស់ ឆ្អឹងក្នុងរាងកាយ។ សកម្មភាពផ្សេងៗដូចជាការជិះកង់ ការរត់ត្រឹកៗ លេងបាល់ រាំ និងហាត់លើកទម្ងន់យ៉ាងហោចណាស់ 30 ទៅ 60 នាទីក្នុងមួយថ្ងៃ ឲ្យបានបីទៅប្រាំដង ក្នុងមួយសប្តាហ៍អាចជួយធ្វើឲ្យកំហាប់ និងម៉ាសឆ្អឹងរឹងមាំ។

កុំជក់បារី ឬសេពគ្រឿងស្រវឹង និងកាហ្វេអ៊ីន បើសិនជាក្នុងវ័យជំទង់ កូនលោកអ្នកជក់បារី ឬផឹកគ្រឿងស្រវឹង សូមបញ្ឈប់គេជាបន្ទាន់។ លើសពីនេះទៀតផលប៉ះពាល់អវិជ្ជមានជាច្រើន ចំពោះពួកគេដូចជា បារី និងគ្រឿងស្រវឹងជាដើមធ្វើឲ្យម៉ាសកំហាប់ឆ្អឹងថយចុះ។ ម្យ៉ាងវិញទៀតកាហ្វេ តែ និងសូដាអាចធ្វើឲ្យ រាងកាយកូនលោកអ្នកពិបាកស្រូបយកជាតិកាល់ស្យូម។ កាត់បន្ថយការទទួលទានប្រៃ របបអាហារប្រៃខ្លាំងធ្វើឲ្យបាត់បង់ជាតិកាល់ស្យូម ពីរាងកាយដោយបង្កើនបរិមាណក្នុងទឹកនោម។ ត្រូវយកចិត្តទុកដាក់ឲ្យកូនលោកអ្នក តមអាហារសម្រន់ ដែលមានជាតិប៊ីចេងសូដ្យូមខ្ពស់ដូចជាទឹកស៊ីអ៊ីវជាដើម។ ប្រសិនបើកូនលោកអ្នក មិនបានទទួលកាល់ស្យូមគ្រប់គ្រាន់ពីរបបអាហាររបស់គេទេ សូមផ្ដល់របបកាល់ស្យូមអំពូលបន្ថែម។ ថ្វីបើវាសមស្របបំផុតសម្រាប់កុមារឲ្យ ទទួលបានជាតិកាល់ស្យូមពីទឹកដោះគោ ដែលសម្បូរជាតិកាល់ស្យូមក្ដី ជួនកាលវាមិនអាចទៅរួចទេ ដោយសារវាបង្កអាល្លែកហ្ស៊ី ឬមិនអាចរំលាយជាតិស្ករឡាក់តូស ពីក្នុងទឹកដោះគោបាន។

ចូរពិភាក្សាជាមួយ វេជ្ជបណ្ឌិតរបស់លោកអ្នកអំពីបរិមាណជាតិ ជំនួយកាល់ស្យូមបន្ថែមដ៏ត្រឹមត្រូវ សម្រាប់តម្រូវការរបស់កូនលោកអ្នក ប្រសិនបើលោកអ្នក បារម្ភក្រែងពួកគេមិនទទួលសារធាតុបំប៉ន និងរ៉ែខនិកពង្រឹងសុខភាពធ្មេញ និងឆ្អឹងគ្រប់គ្រាន់ទេនោះ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]