រាជធានីភ្នំពេញ ៖ តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស លោកព្រាប សុវត្ថិ នឹងចាប់ផ្តើមដំណើរការថតរឿងភាពយន្តឱ្យផលិតកម្មមកពី ប្រទេសម៉ាឡេសីុនៅពាក់កណ្តាលខែកញ្ញានេះ តាមការគ្រោងទុកបន្ទាប់ពីបានចុះកិច្ចសន្យារួចមក ។ខ្សែរឿងថ្មីនេះ លោកព្រាប សុវត្ថិ នឹងចាប់ដៃគូសម្តែងជាមួយតារាសម្តែងសាច់សខ្ចី កែវ ស្រីនាង ។ លោកព្រាប សុវត្ថិ អះអាងនាពេលថ្មីៗនេះថា ខ្សែរឿងដែលលោកនឹងសម្តែងនេះ លោកនៅមិនទាន់ដឹងចំណងជើងច្បាស់លាស់នៅឡើយ ហើយលោកក៏មិនដឹងពេលវេលាច្បាស់ថា  នឹងថតចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃដែរ ។

ខ្សែរឿងនេះគ្រោងនឹងថតនៅលើទឹកដីប្រទេស កម្ពុជា ដោយមានរូបលោក និងតារាស្រីពីរដួងទៀត គឺកែវ ស្រីនាង និងសារ៉ាយ សក្ខណា សម្តែងជាតួឯក ។ តាមការឱ្យដឹងពីផលិតករថា ខ្សែរឿងនេះ ពេលផលិតចប់ នឹងចាក់បញ្ចាំងនៅក្នុងថ្ងៃបុណ្យអុំទូកខាងមុខនេះ ។លោកព្រាប សុវត្ថិ អះអាងបន្ថែមថា ក្នុងរឿងនេះលោកត្រូវសម្តែងជាតួវេជ្ជបណ្ឌិត រីឯ កែវ ស្រីនាង ត្រូវសម្តែងជាតួកូនអ្នកភ្នំពេញ និងរៀនខាងជំនាញពេទ្យដូចគ្នា ខណៈដែលនាង សារ៉ាយ សក្ខណា ត្រូវសម្តែងជាកូនស្រីអ្នកចម្ការ ហើយបានជំពប់ស្នេហ៍លើរូបលោក ។ កាលពីដំបូងរឿងនេះ គេមានគម្រោងឱ្យលោក និងកែវ ស្រីនាង ចេញទៅថតនៅប្រទេសម៉ាឡេសីុ ប៉ុន្តែខណៈជិតដល់ថ្ងៃចេញថតនេះទំនងជាអត់វិញហើយ ដោយសារតែក្នុងពេលជួបប្រជុំគ្នា គឺមិនមានលើកឡើងពីរឿងនេះ ។ ឈុតឆាកដែលខាងផលិតករប្រាប់ គឺសម្តែងនៅភ្នំេពញ និងតាមខេត្តមួយចំនួន ។

លោកព្រាប សុវត្ថិ បន្តថា ក្នុងរឿងនេះ គឺលោកពាក់ព័ន្ធស្នេហាជាមួយ កែវ ស្រីនាងផង ជាមួយ សារ៉ាយ សក្ខណាផង ប៉ុន្តែនៅចុងបញ្ចប់ គឺមិនបានជួបគ្នាទាំងអស់ ។កន្លងមកលោក ព្រាប សុវត្ថិ ជោគជ័យក្នុងអាជីពចម្រៀង ប៉ុន្តែលោកក៏ធ្លាប់ចូលរួមសម្តែងក្នុងខ្សែភាពយន្ត បានមួយរឿងដែរ គឺរឿងនេសាទក្រពើ ។ ទស្សនិកជនមួយចំនួននិយាយថា ផលិតករជ្រើសរើសលោកព្រាប សុវត្ថិ ចូលរួមសម្តែងទំនងមកពីលោកជាតារាចម្រៀងល្បី ដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនច្រើន ។ទស្សនិកជនដែលគាំទ្រលោកព្រាប សុវត្ថិ កំពុងរង់ចំាមើលថា ខ្សែភាពយន្តថ្មីរបស់លោកនេះទទួលជោគជ័យដែរ ឬទេ ៕   

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ស្រីនាង