ភ្នំពេញ៖ ដោយឥទ្ធិពលនៃការចែកចាយ នូវព័ត៌មានតាមរយៈហ្វេសប៊ុក  ទារិកាកម្សត់ម្នាក់ ដែលប្រស្រីភ្នែកឡើងបាយ ត្រូវបានលោក ឧកញ៉ា ឌួង ឆាយ ឃើញ និងជួយសង្រ្គោះទារិកាឈ្មោះ ធឿន មីមី ភ្លាមៗផងដែរ។

បើផ្អែកទៅតាមការបង្ហោះសារ របស់ លោកឧកញ៉ា ឌួង ឆាយ បានសរសេរកាល ពីយប់មិញថា "ថ្ងៃនេះជំនួយការរបស់ខ្ញុំបានជួបជាមួយគ្រួសារកុមារី មានវាសនាអភ័ព្វដែលប្រស្រីភ្នែកឡើងបាយ ដើម្បីជួយស្វែងរកដំណោះស្រាយ ព្យាបាលជំងឺភ្នែករបស់គាត់ខ្ញុំបាទនឹងខិតខំប្រឹងប្រែងព្យាយាមទាក់ទងជាមួយវេជ្ជបណ្ឌិតជំនាញៗ ទាំងក្នុងនឹងក្រៅប្រទេសដើម្បីជួយព្យាបាលភ្នែក របស់គាត់ឲ្យបានជាសះស្បើយនឹងឆាប់បានមើលឃើញពិភពលោកនេះវិញឆាប់ៗ ព្រោះនៅសល់ពេលវេលាតែ2សប្តាហ៍ទៀតប៉ុណ្ណោះ ដើម្បីជួយឲ្យគាត់អាចមើលឃើញឡើងវិញ សូមបងប្អូនពូមីងជួយបួងសួងជូនពរឲ្យគាត់ ទទួលការជោគជ័យនឹងឆាប់បានជាសះស្បើយផងណា សូមអរគុណ"។ 

កាលពីព្រឹកមិញនេះផងដែរ ជំនូយការរបស់ឧកញ៉ា ឌួង ឆាយ ក៏បានយក ទារិកា ធឿន មីមី ទៅពិនិត្យនៅមន្ទីរពេទ្យ គង់ ពិសិដ្ឋ តាមសម្តីរបស់លោក បានប្រាប់ពិតប្រាកដមែន ដើម្បីឲ្យគ្រូពេទ្យ ដោះស្រាយពីបញ្ហារបស់ទារិកាកំសត់នេះ។

ក្នុងនោះដែរ គណនីហ្វេសប៊ុកម្នាក់ឈ្មោះ Noum Sobourn បានសរសេរសារ អមជាមួយនឹងរូបថតទារិកា ធឿន ម៉ីម៉ី ថា "កំពុងនៅជាមួយជំនួយការលោកឧកញ៉ា ដួង ឆាយ យកកុមារីមកពិនិត្យនៅមន្ទីរពេទ្យ គង់ ពិសិដ្ឋ ភ្នំពេញ។ ទំនាក់ទំនងម្តាយកុមារី 0976620952"។

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងទារិកា ធឿន ម៉ីម៉ីនេះដែរក៏លោកឧកញ៉ាចិត្តសប្បុរស ហុង ពីវ ក៏បានទទួលដឹងលឺផងដែរ ក្រោយមានមតិអ្នកលេងបណ្តាញសង្គមជាច្រើន អំពាវនាវឲ្យរូបលោក ជួយសង្គ្រោះទារិកាដ៏កំសត់នេះ។

ក្រោមការយកចិត្តទុកដាក់យ៉ាងច្រើនពីសំណាក់អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក នៅទីបំផុតវាសនាទារិកាកម្សត់ម្នាក់ នឹងមានសង្ឃឹមអាចបន្តមើលឃើញពិភពលោកមួយនេះឡើងវិញហើយ។

គួររំលឹកថាកាលពីព្រឹកម្សិលមិញថ្ងៃទី០៩ តុលា ២០១៦ លោកសាវីន ហ្វីលីព បានបង្ហោះសារមួយនៅលើគណនីផ្ទាល់ខ្លួនថា៖

«ជូនចំពោះ លោកឧកញ៉ា ហុង ពីវ ជាទីគោរពរាប់អាន , ខ្ញុំមានការគោរពកោតស្ញប់ស្ញែងចំពោះទឹកចិត្តសប្បុរសធម៌របស់លោកយ៉ាងខ្លាំងនាពេលថ្មីៗនេះ , សូមលោកអាណិតមេត្តាជួយបរិច្ចាគថវិការសង្រ្គ្គោះដល់កែវភ្នែកទារិកា ប្រស្រីភ្នែកឡើងបាយនេះផង , នាងមានឈ្មោះ ធឿន មីមី មានអាយុ2ខែ ជាកូនទី2 ក្នុងគ្រួសារក្រីក្រ នៅស្រុកបាទី ខេត្ត តាកែវ ។ ឪពុកនាងជាកម្មករចុះទូកនៅថៃ ទាំងមិនទាន់បានមើលមុខកូនផង។

ថ្មីៗនេះទារិកា អភ័ព្វកំពុងទទួលការពិនិត្យដោយវេជ្ជបណ្ឌិតឯកទេសភ្នែកនៅមន្ទីពេទ្យកុមារអង្គ(សៀមរាប) ហើយពេទ្យប្រាប់ថា រយៈពេលដែលអាចព្យាបាលទារិកា ឱ្យភ្លឺភ្នែកនៅមានរយៈពេលត្រឹមតែ2សប្តាហ៍ទៀតប៉ុណ្ណោះ ។ដែលការសង្គ្រោះគឺមានតែវះកាត់ដូរកែវភ្នែកនិងត្រូវទិញកែវភ្នែកដូរម្ខាងតម្លៃ1800$ តែគាត់មិនមានលទ្ធភាពទេ..ថ្ងៃនេះម្ដាយនិងទារិកានេះបានត្រលប់ទៅភ្នំពេញវិញហេីយ។

សូមសប្បុរសជនទាំងអស់មេត្តារួមគ្នាជួយសង្រ្គោះទារិកាកំសត់នេះអោយមេីលឃេីញពិភពលោកនេះផង , ដោយក្ដីរាប់អាន , សាវិន ហ្វីលីព , ស្ថានិកមូលនិធិកុមារសាវិនកម្ពុជា , សូមជួយស៊ែអោយលោកឧកញ្ញ៉ា ហុង ពីវ បានឃេីញផង .. នេះជាលេខម្ដាយទារិកាធឿន មុីមុី 097-66-20952 » ។

ក្រោយការបង្ហោះ និងមានការចូលរួមចែករំលែកយ៉ាងច្រើនរួចមក នៅទីបំផុតទារិកាកម្សត់រូបនោះបានទៅដល់ដៃអ្នកឧកញ៉ា ហុង ពីវ ហើយ។

នៅថ្ងៃនេះទំព័រហ្វេសប៊ុកអ្នកឧកញ៉ា ហុង ពីវ បានបង្ហោះសារ និងរូបភាពឲ្យដឹងផងដែរថា៖ «បងៗឈប់បារម្ភទៀតទៅ ពេលនេះអូន ម៉ីម៉ី បានមកដល់ដៃប៉ាប៉ាអូនហើយ...»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]