(ភ្នំពេញ)៖ ការចេញទៅសម្ដែង នៅក្រៅប្រទេសក្នុងរដូវវស្សានេះ ជារឿងពេញនិយមបំផុត សម្រាប់សិល្បករ​ខ្មែរ ព្រោះក្នុងរដូវនេះ ក្នុងប្រទេសកម្ពុជា មិនសូវមានកម្មវិធីចេញ​សម្ដែងច្រើនឡើយ ពោលអ្នកសិល្បៈតែងតែនិយាយថា គឺជារដូវដេកស៊ីលុយចាស់។ ដូចនេះ ទើបតារាម្នាក់ៗ រូតរះចង់ចេញក្រៅ ដើម្បីកើបលុយក្នុងរដូវភ្លៀកធ្លាក់នេះ។ ថ្មីៗនេះ អ្នកសិល្បៈរបស់កម្ពុជា ចំនួន៥នាក់ទៀត ត្រូវចេញទៅសម្ដែងនៅទឹកដីមហាសេដ្ឋកិច្ច សម្បូរដុល្លារ គឺអាមេរិក ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនោះ ក្នុងចំណោមពួកគេទាំង៥នាក់ គឺឆ្លងកាត់ការសម្ភាសន៍ជាប់តែម្នាក់ប៉ុណ្ណោះ ចំណែក៤នាក់ទៀត បែរជាត្រូវធ្លាក់ខកខានចេញទៅកើបប្រាក់ទាំងអស់។

តារាសិល្បៈខ្មែរចំនួន៥ដួង មានដូចជា លោក ករុណា ពេជ្រ, លោក អាន គុណកូឡា ,លោក ម៉ៅ ហាជី ,កញ្ញា សុវត្ថិ​ឌី ធារីកា ​និងនិងតារាចម្រៀង អ្នកនាង សុន សន្យា ហើយក្នុងចំណោមតារាចម្រៀងទាំង៥ ដួងនេះ គឺមានតែ លោក ករុណា ពេជ្រ ម្នាក់គត់ ដែលអាចសម្ភាសន៍ជាប់ នៅស្ថានទូតអាមេរិក កាលពីពេលថ្មីៗនេះ ហើយក្រៅពីនោះ តារាចម្រៀងបួនរូបទៀតធ្លាក់លឺសូរតែក្ដុក តែម្ដង។

ប្រភពជិតដិត នឹងតារាចម្រៀងទាំងនោះ បាននិយាយថា ជារឿងស៊យបំផុតស្ទើរតែមិនគួរឲ្យជឿ ដែលពួកគេទាំងបួននាក់ធ្លាក់ ហើយជាប់តែម្នាក់ ព្រោះឯកសារ​បានត្រៀមរួចរាល់ហើយ មិនមានអ្វីចោទជាបញ្ហាអ្វីឡើយ​។ តែប្រភពផ្សេងពីនោះ បានបង្ហើបថា ស្ថានទូតអាមេរិក បានរឹតបន្តឹងយ៉ាងខ្លាំង សម្រាប់សិល្បករ​ខ្មែរ ព្រោះកន្លងមកតារាមួយចំនួន បានចាកចេញហើយ មិនចង់ត្រឡប់មកវិញ តារាខ្លះរត់គេចកំឡុងពេលសម្ដែង និងបង្ករបញ្ហាច្រើន​។

ប្រភពដដែលបានបន្តថា មូលហេតុដែលលោក ករុណា ពេជ្រ ជាប់តែម្នាក់ឯង ព្រោះ​លោកមានភាពគួរឲ្យទុកចិត្តជាងគេ ថាលោកនឹងត្រឡប់មកវិញ ក្រោយចប់ការសម្ដែង ព្រោះ​មានវីឡាដ៏ស្កឹមស្កៃ ជិត៦០ម៉ឺនដុល្លារ នឹងការងារក្នុងស្រុកជាច្រើន ដែលប្រាកដណាស់ថា ​មិនចោលឆ្អឹងនៅអាមេរិកឡើយ។ យ៉ាងណាក្ដី ​ផ្ទុយពីនោះ គេសង្កេតឃើញ តារាចម្រៀងថ្មី លោក អៀម វណ្ណី បែរជាសម្ភាសន៍ជាប់នឹងត្រឡប់មកវិញរួចរាល់ ខណៈដែលលោកមិនមានអ្វីជាដុំកំភួនឡើយ នេះប្រហែលមកពីតារាបួននាក់ មិនបានរៀបចំឲ្យបានល្អ ទើបធ្លាក់ព្រាតដូចនេះ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ករុណា ពេជ្រ ចូល​ហាង​ទំនើប​នៅ​បារាំង ទិញ​កា​បូប ម៉ាក​ល្បីៗ តម្លៃ​រាប់​ពាន់​ដុល្លារ លួង​ចិត្ត​ខ្លួន​ឯង ។ គួររំលឹកផងដែរថា តារាចម្រៀង​ប្រចាំផលិតកម្ម ថោន​ លោក​ ករុណា ពេជ្រ​ ត្រូវបានគេស្គាល់ថា លោកមិនត្រឹមតែ ជាតារាចម្រៀងធម្មតាៗនោះទេ​ លោកក៏ជាអ្នកគ្រប់គ្រងមួយរូប ​នៅមជ្ឈមណ្ឌលកំសាន្ត ថោន​ និងជា​ម្ចាស់ក្រុមហ៊ុន «ករុណា​ ពេជ្រ ពិធីការ និងដេគ័រ​» ព្រមទាំងជាម្ចាស់វីឡាដ៏ស្កឹមស្កៃតម្លៃជាង៧០​ម៉ឺនដុល្លារ​ទៀត​ផង។ ថ្មីៗនេះតារាចម្រៀង​បែបយុវវ័យ លោក ករុណា ពេជ្រ បានធ្វើដំណើរ ចេញទៅកម្សាន្តនៅក្នុងប្រទេសបារាំង បន្ទាប់ពីធូរស្បើយ​ពីការងារច្រៀង និងស​ម្ដែង ដោយក្នុងនោះ​លោក​បានទិញរបស់របរ ប្រើប្រាស់ មានដូចជាកាបូបស្ពាយ និងរបស់ប្រើប្រាស់ជាច្រើនទៀត ដែលមើលទៅសុទ្ធសឹងតែ ជារបស់មានម៉ាកផលិតផលល្បីៗ។

ដោយសាររដូវនេះជា​ រដូវ​វស្សា​ សកម្មភាពរកស៊ីរបស់តារាចម្រៀង ករុណា ពេជ្រ ​ត្រូវបានផ្អាក​ ហើយលោកក៏សម្រេចចិត្ត ធ្វើដំណើរកំសាន្តទៅប្រទេសបារាំង ដើម្បីដើរលំហែ​ ព្រោះរយៈពេលជាច្រើនខែមកនេះ លោកប្រឹងប្រែងរកស៊ីខ្លាំង​ ត្រូវដើរលេងខ្លះ ដើម្បីលួងចិត្តខ្លួនឯង និងរំសាយទុក្ខកង្វល់ក្នុងមួយរយៈខ្លី។​

ក្រៅពីដើរលេង​លំហែរ​ក្រៅប្រទេស ដែលចំណាយលុយ​រាប់ពាន់ដុល្លារ​ លោកថែមទាំងទិញកាបូបប្រេនៗ(ម៉ាកល្បី)ដ៏ល្បី ពីបារាំងមកផងដែរ​ ដែលតំលៃកាបូបនោះ ថ្លៃគួរសម។

លោក​ ករុណា​ ពេជ្រ បាននិយាយថា​ លោកទិញវាដើម្បីលួងខ្លួនឯង​ ក្រៅពីទិញរួច លោកថែមទាំងថតហាង ដែលលោកបានទិញ ដើម្បីកុំឲ្យគេថា លោកទិញទំនិញកូពី។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ករុណា ពេជ្រ