(ភ្នំពេញ)៖ បន្ទាប់ពីឆ្លងកាត់ឧបសគ្គ និងបង្ហាញជាសាធារណៈនូវព្យុះភ្លៀងជីវិតដ៏កម្សត់ ក្រោយឈប់ពីអាជីពអ្នកប្រដាល់ លោក ជៀស ស្រួច អតីតកីឡាករជើងខ្លាំង និងជាតារាសម្ដែងក្នុងបទ «បេះដូងអ្នកប្រដាល់» បានទទួលភ្លើងខៀវពីសហព័ន្ធកីឡាប្រដាល់កម្ពុជាសារជាថ្មីហើយ ដោយសហព័ន្ធកោះហៅរូបគេ និងអតីតអ្នកប្រដាល់ចាស់ៗផ្សេងទៀត មកទទួលការបណ្ដុះបណ្ដាលពីជំនាញអាជ្ញាកណ្ដាល និងចៅក្រម ដើម្បីក្លាយជាអ្នកកាត់សេចក្ដីនាថ្ងៃខាងមុខ ។

ស្របពេលសហព័ន្ធប្រកាសបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេស រយៈពេល ១សប្ដាហ៍ ចាប់ពីថ្ងៃទី១៥-២១ ខែ​សីហា​នេះ សហ​ព័ន្ធ​បាន​កោះ​ហៅ​មន្ដ្រី​ជំនាញ និង​អតីតកីឡាករចាស់ៗសរុប ១១៧នាក់ចូលរួម ក្នុងនោះក៏មានវត្តមានលោក ជៀស ស្រួច ដែល​ទើប​លេច​មុខ​ក្នុង​បណ្ដាញ​ផ្សព្វ​ផ្សាយ​នា​នា ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាមួយនឹងជីវភាពខ្វះខាតរបស់លោកកាលពីពេលថ្មីៗកន្លងទៅផងដែរ ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានឲ្យដឹងថា លោកបានបញ្ជាឲ្យហៅ ជៀស ស្រួច មក​ចូល​រួម​សិក្សា​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ខាង​លើ​ជា​មួយ​មន្ដ្រី​ផ្សេងៗ ព្រោះ​សហ​ព័ន្ធយល់ថា រូបគេធ្លាប់មានស្នាដៃក្នុងការផ្សព្វផ្សាយពីក្បាច់គុនបុរាណខ្មែរ តាម​រយៈ​ការ​ប្រកួត​លើ​សង្វៀន​កាល​ពី​មុន ដូច្នេះ​សហ​ព័ន្ធ​មិន​អាច​បោះ​បង់​ចោល​អ្នក​ធ្លាប់​មាន​ស្នាដៃ​បែប​នេះ​ឡើយ​។ មួយវិញទៀត សហព័ន្ធនឹងរៀបចំឲ្យ ជៀស ស្រួច ចូលធ្វើការនៅតាមសង្វៀនមួយចំនួន ប៉ុន្ដែត្រូវឆ្លងកាត់សិក្សាពីជំនាញនេះជាមិនសិន។

ក្រៅពី ជៀស ស្រួច លោក តែម ម៉ឺន បានបន្ថែមថា ឲ្យតែមានស្នាដៃ ជាក់ស្ដែងកីឡាករ ឡៅ ស៊ីណាត ឬអ្នកចង់បញ្ចប់អាជីព​ឈប់​ធ្វើ​កីឡាករ មក​ធ្វើ​ជា​អាជ្ញា​កណ្ដាល ឬ​ចៅ​ក្រម គឺសហព័ន្ធស្វាគមន៍ជានិច្ច។ ប៉ុន្ដែយ៉ាងណាអ្នកទាំងនោះក៏ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនដែរ ព្រោះបច្ចុប្បន្នសហព័ន្ធកំពុងពង្រឹងសមត្ថភាពមន្ដ្រីរបស់ខ្លួន ដើម្បីត្រៀមរៀបចំការប្រកួតកីឡាជាតិ National Games ក៏ដូចជាធ្វើដំណើរឆ្ពោះទៅ SEA Games ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះទៀតផង៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ខេមរៈ សិរីមន្ត៖ «ខ្ញុំ​ចង់​លើក​​ទឹក​ចិត្ត​លោក ជៀស ស្រួច ត្រូវ​មាន​​កម្លាំង​រឹងមាំ លើក​ស្ទួយ​វិស័យ​​ក្បាច់​គុណ​​បុរាណ​​ខ្មែរ​ឡើង​វិញ»។

គួររំលឹកផងដែរថា ដោយបានទទួលដំណឹងថា អតីតកីឡារប្រដាល់ និងជាតារាសម្ដែងក្នុងបទ «ជីវិតអ្នកប្រដាល់» លោក ជៀស ស្រួច បានបង្ហាញមុខឡើងវិញ ក្នុងស្ថានភាពក្រលំបាក តោកយ៉ាកផងនោះ តារាចម្រៀងល្បីឈ្មោះ ប្រចាំក្នុងផលិតកម្ម សាន់ដេ លោក ខេមរៈ សិរីមន្ត ក៏មិនបានបង្អង់យូរ ដោយលោកបានស្កាត់ទៅជួបលោក ជៀស ស្រួច កាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ពាំនាំនូវថវិកាផ្ទាល់ខ្លូន ជួយឧបត្ថម្ភ និងលើកទឹកចិត្តដល់លោក ជៀស ស្រួច ឲ្យរឹងមាំឡើង ដើម្បីបន្តការងារលើកស្ទួយ វិស័យក្បាច់គុណបុរាណខ្មែរបន្ថែមទៀត និងកុំគិតខ្វល់ពីអតីតកាល បន្តទៅទៀត។

ខេមរៈ សិរីមន្ត និយាយថា «ពេលខ្ញុំទទួលដំណឹងនេះ តាមរយៈបងប្អូនខ្ញុំភ្លាម ខ្ញុំក៏បានមកសួរសុខទុក្ខគាត់ (លោក ជៀស ស្រួច) និងបាននាំថវិកា មកជួយគាត់ ទោះជាថវិកានេះតិចតួចក្ដី ប៉ុន្តែត្រូវតែជួយគ្នា ហើយខ្ញុំចង់និយាយប្រាប់គាត់ និងលើកទឹកចិត្តគាត់ឲ្យខំប្រឹងឡើង ដើម្បីបន្តការងារកីឡារឡើងវិញ ចូលរួមលើកស្ទួយវិស័យកីឡា យើងឡើងវិញ ខ្ញុំមិនចង់ឲ្យគាត់ គិតអ្វីច្រើនទៀតទេ..!»។

ម្ចាស់បទ «សង្សារក្រជូនពរអូន» រូបនេះ បានបន្តថា ពេលដែលបាត់មុខលោក ជៀស ស្រួច ពីវិស័យកីឡារ និងការងារសម្ដែង អស់រយៈពេលជាច្រើនឆ្នាំមកនេះ លោកគិតថា ជីវិតរបស់ ជៀស ស្រួច ប្រហែលជាបានប្រសើរឡើងហើយ ប៉ុន្តែផ្ទុយទៅវិញ បែរជាជួបរឿងកំសត់ស្ទើរមិនគួរឲ្យជឿបែបនេះ។ បើទោះបីជាលោក ជា ស្រួច បានធ្វើការងាររួមគ្នា (ថតបទចម្រៀង) ក្នុងរយៈពេលដ៏ខ្លីមួយ ក៏ពិតមែន ប៉ុន្តែលោកនៅតែបង្ហាញទឹកចិត្តអាណិតស្រឡាញ់ និងពុំបានគិតជ្រៀតជ្រែកចង់ដឹងឮ ពីអតីតកាលរបស់លោក ជៀស ស្រួច នោះឡើយ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]