(ភ្នំពេញ)៖ ដោយបានទទួលដំណឹងថា អតីតកីឡារប្រដាល់ និងជាតារាសម្ដែងក្នុងបទ «ជីវិតអ្នកប្រដាល់» លោក ជៀស ស្រួច បានបង្ហាញមុខឡើងវិញ ក្នុងស្ថានភាពក្រលំបាក តោកយ៉ាកផងនោះ តារាចម្រៀងល្បីឈ្មោះ ប្រចាំក្នុងផលិតកម្ម សាន់ដេ លោក ខេមរៈ សិរីមន្ត ក៏មិនបានបង្អង់យូរ ដោយលោកបានស្កាត់ទៅជួបលោក ជៀស ស្រួច នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ ពាំនាំនូវថវិកាផ្ទាល់ខ្លូន ជួយឧបត្ថម្ភ និងលើកទឹកចិត្តដល់លោក ជៀស ស្រួច ឲ្យរឹងមាំឡើង ដើម្បីបន្តការងារលើកស្ទួយ វិស័យក្បាច់គុណបុរាណខ្មែរបន្ថែមទៀត និងកុំគិតខ្វល់ពីអតីតកាល បន្តទៅទៀត។

ថ្លែងប្រាប់ Khmertalking នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ តារាចម្រៀងស្ថិតក្នុងបេះដូងយុវវ័យ លោក ខេមរៈ សិរីមន្ត បានប្រាប់ឲ្យដឹងថា ដោយសារតែលោកទើបទទួលដំណឹងថា លោក ជៀស ស្រួច បង្ហាញមុខឡើងវិញ ក្នុងស្ថានភាពក្រលំបាក ស្ទើរមិនគួរឲ្យជឿនោះ រូបលោកព្រមទាំងក្រុមគ្រួសារ បានទៅសួរសុខទុក្ខ និងនាំយកថវិកាបន្តិបន្ទួច ជួយដល់អតីតតារាសម្ដែង និងជាកីឡាករ ជៀស ស្រួច ដើម្បីសម្រាលទុក្ខលំបាកបានមួយគ្រា។ ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្ត ឲ្យលោក ជៀស ស្រួច បន្តរឹងមាំតស៊ូក្នុងជីវិត និងចូលរួមលើកស្ទួយវិស័យក្បាច់គុណ បុរាណខ្មែរឡើងវិញ។

ខេមរៈ សិរីមន្ត និយាយថា «ពេលខ្ញុំទទួលដំណឹងនេះ តាមរយៈបងប្អូនខ្ញុំភ្លាម ខ្ញុំក៏បានមកសួរសុខទុក្ខគាត់ (លោក ជៀស ស្រួច) និងបាននាំថវិកា មកជួយគាត់ ទោះជាថវិកានេះតិចតួចក្ដី ប៉ុន្តែត្រូវតែជួយគ្នា ហើយខ្ញុំចង់និយាយប្រាប់គាត់ និងលើកទឹកចិត្តគាត់ឲ្យខំប្រឹងឡើង ដើម្បីបន្តការងារកីឡារឡើងវិញ ចូលរួមលើកស្ទួយវិស័យកីឡា យើងឡើងវិញ ខ្ញុំមិនចង់ឲ្យគាត់ គិតអ្វីច្រើនទៀតទេ..!»។

ម្ចាស់បទ «សង្សារក្រជូនពរអូន» រូបនេះ បានបន្តថា ពេលដែលបាត់មុខលោក ជៀស ស្រួច ពីវិស័យកីឡារ និងការងារសម្ដែង អស់រយៈពេលជាច្រើនឆ្នាំមកនេះ លោកគិតថា ជីវិតរបស់ ជៀស ស្រួច ប្រហែលជាបានប្រសើរឡើងហើយ ប៉ុន្តែផ្ទុយទៅវិញ បែរជាជួបរឿងកំសត់ស្ទើរមិនគួរឲ្យជឿបែបនេះ។ បើទោះបីជាលោក ជា ស្រួច បានធ្វើការងាររួមគ្នា (ថតបទចម្រៀង) ក្នុងរយៈពេលដ៏ខ្លីមួយ ក៏ពិតមែន ប៉ុន្តែលោកនៅតែបង្ហាញទឹកចិត្តអាណិតស្រឡាញ់ និងពុំបានគិតជ្រៀតជ្រែកចង់ដឹងឮ ពីអតីតកាលរបស់លោក ជៀស ស្រួច នោះឡើយ។

សូមបញ្ជាក់ថា ថវិកាដែលតារាចម្រៀង ខេមរៈ សិរីមន្ត នាំមកជួយឧបត្ថម្ភដល់លោក ជៀស ស្រួច នៅពេលនេះ មានចំនួន៥០០ដុល្លារអាមេរិក ក្នុងនោះថវិកាផ្ទាល់ខ្លួនរបស់ សិរីមន្ត ចំនួន៣០០ដុល្លារ, បងប្អូនរបស់លោក ចំនួន១០០ ដុល្លារ និងមិត្តភក្តិរបស់លោក នៅឯប៉ោយប៉ែត ចំនួន១០០ ដុល្លារផងដែរ៕ 

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]