កាល់ស្យូម ជាសារធាតុដែលមានសារៈសំខាន់ណាស់ ចំពោះមនុស្សគ្រប់រូបមិនថា ក្មេង ចាស់ ប្រុស ឬស្រី។ លើសពីនេះស្ត្រីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅដោះកូនរឹតតែត្រូវការ សារធាតុកាល់ស្យូមគ្រប់គ្រាន់សម្រាប់សុខភាពខ្លួន និងទារក ដោយសារក្នុងអំឡុងពេលមានផ្ទៃពោះនិងបំបៅដោះគឺមានតម្រូវការកាល់ស្យូមខ្លាំងជាងគេ។ ដើម្បីសុខភាពល្អទាំងខ្លួនឯង និងទារកក្នុងផ្ទៃ អ្នកម្តាយគ្រប់រូបអាចទទួលបានសារធាតុកាល់ស្យូមពីអាហារមួយចំនួនដូចជាបន្លែបៃតងចាស់ ទឹកដោះគោជាដើម។ល។ ក៏ប៉ុន្តែតើអ្នកម្តាយដែលកំពុងពពោះកូន និងបំបៅដោះកូនគ្រប់រូបប្រាកដទេថាខ្លួនបានបរិភោគអាហារ ដែលសម្បូរសារធាតុកាល់ស្យូមគ្រប់គ្រាន់?

យោងតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោកឲ្យដឹងថា ស្រ្តីមានផ្ទៃពោះទាំងឡាយ ដែលទទួលទានកាល់ស្យូមមិនបានគ្រប់គ្រាន់ គប្បីទទួលទានកាល់ស្យូមបំពេញបន្ថែមអំឡុង ពេលមានផ្ទៃពោះ ដើម្បីការពារ ជំងឺបម្រុងក្រឡាភ្លើង ហើយជាពិសេសបំផុតចំពោះស្រ្តី ដែលមានហានិភ័យខ្ពស់ជាមួយ ជំងឺលើសសំពាធឈាម សម្រាប់អ្នកម្តាយ ដែលកំពុងពពោះ និងបំបៅដោះកូនគួរស្វែងយល់ឲ្យ បានច្បាស់អំពីសារៈសំខាន់នៃកាល់ស្យូម និងវិធីក្នុងការទទួលបានសារធាតុកាល់ស្យូម គ្រប់គ្រាន់សម្រាប់សុខភាពខ្លួនឯង និងទារកនៅក្នុងផ្ទៃ។ កម្រងសំណួរចម្លើយខាងក្រោមអាចជួយអ្នកនៅក្នុងបញ្ហានេះ។

សំណួរ(១). តើសារធាតុកាល់ស្យូមមានសារៈសំខាន់យ៉ាងណា សម្រាប់ស្រ្តីមានផ្ទៃពោះ និងទារកនៅក្នុងផ្ទៃ?

ចម្លើយ៖ សារធាតុកាល់ស្យូមមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាអាចជះឥទ្ធិពលដល់ សុខភាពមាតា និងទារកនាពេលបច្ចុប្បន្ននិងអនាគត។ យោងតាមអង្គការសុខភាពពិភពលោក បានផ្តល់អនុសាសន៍ថា កាល់ស្យូមគប្បីបំពេញបន្ថែម ចាប់ពីសប្តាហ៍ទី ២០នៃរយៈពេលមានផ្ទៃពោះ រហូតដល់សម្រាលបុត្រ។

• ទារកពិតជាចាំបាច់ក្នុងការទាមទារនូវជាតិកាល់ស្យូម ពីម្តាយរបស់ខ្លួនដើម្បីធ្វើឲ្យឆ្អឹងលូតលាស់ ធ្វើឲ្យបេះដូង សរសៃប្រសាទ និងសាច់ដុំមានសុខភាពល្អ។

• កាល់ស្យូមជួយឲ្យចង្វាក់បេះដូងទារកដំណើរការធម្មតា និងមានលទ្ធភាពក្នុងការធ្វើកំណកឈាម។

• ដំណាក់កាល១០០០ ថ្ងៃដំបូងនៃជីវិតគឺជាអំឡុងពេល ដែលទារកមានការលូតលាស់ខ្លាំង ទារកពិតជាចាំបាច់ណាស់ ក្នុងការនាំចូលនូវសារជាតិកាល់ស្យូម

• យោងតាមការសិក្សាស្រាវជ្រាវថ្មីបំផុតនៅភាគខាងលិច នៃប្រទេសអាល់ហ្សេរីបានឲ្យដឹងថា កំឡុងមានផ្ទៃពោះ ស្រី្តចំនួន៧០.៥៥%ជួបបញ្ហាកង្វះជាតិកាល់ស្យូម ហើយទារកប្រសូត្រធម្មតា ខ្វះកាល់ស្យូម៥៣.៧១% ទារកប្រសូត្រដោយការវះកាត់ខ្វះកាល់ស្យូម៥៥.៩៤% ចំណែកឯទារកប្រសូត្រ មិនគ្រប់ខែខ្វះកាល់ស្យូមរហូតដល់៧៩.០៩%។

ដូច្នេះ ការដែលបរិភោគអាហារដែលសម្បូរជាតិកាល់ស្យូម ឬទទួលទានសារធាតុបំប៉នកាល់ស្យូម បន្ថែមគឺជារឿងចាំបាច់បំផុត។

សំណួរ(២). តើមានអ្វីកើតឡើងចំពោះស្រ្តីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅដោះកូនដែលខ្វះជាតិកាល់ស្យូម?

ចម្លើយ៖ ស្រ្តីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅដោះកូន ដែលខ្វះជាតិកាល់ស្យូមអាចជួបបញ្ហាមួយចំនួនដូចជា៖ ឆ្អឹងស្ពោធ, ញ័រដៃ, ស្ពឹក និងរមួលក្រពើ។

សំណួរ(៣). ក្រៅពីជួបផលលំបាកខាងលើ តើស្រ្តីអាចប្រឈមនឹងជំងឺអ្វីទៀត?

ចម្លើយ៖ ស្រី្តដែលកង្វះសារធាតុកាល់ស្យូម នៅពេលមានផ្ទៃពោះអាចរងគ្រោះដោយសារ ជំងឺបម្រុងក្រឡាភ្លើង។ ជាពិសេសវាអាចកើតឡើង ក្នុងកំឡុងពេលស្រ្តីមានផ្ទៃពោះនៅសប្តាហ៍ទី២០ ហើយកើតឡើង ច្រើនបំផុតចំពោះស្រី្តមានផ្ទៃពោះលើកដំបូង។

សំណួរ(៤).បើដូច្នេះតើរោគសញ្ញាទាំងនោះមានអ្វីខ្លះដែលស្រ្តីគួរកត់សម្គាល់បាន?

ចម្លើយ៖រោគសញ្ញាមួយចំនួនដែលអាចសំគាល់ ជំងឺបម្រុងក្រឡាភ្លើងបានរូមមាន៖

• លើសសំពាធឈាម

• ហើមដៃ និង ជើង

• ធ្លាក់ជាតិសាច់តាមទឹកនោម

• ឈឺក្បាល

• ស្រវ៉ាំងភ្នែក

សំណួរ(៥).តើត្រូវបន្ថែមបរិមាណកាល់ស្យូមប៉ុន្មានកំឡុងពេលមានផ្ទៃពោះ ដើម្បីជៀសវាងរាល់បញ្ហា និងជំងឺទាំងនោះ?

ចម្លើយ៖ យោងតាមសៀវភៅណែនាំអំពីការពពោះនៅសហរដ្ឋអាមេរិក ដែលមានចំណងជើងថា “ការមានផ្ទៃពោះ និងកំណើតទារក” ឲ្យដឹងថា មានការស្រាវជ្រាវចំនួន១៣ផ្សេងគ្នានៅក្នុងឆ្នាំ២០១៤ ដែលមានអ្នកចូលរួមជាស្រ្តីចំនួន ១៥៧៣០នាក់ បានបង្ហាញថាការបន្ថែមកាល់ស្យូម ១០០០មីលីក្រាមក្នុងមួយថ្ងៃមានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយហានិភ័យ ជំងឺបម្រុងក្រឡាភ្លើងបានពី៣១% ទៅ ៦៥% ជាពិសេសចំពោះស្រ្តីដែលទទួលទានអាហារ ដែលពុំសូវសម្បូរកាល់ស្យូម។ លើសពីនេះទៀតយោងតាមអត្ថបទផ្សព្វផ្សាយរបស់ National Academy Press របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១០ បង្ហាញថា ស្រ្តីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូនគួរទទួលទានសារធាតុកាល់ស្យូម ឲ្យបាន ១៣០០ មីលីក្រាមក្នុងមួយថ្ងៃ។ ដូចនេះស្រ្តីជាមាតាគ្រប់រូបត្រូវទទួលទានអាហារ ដែលសំបូរសារធាតុកាល់ស្យូម ឬសារធាតុបំប៉នកាល់ស្យូមបន្ថែម។

សំណួរ(៦). តើអ្នកម្តាយគ្រប់រូបគួរធ្វើបែបណាដើម្បីប្រាកដថា ខ្លួនទទួលបានសារធាតុកាល់ស្យូមគ្រប់គ្រាន់?

ចម្លើយ៖ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនទាំងឡាយ អាចទទួលទានអាហារមួយចំនួន ដែលសម្បូរជាតិកាល់ស្យូមរាល់ថ្ងៃមានដូចជា៖

- តៅហ៊ូ២ដុំទម្ងន់៥៦ ក្រាម មានកាល់ស្យូមចំនួន ៤៥ មិល្លីក្រាម

- ទឹកដោះគោជូរលាយផ្លែឈើ ១កំប៉ុងតូចទម្ងន់១៣០ ក្រាម មានកាល់ស្យូមចំនួន១៣០ មិល្លីក្រាម

- ទឹកដោះគោគ្មានជាតិខ្លាញ់ ១ពែងមានកាល់ស្យូម ៣០០ មិល្លីក្រាម

ការទទួលទានអាហារទាំងនេះជាប្រចាំ នឹងអាចផ្តល់សារធាតុកាល់ស្យូម ចាំបាច់ដល់សុខភាពមាតា និងការលូតលាស់របស់ទារកក្នុងផ្ទៃ។

សំណួរ(៧). ចុះសម្រាប់ស្ត្រីមានផ្ទៃពោះ និងស្រី្តបំបៅដោះកូនដែលមិនបានទទួលទានអាហារទាំងនេះជាប្រចាំ ឬមិនចូលចិត្តអាហារទាំងនេះ តើពួកគាត់ត្រូវធ្វើដូចម្តេច?

ចម្លើយ៖ ក្រៅពីអាហារដែលបានរៀបរាប់ខាងលើ ស្ត្រីមានផ្ទៃពោះទាំងអស់អាចជ្រើសរើសយកផលិតផល សារធាតុបំប៉នកាល់ស្យូម ដើម្បីបំពេញបន្ថែមជារៀងរាល់ថ្ងៃដើម្បីទ្រទ្រង់សុខភាពរបស់ខ្លួន និងទារកក្នុងផ្ទៃឲ្យមាន ការលូតលាស់បានល្អប្រសើរ។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]