(បន្ទាយមានជ័យ)៖ សាច់មាន់ ថ្លើមមាន់ និងជង្គង់មាន់ខូចគុណភាព ដែលធ្វើឲ្យមានការប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរនោះ ត្រូវបានមន្រ្តីសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បើកប្រតិបត្តិការចុះ​ទៅចាប់ដកហូត បានចំនួន១០កញ្ចប់ធំ ដែលស្នើនឹង១២០គីឡូក្រាម ស្ថិតនៅផ្សាររ៉ា ក្រុងប៉ោយប៉ែត។

លោក ហុង លាង អនុប្រធានសាខាកាំកុងត្រូល ទទួលបន្ទុកស្ថិតិ និងទីផ្សារ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះថា «សាច់មាន់ ថ្លើមមាន់ និងជង្គង់​មាន់​ចំនួន១២០​គីឡូក្រាម ត្រូវបានយើងដកហូត បានពីការនាំចូលមកពីប្រទេសថៃ តាមរយៈក្រុមកម្មករ អូសរទេះ នៅវេលាម៉ោងជាង​៨ព្រឹកមិញ ហើយនៅវេលា​ម៉ោងជាង១​រសៀលថ្ងៃនេះ យើងបានសហការ​ជាមួយនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង​មហាផ្ទៃ និងមន្រ្តីគយ នៅតាមព្រំដែនយកទៅដុតកម្ទេចចោល នៅកាស៊ីណូផ្កាយ៥»

លោក ហុង លាង បានបញ្ជាក់ថា ក្រោមការណែនាំពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត មន្រ្តីរបស់យើងបានខិតខំយ៉ាងខ្លាំង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបន្តចុះ ស្រាវជ្រាវជាប្រចាំចំពោះ ការលួចនាំចូលសាច់ខូចគុណភាព ពីព្រោះនេះបានធ្វើឲ្យមានការប៉ះពាល់​យ៉ាងខ្លាំងដល់សុខភាព​ប្រជាពលរដ្ឋទូទៅ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖ 

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត   «ណែម» មានផ្ទុកសារធាតុគីមី ដាក់លក់តាមផ្លូវជាតិលេខ៥ ត្រូវមន្រ្តីកាំកុងត្រូលចុះដកហូត, សាច់ត្រីធ្វើណែម លួចនាំចូលពីវៀតណាម គួររំលឹកផងដែរថា ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបងលោក ហាក់ សុខរិន សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងសមត្ថកិច្ចមូលដ្ឋាន បានចុះត្រួតពិនិត្យ និងដកហូតណែមសាច់ត្រី ដែលក្រុម អាជីវករបានដាក់លក់ តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីរង្វង់មូលព្រាបសន្តិភាព ក្រុងបាត់ដំបង ដល់ចំណុច ឃុំអន្លូងវិល ស្រុកសង្កែ ខេត្តបាត់ដំបង។​ ក្រោយពីក្រុមជំនាញខាងលើនេះត្រួតពិនិត្យរួចហើយ ឃើញថាណែមទាំងនេះមានសារធាតុដែលហាមឃាត់ (បូរ៉ាក់) ពិតប្រាកដមែន។

មន្រ្តីកាំកុងត្រូល បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះថា «ណែមដែលត្រូវបានដាក់តាំងលក់យ៉ាងច្រើនស្កេះស្កះ បន្តកន្ទុយគ្នានេះ ភាគច្រើនអ្នកធ្វើដំណើរ ឬក៏ភ្លៀវទេសចរណ៍ ចូលទិញដើម្បីទុកបរិភោគ ហើយក្រុមអាជីវករទាំងអស់ ដែលជាអ្នកលក់នេះ មិនមែនពួកគាត់ជាអ្នកធ្វើខ្លួននោះទេ គឺនាំចូលពីថៅកែធំៗដែលជាផលិត»។ មន្រ្តីកាំកុងត្រូលបានបន្តថា «នៅពេលដែលញាំអ្វីមួយ ដែលមានសារធាតុបូរ៉ាក់នេះនឹងបង្កឲ្យទៅជាមានជំងឺ ហើយអាចបណ្តាលឲ្យស្លាប់ផងដែរ»។

ក្នុងបេសកកម្មចុះដកហូតណែមដែលមានសារធាតុហាមឃាត់នេះ បានធ្វើឡើងពេញមួយថ្ងៃតែម្តងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយពីប្រតិបត្តិការចុះដកហូតណែមរបស់ក្រុមអាជីវកររួចមក មន្រ្តីជំនាញក៏បានបន្តដំណើរទៅកន្លែង ដែលជាអ្នកផលិតធំតែម្តង។ មន្រ្តីជំនាញបានបញ្ជាក់ថា «ពេលមកដល់កន្លែងផលិតហើយ យើងបានពិនិត្យឃើញ នៅក្នុងប្រហិតត្រី ដែលត្រូវយកមកផលិតជាណែមនោះ មានជាតិបូរ៉ាក់ ដូច្នេះយើងក៏បានដកហូតយកទៅកម្ទេចចោលផងដែរ»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]