(ភ្នំពេញ)៖ ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបងលោក ហាក់ សុខរិន សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងសមត្ថកិច្ចមូលដ្ឋាន បានចុះត្រួតពិនិត្យ និងដកហូតណែមសាច់ត្រី ដែលក្រុម អាជីវករបានដាក់លក់ តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីរង្វង់មូលព្រាបសន្តិភាព ក្រុងបាត់ដំបង ដល់ចំណុច ឃុំអន្លូងវិល ស្រុកសង្កែ ខេត្តបាត់ដំបង។​ ក្រោយពីក្រុមជំនាញខាងលើនេះត្រួតពិនិត្យរួចហើយ ឃើញថាណែមទាំងនេះមានសារធាតុដែលហាមឃាត់ (បូរ៉ាក់) ពិតប្រាកដមែន។

មន្រ្តីកាំកុងត្រូល បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះថា «ណែមដែលត្រូវបានដាក់តាំងលក់យ៉ាងច្រើនស្កេះស្កះ បន្តកន្ទុយគ្នានេះ ភាគច្រើនអ្នកធ្វើដំណើរ ឬក៏ភ្លៀវទេសចរណ៍ ចូលទិញដើម្បីទុកបរិភោគ ហើយក្រុមអាជីវករទាំងអស់ ដែលជាអ្នកលក់នេះ មិនមែនពួកគាត់ជាអ្នកធ្វើខ្លួននោះទេ គឺនាំចូលពីថៅកែធំៗដែលជាផលិត»។ មន្រ្តីកាំកុងត្រូលបានបន្តថា «នៅពេលដែលញាំអ្វីមួយ ដែលមានសារធាតុបូរ៉ាក់នេះនឹងបង្កឲ្យទៅជាមានជំងឺ ហើយអាចបណ្តាលឲ្យស្លាប់ផងដែរ»

ក្នុងបេសកកម្មចុះដកហូតណែមដែលមានសារធាតុហាមឃាត់នេះ បានធ្វើឡើងពេញមួយថ្ងៃតែម្តងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយពីប្រតិបត្តិការចុះដកហូតណែមរបស់ក្រុមអាជីវកររួចមក មន្រ្តីជំនាញក៏បានបន្តដំណើរទៅកន្លែង ដែលជាអ្នកផលិតធំតែម្តង។ មន្រ្តីជំនាញបានបញ្ជាក់ថា «ពេលមកដល់កន្លែងផលិតហើយ យើងបានពិនិត្យឃើញ នៅក្នុងប្រហិតត្រី ដែលត្រូវយកមកផលិតជាណែមនោះ មានជាតិបូរ៉ាក់ ដូច្នេះយើងក៏បានដកហូតយកទៅកម្ទេចចោលផងដែរ»

ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបងលោក ហាក់ សុខរិន បានថ្លែងថា ក្នុងបេសកម្មនេះ ក្រុមអាជីវករបានចូលរួមសហការ ជាមួយសមត្ថកិច្ចបានយ៉ាងល្អ ដោយយល់ព្រមឲ្យពិនិត្យ ដោយស្ម័គ្រចិត្តពុំមានការប្រកែកអ្វីទេ។ ដោយឡែកលោក ហេង លុយ ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តបាត់ដំបង ដែលដឹកនាំសម្របសម្រួលផ្នែកច្បាប់ បានថ្លែងថា ការចុះត្រួតពិនិត្យសិប្បកម្មផលិតណែមសាច់ត្រី ដែលស្ថិតនៅឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាលើកទី២ហើយ ដែលមន្រ្តីជំនាញបានចុះមកពិនិត្យ រកសារធាតុហាមឃាត់នេះ។ លោកថា «ទោះបីជាយ៉ាងណា ក៏មានសិប្បកម្មខ្លះទៀត គេមិនបានដាក់សារធាតុបូរ៉ាក់នេះទេ»

សម្រាប់ម្ចាស់សិប្បកម្មវិញបានឲ្យដឹងថា ពួកគាត់ទិញត្រីយកមកធ្វើណែមនេះ ពីប្រទេសវៀតណាម ព្រោះត្រីធម្មជាតិមានតម្លៃថ្លៃខ្លាំងពេក ចំណែកត្រីទិញពីវៀតណាមានតម្លៃថោក ហើយការលាយធ្វើណែមយកមកលក់នេះ រស់ជាតិរបស់វាក៏មានប្រហាក់ប្រហែលគ្នា ទៅនឹងត្រីធម្មជាតិផងដែរ។

សម្រាប់មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានថ្លែងថា សិប្បកម្មដែលផលិតណែមនេះ ពុំមានច្បាប់អនុញ្ញាតនោះទេ គឺពួកគេចេះតែលួចធ្វើតៗគ្នា។ ក្រោយបញ្ចប់ពិនិត្យសិប្បកម្មផលិតណែមហើយ ក៏បានបន្តដំណើរទៅពិនិត្យកន្លែងយឿត្រី នៅឃុំក្តូលកូនទាវ ក្រុងបាត់ដំបង ដើម្បីស្វែងរកកន្លែងផលិតប្រហិតត្រី ហើយក៏ពិនិត្យឃើញមានជាតិបូរ៉ាក់ នៅក្នុងប្រហិតត្រីជាង១ពាន់គីឡូក្រាម ហើយក៏ត្រូវរឹបអូសយកមកតម្កល់ទុកនៅ អធិការដ្ឋាននគរបាល ស្រុកសង្កែ ដើម្បីដុតចោលនាពេលខាងមុខ និងម្ចាស់សិប្បកម្មផលិតណែម ដែលមានជាតិបូរ៉ាក់ ក៏បានបិទជាបណ្តោះអាសន្នផងដែរ។

ក្រុមមន្រ្តីជំនាញកាំកុងត្រូលខាងលើ បានអះអាងទៀតថា ដោយមានការណែនាំពីអគ្គនាយកកាំកុងត្រូលលោក ម៉ក់ ពេជ្ជរិទ្ធ នៅថ្ងៃទី២៩ ខែកក្កដានេះ នឹងបន្តចុះត្រូតពិនិត្យកន្លែង ផលិតណែម ដែលដាក់សារធាតុហាមឃាត់ ដើម្បីធ្វើយ៉ាងណា ជួយលើកកម្ពស់សុខភាព របស់ប្រជាពលរដ្ឋឲ្យជៀសឆ្ងាយ ពីជំងឺតម្កាត់ ផ្សេងៗ ដែលបង្កឡើងពីការហូបណែម ដែលមានជាតិហាមឃាត់៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖ 

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត   សរសៃគុយទាវ មានសារធាតុគីមី ត្រូវបានមន្ត្រីកាំកុងត្រូល​ រកឃើញនៅផ្សារលើធំថ្មី ក្រុងសៀមរាបគួររំលឹកផងដែរថា មន្ត្រីកាំកុងត្រូលសាខាខេត្តសៀមរាប ដឹកនាំដោយលោក ង៉ែត ចេក ប្រធានសាខា សហការ ជាមួយ​មន្ត្រីមន្ទីពាណិជ្ជកម្ម រួមជាមួយអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ បានចុះត្រួតពិនិត្យទំនិញ នៅផ្សារលើធំថ្មី ក្រុងសៀមរាប ខេត្តសៀមរាប ដោយបានរកឃើញសរសៃគុយទាវផ្ទុកសារធាតុគីមី ចំនួន ៦.៥០គីឡូក្រាម ។

លោកប្រធានសាខា បានឲ្យដឹងថា គោលបំណងនៃការចុះពិនិត្យនេះ មន្ត្រីជំនាញ បានយកចិត្តទុកដាក់ជាសំខាន់ ទៅលើផលិតផលទំនិញ ម្ហូបអាហារ ភេសជ្ជៈ គ្រឿងឧបភោគ បរិភោគ បន្លែ ផ្លែឈើ ដែលអាជីវករដាក់តាំងលក់ នៅលើទីផ្សារ ឲ្យទទួលបាននូវ ម្ហូបអារហារ ប្រកបដោយ សុវត្ថិភាព និងមិនប៉ះពាល់ដល់ សុខភាព ។

តាមរយៈ​ការ​ចុះត្រួតពិនិត្យនៅផ្សារលើធំថ្មីនេះ កំលាំងចំរុះបានរកឃើញ និងធ្វើកិច្ចសន្យាដកហូត ទំនិញខូចគុណភាព ហួសកាលបរិច្ឆទប្រើប្រាស់ដូចជា ប្រេងខ្យង ម៉ាក Maggi ទឹកស៊ីអ៊ីវ ម៉ាក Maggi សរុបចំនួន ២០ ដប ។ ទំពាំងកំប៉ុង ដល់កាលបរិច្ឆទ ប្រើប្រាស់ ចំនួន ៣កំប៉ុង ។ និងបានត្រួតពិនិត្យមើលលើ សរសៃមី គុយទាវ និងរក​ឃើញសរសៃគុយទាវមានផ្ទុកសារធាតុគីមីហាមឃាត់ Borax ចំនួន ៦.៥០គីឡូក្រាម។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]