(តាកែវ)៖ ក្រុមកម្មករ-កម្មការិនីនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ «ហ្កាបូថេក ត្រេឌីងខមភេនី» ដែលមានទីតាំងនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវជាង៣០នាក់ នៅវេលាថ្ងៃត្រង់ទី២១ ខែកក្ដដា ឆ្នាំ២០១៦នេះ បានដួលសន្លប់ជាបន្តបន្ទាប់ដោយមិនទាន់ដឹងមូលហេតុ។

លោក ឆាយ សាវុធ អធិការនគបាលក្រុងដូនកែវ បានថ្លែងឲ្យដឹងថា មូលហេតុដែលកម្មករដួលសន្លប់ជាបន្តបន្ទាប់ គឺបណ្ដាលមកពីរោងចក្របិទបង្អូច និងទ្វារដែលនាំឲ្យខ្វះឧកស៊ីស៊ែន សម្រាប់កម្មករដកដង្ហើម បន្ទាប់មកក៏មានកម្មករម្នាក់សន្លប់ ពេលឃើញកម្មករម្នាក់នោះសន្លប់ ក៏មានកម្មករដទៃទៀតបានចាប់ផ្ដើមដួលសន្លប់ជាបន្តបន្ទាប់តាមដែរ។ លោកបន្តទៀតថា ប៉ុន្តែកម្មករទាំងអស់ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តតាកែវ ដើម្បីព្យាបាលបានទាន់ពេលវេលា មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

បើតាមលោកអធិការនគបាលក្រុងដូនកែវ បច្ចុប្បន្នកម្មករទាំងអស់កំពុងតែ សំរាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តតាកែវ ហើយខាងមន្រ្តីមន្ទីរការងារខេត្តក៏ បានចុះមកពិនិត្យមើលកន្លែង រោងចក្រខាងលើ ដើម្បីវាយតម្លៃពីមូលហេតុ ដែលបណ្ដាលឲ្យកម្មករដួលសន្លប់នេះ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖ ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត   កម្មកររោងចក្រកាត់ដេរ ឆៃយ៉ា៦ នៅស្រុកពញាឮ ១៩នាក់ ដួលសន្លប់ពេលកំពុងធ្វើការ ដោយសារធំក្លិនអាចម៍មាន់ គួររំលឹកផងដែរថា​ កម្មការិនីរោងចក្រឆៃយ៉ា៦ ដែលមានទីតាំងស្ថិតនៅភូមិស្រែរាំង ឃុំទំនប់ធំ ស្រុកញាឮខេត្តកណ្តាល ចំនួន១៩នាក់ បានដួលសន្លប់ពេលកំពុងធ្វើការ កាលពីវេលាម៉ោងជាង៩ព្រឹក​ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ដោយសារធំក្លិនអាចម៍មាន់ ដែលត្រូវបានគេបាចក្នុងស្រែក្បែររោងចក្រ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា «មូលហេតុនោះ មកពីបងប្អូនប្រជាពលរដ្ឋបានយក ជីអាចម៍មាន់ទៅបាចក្នុងស្រែ ក្បែររោងចក្រចំនួន២បាវ បណ្តាលឲ្យក្លិនជះចូលទៅក្នុងរោង ពេលនោះកម្មករ កម្មការនី ធំខ្លឹនក៏សន្លប់តែម្តង»។

ក្រោយកើតហេតុ ជនរងគ្រោះទាំង១៩នាក់ខាងលើ ត្រូវបានសន្តិសុខ និងរដ្ឋបាលរោងចក្រ ដឹកបញ្ជូនទៅមន្ទីរពេទ្យក្រាំងពន្លៃ តែមិនមានសេចក្តីរាយការណ៍ ពីការប៉ះពាល់ដល់អាយុជិវិតនោះឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]