(កណ្តាល)៖ កម្មការិនីរោងចក្រឆៃយ៉ា៦ ដែលមានទីតាំងស្ថិតនៅភូមិស្រែរាំង ឃុំទំនប់ធំ ស្រុកញាឮខេត្តកណ្តាល ចំនួន១៩នាក់ បានដួលសន្លប់ពេលកំពុងធ្វើការ នៅវេលាម៉ោងជាង៩ព្រឹក​ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយសារធំក្លិនអាចម៍មាន់ ដែលត្រូវបានគេបាចក្នុងស្រែក្បែររោងចក្រ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា «មូលហេតុនោះ មកពីបងប្អូនប្រជាពលរដ្ឋបានយក ជីអាចម៍មាន់ទៅបាចក្នុងស្រែ ក្បែររោងចក្រចំនួន២បាវ បណ្តាលឲ្យក្លិនជះចូលទៅក្នុងរោង ពេលនោះកម្មករ កម្មការនី ធំខ្លឹនក៏សន្លប់តែម្តង»។

ក្រោយកើតហេតុ ជនរងគ្រោះទាំង១៩នាក់ខាងលើ ត្រូវបានសន្តិសុខ និងរដ្ឋបាលរោងចក្រ ដឹកបញ្ជូនទៅមន្ទីរពេទ្យក្រាំងពន្លៃ តែមិនមានសេចក្តីរាយការណ៍ ពីការប៉ះពាល់ដល់អាយុជិវិតនោះឡើយ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងករណីដួលសន្លប់នេះ ក្រលេកមកមើលករណីមួយផ្សេងទៀតគឺ មន្ត្រី​នគរបាល​ម្នាក់​ ដួលសន្លប់​ពេល​ឈរជើង ​យាម​ការពារ​ក្បួន ឯកអគ្គរដ្ឋទូត​អាមេរិក​ ប្រារព្ធ​ខួប​​​​​​ឯករាជ្យ​ នៅ​សណ្ឋាគារ​សុខា គួររំលឹកផងដែរថា មន្ត្រីនគរបាលខណ្ឌជ្រោយចង្វារម្នាក់ បានដួលសន្លប់ ខណៈដែលកំពុងឈរជើង យាមការពារក្បួនរបស់ថ្នាក់ដឹកនាំអន្តរជាតិ ដែលមានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អញ្ជើញមកចូល រួមប្រារព្ធខួបឯករាជ្យអាមេរិក នៅសណ្ឋាគារសុខា កាលពីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចទល់មុខយុទ្ធការ តាមបណ្តោយផ្លូវទន្លេសាប ស្ថិតក្នុងក្រុមទី៧ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

លោក ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា បន្ទាប់ពីកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ និងកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ ទទួលបានផែនការពីថ្នាក់លើ ដើម្បីឈរជើងយាមការពារក្បួន របស់ថ្នាក់ដឹកនាំអន្តរជាតិ ដែលមានអគ្គរដ្ឋទូតអាមេរិក បានមករៀបចំពិធីខួបឯករាជ្យ នៅសណ្ឋាគារសុខា ខណៈដែលក្បួនរបស់ថ្នាក់ ដឹកនាំអន្តរជាតិ ពុំទាន់មកដល់ផង ស្រាប់តែមន្ត្រីនគរបាល ខណ្ឌជ្រោយចង្វារម្នាក់ បានដួលសន្លប់ស្ដូកស្ដឹងទៅហើយ និងត្រូវបានកម្លាំងនគរបាល ដែលឈរជើងក្បែរនោះ ជួយដឹកតាមម៉ូតូរ៉ឺម៉កកង់បី យកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យដុសសិទ្ធិ ដែលនៅជិតបំផុត ប៉ុន្តែដោយអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ពាក់ព័ន្ធ និងបេះដូង ក៏ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យធំ (ហៅ១៧៩) នៅខាងជើងវត្តភ្នំ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]