(ភ្នំពេញ)៖ មន្ត្រីនគរបាលខណ្ឌជ្រោយចង្វារម្នាក់ បានដួលសន្លប់ ខណៈដែលកំពុងឈរជើង យាមការពារក្បួនរបស់ថ្នាក់ដឹកនាំអន្តរជាតិ ដែលមានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អញ្ជើញមកចូល រួមប្រារព្ធខួបឯករាជ្យអាមេរិក នៅសណ្ឋាគារសុខា នៅល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចទល់មុខយុទ្ធការ តាមបណ្តោយផ្លូវទន្លេសាប ស្ថិតក្នុងក្រុមទី៧ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

លោក ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា បន្ទាប់ពីកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ និងកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ ទទួលបានផែនការពីថ្នាក់លើ ដើម្បីឈរជើងយាមការពារក្បួន របស់ថ្នាក់ដឹកនាំអន្តរជាតិ ដែលមានអគ្គរដ្ឋទូតអាមេរិក បានមករៀបចំពិធីខួបឯករាជ្យ នៅសណ្ឋាគារសុខា ខណៈដែលក្បួនរបស់ថ្នាក់ ដឹកនាំអន្តរជាតិ ពុំទាន់មកដល់ផង ស្រាប់តែមន្ត្រីនគរបាល ខណ្ឌជ្រោយចង្វារម្នាក់ បានដួលសន្លប់ស្ដូកស្ដឹងទៅហើយ និងត្រូវបានកម្លាំងនគរបាល ដែលឈរជើងក្បែរនោះ ជួយដឹកតាមម៉ូតូរ៉ឺម៉កកង់បី យកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យដុសសិទ្ធិ ដែលនៅជិតបំផុត ប៉ុន្តែដោយអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ពាក់ព័ន្ធ និងបេះដូង ក៏ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យធំ (ហៅ១៧៩) នៅខាងជើងវត្តភ្នំ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា មន្ត្រីនគរបាលដែលបានដួលសន្លប់ មានឈ្មោះ ឃួន ឈាន ភេទប្រុស អាយុ៥២ឆ្នាំ មានឋានៈអនុសេនីយ៍ទោ (ស័ក្តិ២) ពាក់អត្តលេខ ១៧៥ ៩២ ជាមន្ត្រីផ្នែកសេនាធិការ ដោយកាន់ការងារវិទ្យុទាក់ទង ខណ្ឌជ្រោយចង្វារ ស្នាក់នៅភូមិ១ សង្កាត់ច្រាំងចម្រេះទី១ ខណ្ឌឫស្សីកែវ។ បច្ចុប្បន្នមន្ត្រីប៉ូលីសរូបនោះ កំពុងបន្តសម្រាកព្យាបាល ក្នុងស្ថានភាពធ្ងន់ធ្ងរ នៅឯមន្ទីរពេទ្យធំ (ហៅ១៧៩)៕

ប្រភព៖ Fresh News

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ទាក់ទងនឹងករណីសន្លប់នេះ អាចធ្វើឲ្យនឹកឃើញ ដល់រឿងលោកតាវ័យ ៧២ឆ្នាំធាក់ស៊ីក្លូខ្យល់គរ តាមផ្លូវសន្លប់។ គួររំលឹកថា ដោយសារតែ ភាពក្រីក្រ លោកតា វ័យ៧២ឆ្នាំ ទៅហើយ នៅតែ ប្រកបរបរ ធាក់ស៊ីក្លូ រកកម្រៃហូបចុក តែមិនគ្រប់គ្រាន់ ក៏ខ្យល់គរតាមផ្លូវ ត្រូវសមត្ថកិច្ច និងសន្តិសុខ ឯកជន លើកដាក់ លើស៊ីក្លូ យកទៅសង្គ្រោះ នៅមន្ទីរពេទ្យ សម្ភពក្រុង កាលពីវេលា ម៉ោង៥ និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១៩ ធ្នូ នៅមុខសណ្ឋាគារ អេនជេល ផ្លូវលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

តាម ពិតទៅ របរធាក់ស៊ីក្លូ កំពុងបាត់បង់ អាជីពទៅហើយ បើមានខ្លះនោះ គ្រាន់តែជា ការអភិរក្ស សម្រាប់បម្រើ លើវិស័យទេសចរណ៍ តែប៉ុណ្ណោះ ។ ចំពោះឥរិយាបថ អ្នកជិះស៊ីក្លូវិញ ក៏ហាក់លែង ជាជម្រើស ទៀតហើយ ព្រោះយានយន្ត នានា បានចូលមកជំនួស ។ បើនិយាយពី លោកតាវិញ សម្រាប់អ្នកជិះ ក៏មិនហ៊ាន ហៅគាត់ជិះដែរ ដោយសារ គាត់ចាស់ គ្មានកម្លាំង ឯណាធាក់ស៊ីក្លូ តែនេះ ដោយសារ ស្ថានភាពជីវភាព ក៏បង្ខំឱ្យលោកតា ត្រូវតែត្រដាបត្រដួស ដើម្បីរកប្រាក់ ចិញ្ចឹមជីវិត និងគ្រួសារនោះ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]