ភ្នំពេញ៖ ថ្មីៗនេះ គេសង្កេតឃើញថា អ្នកនាង ពេជ្រ សោភា ដែលជាតារាចម្រៀងមួយរូប ប្រចាំផលិតកម្មរស្មីហង្សមាស ហើយក៏ជាអតីត Coach ប្រចាំកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក The Voice Cambodia ទាំងពីររដូវកាលនោះ ក្រោយពីបានចេញវីដេអូឃ្លីបមួយ ទម្លាយប្រាប់ជាសាធាណៈ ប្រកាសថាខ្លួន ចាកចេញពីសិល្បៈ ដោយហេតុផលលើកឡើងថា ដោយសារតែកើតមានជំងឺបាក់ទឹកចិត្ត ជាហេតុបង្កឲ្យមានភាព ចម្រូងចម្រាសជាច្រើន ទៅដល់អ្នកគាំទ្រលើរូបនាងជាខ្លាំង ទាំងការបារម្ភ និងផ្តល់កម្លាំងចិត្តលើរូបនាងជានិច្ច ខណៈមានគាំទ្រមួយចំនួន បានគិតថាប្រហែលជាអ្នកនាង អាចសម្រាកមួយរយៈ ដើម្បីព្យាបាលជំងឺផងដែរ។ 

ទន្ទឹមនឹងនោះផងដែរ តាមរយៈទំព័រហ្វេសប៊ុកផេករបស់នាង កាលពីម្សិលមិញនេះ អ្នកនាងបានសរសេរសារយ៉ាងខ្លីមួយ ភ្ជាប់ជាមួយនឹងរូបថតមួយសន្លឹក នៅមុខផ្នូរ ឪពុករបស់នាងថា៖ «សុំទោសពុក កូននៅអត់បានយូរ ព្រោះកូន.......» ។ ខណៈធ្វើឲ្យអ្នកគាំទ្រជាច្រើនលើរូបនាង មានការព្រួចចិត្តយ៉ាងខ្លាំង ដោយមិនដឹងថា ពេជ្រ សោភា ពេលនេះនាងកំពុងតែគិតអ្វី ឬចង់ធ្វើអ្វីបន្តនោះឡើយ។

ស្របពេលជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រជាច្រើន បានចូលខ្លួនមកបញ្ចេញមតិ “Comment” លើកទឹកចិត្តនាង ក្រោមសាររូបភាពនោះ ជាច្រើនព្រោងព្រាតផងដែរ។ ខណៈមានម្ចាស់គណនីមួយ បានសរសេរថា «កុំនិយាយចឹងអីបងភា ខ្ញុំចង់ឃើញបងច្រៀងបន្តទៀត ស៊ូៗណាបង ជីវិតរបស់មនុស្សលោកកើតមក មានរស់មានស្លាប់ជារឿតធម្មតាទេ តែអ្វីដែលសំខាន់គឺ យើងត្រូវប្រើពេលដែលនៅសល់ឲ្យបានល្អ ទើបយើងមានសេចក្តីសុខ ខ្ញុំស្រលាញ់ និងគាំទ្របងរហូត I’m your fan b SP»

«បងត្រូវរស់នៅឲ្យបានយូរ មានមនុស្សជាច្រើនទៀត កំពុងរង់ចាំបងនិពន្ធ Original Song ថ្មីៗទៀត បងកុំអស់សង្ឃឹមណាស៊ូៗណាបង»

«ហេតុអី បងភា ចូលចិត្តនិយាយមិនឲ្យអស់ពាក្យចឹងបង ដឹងទេពួកយើងខ្ញុំបារម្ភពីបងប៉ុណ្ណា ស៊ូៗណាម៉ែមីខ្ញឹង»

ជុំវិញនឹងរឿងរ៉ាវទាំងអស់នេះផងដែរ មិនទាន់ឃើញមានការបកស្រាយ ឲ្យច្បាស់ពីសំណាក់ តារាចម្រៀងស្រី ថ្គាមខ្លា រូបនេះនៅឡើយនោះទេ។ ជាហេតុកាន់តែធ្វើឲ្យ ប្រិយមិត្តអ្នកគាំទ្រលើរូបនាង ខ្លះមានការអាក់អន់ចិត្ត ឯខ្លះទៀតព្រួយគិតពីនាងយ៉ាងខ្លាំង ដោយសង្ឃឹមថា អ្នកនាង ពេជ្រ សោភា នឹងចូលខ្លួនបកស្រាយ ការពិតប្រាប់ទៅដល់មហាជនទូទៅ ក៏ដូចជាអ្នកគាំទ្រលើរូបនាង ក្នុងពេលឆាប់ៗនេះផងដែរ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា