កំពង់ចាមៈ   ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ដោយសារតែនាងមានការតូចចិត្ត និងឪពុកចុង បើកដៃឲ្យមិត្តរបស់គេ ចាប់រំលោភសេពសន្ថវៈលើរូបនាង បានសម្រេចរហូត ដល់ទៅ២ដង ក្នុងមួយយប់ ទើបនាងឡើងលើដើមស្វាយមុខផ្ទះ បម្រុងលោតសម្លាប់ខ្លួន ប៉ុន្តែសំណាងល្អ បានមន្ត្រីនគរបាលស្រុកព្រៃឈរ ជួយអន្តរាគមន៍ទាន់ ពេលវេលា រីឯជនសង្ស័យពីរនាក់ ដែលពាក់ព័ន្ធក្នុងករណីនោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍ក្មេងស្រី បម្រុងលោតពីលើដើមស្វាយធ្វើអត្តឃាត នោះ បានកើតឡើងកាលពីរសៀល ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១២ នៅភូមិសូដី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

អធិការរងនគរបាលស្រុកព្រៃឈរ លោក សួន រស់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា នៅល្ងាចថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១២ នៅផ្ទះរបស់ឈ្មោះ ងួន ឡេង ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជាម្តាយក្មេងស្រីរងគ្រោះ និងឈ្មោះ ប៉ិច រ៉ូប៊ី ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវជាឪពុកចុងក្មេងស្រីរងគ្រោះ បានផឹកស៊ីនៅផ្ទះរបស់ពួក គេ នៅក្នុងភូមិសូដី ឃុំសំរោង ស្រុកព្រៃឈរ ជាមួយមិត្តភក្តិម្នាក់ឈ្មោះ លីម សុវ៉ាត ភេទប្រុស អាយុ ២២ឆ្នាំ ដែលមានទីលំនៅភូមិចាំនាង ឃុំផ្តៅជុំ ស្រុកជើងព្រៃ ។ លុះពេលជាតិសុរ៉ាចូលពោះ បុរសឈ្មោះ លីម សុវ៉ាត បានសម្លឹងមើលឃើញកូនចុង របស់មិត្តភក្តិ គឺជាក្មេងស្រីរងគ្រោះ ឈ្មោះ ច.ហ អាយុ១៤ឆ្នាំ ឈ្មោះ លីម សុវ៉ាត ក៏បាននិយាយថា «គ្នាចង់ធ្វើជាកូនប្រសារបស់សម្លាញ់ឯង» ពេលនោះ ក្មេងស្រីរងគ្រោះមិនតបតទេ គឺនាងបានសម្ងំនៅក្នុងបន្ទប់ដេក ដែលមានតែវាំងននក្រណាត់ បិទពីមុខតែប៉ុណ្ណោះ។

លោកអធិការរង បានបន្តឲ្យដឹងទៀតថា លុះដល់ផឹកស៊ីលាយ និងសម្តីលេបខាយ រហូតដល់យប់ជ្រៅបន្តិច ខាងម្ចាស់ផ្ទះជាម្តាយ និងឪពុកចុង ក៏នាំគ្នាបម្រុងបិទ អំពូលភ្លើងដេក ប៉ុន្តែខណៈពេលនោះ បុរសឈ្មោះ លីម សុវ៉ាត បានចូលទៅដេកក្នុងបន្ទប់ បាំងតែវាំងននរបស់ក្មេងស្រីរងគ្រោះ ហើយភ្លាមៗនោះដែរ ក្មេងស្រីរង គ្រោះ បានស្រែក និងដេញបុរសឈ្មោះ លីម សុវ៉ាតនោះចេញវិញ។ លុះពេលបុរសឈ្មោះ សុវ៉ាត ចេញមកក្រៅវាំងនន ក៏ធ្វើជាស្រែកសួរសម្លាញ់ ដែលត្រូវជាឪពុក ចុងក្មេងស្រីរងគ្រោះថា «អើ! អស់ស្រាឬនៅអាពួកម៉ាក?» ហើយទន្ទឹមនោះស្រានៅ ពួកគេក៏នាំគ្នាផឹក១ពែងម្នាក់ទៀត ផឹកហើយ បុរសឈ្មោះ សុវ៉ាត បាននិយាយថា «ទៅរកប្រឡែង ជាមួយមីអូនលេងបន្តិចសិន» ថារួច ក៏ចូលទៅក្នុងវាំងននក្រណាត់ របស់ក្មេងស្រីរងគ្រោះម្តងទៀត ហើយពេលនោះ ខាងម្តាយក្មេងស្រីក៏បិទភ្លើង បានប្រហែល ៥នាទី ក៏ឮសូរសំឡេងប្រទ្រូសប្រទ្រះ ហាក់បីដូចជាការប្រតាយប្រតប់គ្នាអីចឹង ប៉ុន្តែសំឡេងនោះ មិនបានធ្វើឲ្យមានការភ្ញាក់ផ្អើល ពីសំណាក់ម្តាយ និងឪពុកចុងក្មេងស្រីរងគ្រោះនោះទេ ហើយក៏ដេកលង់លក់ទល់ភ្លឺទៅ។

លោក សួន រស់ បានឲ្យដឹងទៀតថា លុះដល់រសៀលថ្ងៃទី២៨ ខែសីហា ឈ្មោះ រ៉ូប៊ី ជាឪពុកចុង ក៏នាំគ្នាផឹកស៊ីជាមួយ និងកូនប្រសាប្រុសម្នាក់ទៀត នៅក្រោមផ្ទះ ហើយពេលនោះ កូនប្រសាប្រុសនោះ បានសួរនាំរឿងសំឡេងប្រទ្រូសប្រទ្រះ ក្នុងបន្ទប់ប្អូនថ្លៃ (ក្មេងស្រីរងគ្រោះ) ក៏បុរសឪពុកចុងនោះ ខឹងសម្បា ហើយក៏មានការ ឈ្លោះប្រកែកគ្នា ធ្លាយរឿងរំលោភកាលពីយប់ ទើបក្មេងស្រីរងគ្រោះ បានស្តាប់ឮការឈ្លោះទាស់ទែងគ្នានោះ នាងក៏មានការតូចចិត្តនិងម្តាយ រួមជាមួយឪពុកចុង បានបើកដៃឲ្យបុរសឈ្មោះ លីម សុវ៉ាត ចាប់រំលោភខ្លួន នាងក៏ឡើងលើដើមស្វាយមុខផ្ទះ បម្រុងលោតសម្លាប់ខ្លួន ប៉ុន្តែសំណាងល្អ ដែលខណៈនោះ សមត្ថកិច្ច នគរបាលមូដ្ឋានបានទៅដល់ ហើយក៏ប្រើពាក្យលួងលោមនាង ឲ្យចុះមកវិញ ដោយសន្យាថា សមត្ថកិច្ចនិងធ្វើការស្រាវជ្រាវ តាមចាប់ជនល្មើស យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ទើបនាងព្រម និងចុះពីលើដើមស្វាយវិញ ផ្តល់ចម្លើយដល់សមត្ថកិច្ចថា នាងត្រូវបានឈ្មោះ លីន សុវ៉ាត ចាប់រំលោភសេពសន្ថវៈ បានសម្រេច ២ដង គឺម៉ោង១ រំលងអធ្រាត្រម្តង និងម៉ោង៣ទៀបភ្លឺម្តងទៀត ក្នុងរាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២។

លោកអធិការរង សួន រស់ បានឲ្យដឹងទៀតថា ដោយមានចម្លើយដូច្នោះ ទើបរហូតដល់វេលាម៉ោង៤ល្ងាច ថ្ងៃដដែលនោះ សមត្ថកិច្ចបានឈានទៅឃាត់ខ្លួន ឈ្មោះ លីន សុវ៉ាត មកធ្វើការសាកសួរ ហើយជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា ខ្លួនបានរំលោភបានសម្រេចតែម្តងទេ។

លោក សួន រស់ បន្តថា ក្នុងករណីដដែលនេះ លោក ក៏បានឃាត់ខ្លួនឈ្មោះ ប៉ិច រ៉ូប៊ី ម្នាក់ទៀត ត្រូវជាឪពុកចុង ក្មេងស្រីរងគ្រោះ ដោយជនសង្ស័យរូបនេះ ជាប់ពាក់ ព័ន្ធទៅនិងការសមគំនិត ឲ្យឈ្មោះ លីន សុវ៉ាត រំលោភលើក្មេងស្រីរងគ្រោះ ហើយបច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងនៅអធិការដ្ឋាននគរបាល ស្រុកព្រៃឈរ ដើម្បីកសាងសំណុំរឿង ទៅតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការទៅតាមផ្លូវច្បាប់៕

www.dap-news.com

ដោយៈ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]