អីុតាលី៖ ថ្មីៗនេះហេតុការណ៍ ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរ ២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យមានមនុស្សស្លាប់ និងបាត់ជីវិតអស់រាប់សិបនាក់។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ឧបទ្ទវហេតុរន្ធត់ រថភ្លើងបុកគ្នាយ៉ាងពេញទំហឹងនេះ បានកើតឡើង នាថ្ងៃទី១២ កក្កដា ឆ្នាំ ២០១៦ កាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃត្រង់ (ម៉ោងនៅក្នុងតំបន់) ស្ថិតនៅតំបន់ទីជនបទមួយកន្លែង ត្រង់ចំណុចព្រៃអូលីវ ក្បែរទីក្រុង Andria ក្នុងតំបន់ Puglia ភាគខាងត្បូង នៃប្រទេសអីុតាលី ដោយបានឆក់យកជីវិតមនុស្ស យ៉ាងហោចណាស់ ២០នាក់ និងមនុស្សជាច្រើននាក់ទៀត បានរងរបួសធ្ងន់ស្រាលផងដែរ។

ក្នុងនោះក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ ត្រូវបានភ្នាក់ងារជួយសង្គ្រោះ នាំគ្នាដុតដៃដុតជើង រំដោះយកចេញ ពីក្នុងគំនរបាក់បែក នៃបំនែករថភ្លើង  រួចដឹកតាមឧទ្ធម្ភាគចក្រខ្នាតតូចមួយគ្រឿង បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។

ប្រភពបន្តថា មូលហេតុដែលបណ្តាលឲ្យ ជួបគ្រោះថ្នាក់ដ៏គួរឲ្យសោកសង្វេគ យ៉ាងដូច្នេះនោះ ក៏ដោយសារតែ រថភ្លើងទាំង២នេះ បានបើកលើខ្សែបន្ទាត់តែមួយ ស្ថិតក្នុងទិសដៅផ្ទុយគ្នា លុះដល់ចំណុចផ្លូវបំបែកទៅ Andria និងមួយទៀតទៅ Corato ត្រង់ទីតាំងព្រៃអូលីវនេះ អ្នកបើកបរម្នាក់បានបញ្ជារទិញដៅខុស ទើបបណ្តាលឲ្យរថភ្លើងទាំង២គ្រឿងនេះ បុកជល់ក្បាលគ្នាយ៉ាងពេញទំហឹងតែម្តង ខណៈអ្នកបើកបរទាំងសងខាង ក៏បានគិតទុកដែរថា នឹងត្រូវស្លាប់ជាក់ជាមិនខាន។

នេះបើតាមការនាំពាក្យឲ្យដឹង ពីក្រុមភ្នាក់ងារជួយសង្គ្រោះ លោក Luca Cari និយាយថា៖ «មានមនុស្សប្រមាណជាង ១០នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សជាច្រើននាក់ទៀតបានរងរបួស ហើយពួកយើងក៏កំពុងតែ ធ្វើការជួយសង្គ្រោះ អ្នករងគ្រោះជាច្រើននាក់ទៀត ដែលជាប់គាំងនៅក្នុងកាប៊ីនរថភ្លើងរថភ្លើងផងដែរ» ។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តី Matteo Renzi ថ្លែងទាំងទឹកភ្នែកថា វាពិតជាហេតុការណ៍ ដែលគួរឲ្យសង្វេគមួយ ហើយរូបគាត់សន្យាថា និងធ្វើការស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកមូលហេតុបង្កមួយនេះ និងព្យាយាមធ្វើការរុករកអ្នកដែលរងគ្រោះ និងអ្នករងរបួសជាប់គាំងជាច្រើននាក់ទៀត នៅក្នុងឧបទ្ទវហេតុមួយនេះផងដែរ ៕

ទស្សនាវីដេអូ៖

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានពាក់ព័ន្ធលើកមុនដែរថា យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍រថភ្លើង បុកគ្នានេះកើតឡើង នៅក្បែរតំបន់ Bad Aibling ភាគអាគ្នេយ៍នៃទីក្រុង Munich របស់ប្រទេសអាល្លឺម៉ង់ កាលពីម៉ោង៧ព្រឹក (ម៉ោងក្នុងស្រុក) ម្សិលមិញនេះ ដោយបានឆក់យកជីវិតមនុស្ស យ៉ាងតិច១០នាក់ ក្នុងនោះរាប់ទាំង អ្នកបើកបរ និងអ្នកមើលការខុសត្រូវ លើរថភ្លើងទាំង២នាក់ផងដែរ ស្របពេលដែលមនុស្ស១៥០នាក់ ផ្សេងទៀតរងរបួសធ្ងន់-ស្រាល។

លោករដ្ឋមន្ត្រី នៃក្រសួងដឹកជញ្ជូន របស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា “រថភ្លើងទាំង២នេះ បើកក្នុងល្បឿនជាង​ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងអំឡុងពេលដែលកើតមាន គ្រោះថ្នាក់បែបនោះ។ យ៉ាងណាមិញ ពេលនេះក្រុមជួយសង្រ្គោះ កំពុងប្រើប្រាស់មធ្យោបាយ ជាច្រើនរួមទាំង ឧទ្ធម្ភាគចក្រផង ដើម្បីចេញប្រតិបត្តិការ ជួយសង្រ្គោះ ជនរងគ្រោះទាំងអស់”។

បើតាមការដកស្រង់សម្តី របស់ក្រុមអាជ្ញាធរ ដែលបានធ្វើការ សន្និដ្ឋានជាជំហានដំបូង បានឲ្យដឹងថា មុនពេលកើតហេតុ អ្នកបើកបររថភ្លើងទាំង២គ្រឿងនោះ មិនបានឃើញគ្នាទៅវិញទៅមកឡើយ ខណៈពេលដែល ផ្លូវដែកត្រូវបានបត់ ទើបបណ្តាលឲ្យមាន ការបុកគ្នាយ៉ាងពេញទំហឹង ទាំងដែលមិនមាន រថភ្លើងណាមួយ បានធ្វើការចាប់ហ្វ្រាំង បង្អង់ល្បឿនរបស់ខ្លួន នោះឡើយ។

ទោះយ៉ាងណាក៏ដោយ ប្រអប់ខ្មៅនៃរថភ្លើង ទាំង២នោះក៏ត្រូវបានរកឃើញ និងត្រៀមធ្វើការស៊ើបអង្កេត ឲ្យកាន់តែច្បាស់ ដើម្បីរកមូលហេតុពិតជាក់ស្តែង ជុំវិញហេតុការណ៍មួយនេះផងដែរ។ បន្ថែមពីនេះទៀតដែរ អ្នកស្រីអធិការបតី របស់ប្រទេសអាល្លឺម៉ង់ Angela Merkel បានធ្វើសេចក្តីថ្លែងការណ៍ មួយដោយបានលើកឡើងថា “ខ្ញុំពិតជាមានសេចក្តីរន្ធត់ចិត្ត និងសោកសៅក្រៃលែង ជុំវិញគ្រោះអកុសលមួយនេះ ហើយក៏សូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារ និងសាច់ញាតិជនរងគ្រោះផងដែរ”។

គូសបញ្ជាក់ផងដែរថា ការអំពាវនាវស្វែងរក ការបរិច្ចាគឈាម កំពុងធ្វើឡើងជាបន្ទាន់ ដើម្បីអាចយកមកផ្គត់ផ្គង់ និងជួយជីវិត ទៅដល់ជនរងគ្រោះ នៃហេតុការណ៍គ្រោះថ្នាក់ រថភ្លើងបុកគ្នាមួយនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]