អាល្លឺម៉ង់៖ រឿងហេតុដ៏សែនអាក្រក់មួយ បានកើតឡើងនៅក្នុង ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីមានរថភ្លើង ដឹកអ្នកដំណើរ២គ្រឿង បុកគ្នាយ៉ាងពេញទំហឹង ជាហេតុបណ្តាលឲ្យ មានមនុស្សយ៉ាងតិច១០នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ ផ្សេងទៀតរងរបួស កាលពីម្សិលមិញនេះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍រថភ្លើង បុកគ្នានេះកើតឡើង នៅក្បែរតំបន់ Bad Aibling ភាគអាគ្នេយ៍នៃទីក្រុង Munich របស់ប្រទេសអាល្លឺម៉ង់ កាលពីម៉ោង៧ព្រឹក (ម៉ោងក្នុងស្រុក) ម្សិលមិញនេះ ដោយបានឆក់យកជីវិតមនុស្ស យ៉ាងតិច១០នាក់ ក្នុងនោះរាប់ទាំង អ្នកបើកបរ និងអ្នកមើលការខុសត្រូវ លើរថភ្លើងទាំង២នាក់ផងដែរ ស្របពេលដែលមនុស្ស១៥០នាក់ ផ្សេងទៀតរងរបួសធ្ងន់-ស្រាល។



ទិដ្ឋភាពនៃហេតុការណ៍ រថភ្លើង២បុកគ្នា ក្នុងប្រទេសអាល្លឺម៉ង់

លោករដ្ឋមន្ត្រី នៃក្រសួងដឹកជញ្ជូន របស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា “រថភ្លើងទាំង២នេះ បើកក្នុងល្បឿនជាង​ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងអំឡុងពេលដែលកើតមាន គ្រោះថ្នាក់បែបនោះ។ យ៉ាងណាមិញ ពេលនេះក្រុមជួយសង្រ្គោះ កំពុងប្រើប្រាស់មធ្យោបាយ ជាច្រើនរួមទាំង ឧទ្ធម្ភាគចក្រផង ដើម្បីចេញប្រតិបត្តិការ ជួយសង្រ្គោះ ជនរងគ្រោះទាំងអស់”។

បើតាមការដកស្រង់សម្តី របស់ក្រុមអាជ្ញាធរ ដែលបានធ្វើការ សន្និដ្ឋានជាជំហានដំបូង បានឲ្យដឹងថា មុនពេលកើតហេតុ អ្នកបើកបររថភ្លើងទាំង២គ្រឿងនោះ មិនបានឃើញគ្នាទៅវិញទៅមកឡើយ ខណៈពេលដែល ផ្លូវដែកត្រូវបានបត់ ទើបបណ្តាលឲ្យមាន ការបុកគ្នាយ៉ាងពេញទំហឹង ទាំងដែលមិនមាន រថភ្លើងណាមួយ បានធ្វើការចាប់ហ្វ្រាំង បង្អង់ល្បឿនរបស់ខ្លួន នោះឡើយ។

ទោះយ៉ាងណាក៏ដោយ ប្រអប់ខ្មៅនៃរថភ្លើង ទាំង២នោះក៏ត្រូវបានរកឃើញ និងត្រៀមធ្វើការស៊ើបអង្កេត ឲ្យកាន់តែច្បាស់ ដើម្បីរកមូលហេតុពិតជាក់ស្តែង ជុំវិញហេតុការណ៍មួយនេះផងដែរ។ បន្ថែមពីនេះទៀតដែរ អ្នកស្រីអធិការបតី របស់ប្រទេសអាល្លឺម៉ង់ Angela Merkel បានធ្វើសេចក្តីថ្លែងការណ៍ មួយដោយបានលើកឡើងថា “ខ្ញុំពិតជាមានសេចក្តីរន្ធត់ចិត្ត និងសោកសៅក្រៃលែង ជុំវិញគ្រោះអកុសលមួយនេះ ហើយក៏សូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារ និងសាច់ញាតិជនរងគ្រោះផងដែរ”។

គូសបញ្ជាក់ផងដែរថា ការអំពាវនាវស្វែងរក ការបរិច្ចាគឈាម កំពុងធ្វើឡើងជាបន្ទាន់ ដើម្បីអាចយកមកផ្គត់ផ្គង់ និងជួយជីវិត ទៅដល់ជនរងគ្រោះ នៃហេតុការណ៍គ្រោះថ្នាក់ រថភ្លើងបុកគ្នាមួយនេះ៕

ទិដ្ឋភាពផ្សេងៗទៀត ក្នុងគ្រោះថ្នាក់ដ៏អាក្រក់ មួយនោះ៖











ប្រភព៖ ដេលីម៉េល | BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]