ដើម្បីអបអរសាទរខួបមួយឆ្នាំរបស់ភីអិនអិន នៅថ្ងៃច័ន្ទទី១១ កក្កដា កម្មវិធី«ស៊ីអារម្មណ៍» នឹងនាំមកជូននូវទស្សនីយភាពថ្មីមួយ បែបទៀតដោយបានអញ្ជើញតារាកិត្តិយសដល់ទៅ៤ដួងដើម្បីចែករំលែក បទពិសោធន៍របស់ពួកគេ ក្នុងការសម្តែងរឿងភាគថ្មីឲ្យស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ដែលគ្រោងនឹងចាក់ផ្សាយនៅ ដើមខែកញ្ញាខាងមុខនេះ។

តារាសម្តែងល្បីទាំងបួនដួងនោះរួមមាន លោក អ៊ុន សុទ្ធា កញ្ញា មឿន ផាណែត លោក លឹម ជាឡាយ និងកញ្ញា គៀត សុវណ្ណាឡាង។

លោក អ៊ុន សុទ្ធា និងកញ្ញា មឿន ផាណែត នឹងចូលខ្លួនសម្តែងជាតួអង្គឯក ក្នុងខ្សែរឿងភាគថ្មី សម្រាប់ PNN ដែលមានចំណងជើងថា «ភក្តីស្នេហ៍ទ្វេភព» ដែលនឹងរៀបរាប់ពីស្នេហាស្មោះស្ម័គ្ររបស់តួអង្គទុំទាវ តែពួកគេនឹងឆ្លងភព មកដល់សម័យបច្ចុប្បន្ន នៅត្រង់វគ្គសម្លាប់ខ្លួន។

ដោយឡែកលោក លឹម ជាឡាយ និងកញ្ញា គៀត សុវណ្ណាឡាងវិញ ក៏នឹងចូលរួមសម្តែងផងដែរ នៅក្នុងរឿងភាគបន្តបន្ទាប់របស់PNN។

ក្នុងរយៈពេល៣០នាទីនៃកម្មវិធី ក្រៅតែពីការរៀបរាប់បទពិសោធន៍ថ្មីៗ នៅក្នុងការសម្តែងរឿងភាគថ្មីហើយនោះ ពួកគេទាំងបួនក៏ នឹងសម្តែងនូវឈុតឆាកខ្លះៗដែលដកស្រង់ចេញពីរឿងភាគ ដែលពួកគេសម្តែងផងដែរ។

អ្នកនាង លួង ភីរ៉ូនីកា ផលិតករកម្មវិធីស៊ីអារម្មណ៍ បាននិយាយថា៖ «ទូរទស្សនិកជននឹងទទួលបានអារម្មណ៍ប្លែក ថ្មីមួយបែបទៀត ពីកម្មវិធីស៊ីអារម្មណ៍ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ ដោយយើងបានអញ្ជើញ តារាកិត្តិយសដល់ទៅ៤ដួង ដើម្បីចែករំលែកបទពិសោធន៍ថ្មីរបស់ពួកគេក្នុងការ ថតរឿងភាគថ្មីឲ្យភីអិនអិន»។

អ្នកនាងបានបញ្ជាក់ទៀតថា៖ «នេះគឺជាការអបអរសាទរ ដល់ខួបមួយឆ្នាំរបស់ភីអិនអិនផងដែរ ដូច្នេះហើយបានជាយើងធ្វើឲ្យ កម្មវិធីមានលក្ខណៈប្លែកជាងសប្តាហ៍មុនៗ សង្ឃឹមថាទស្សនិកជន នឹងមិនអាក់ខានក្នុងការទស្សនាឡើយ»។

កម្មវិធី ស៊ីអារម្មណ៍ របស់ ភីអិនអិន ជាកម្មវិធីកំសាន្តថ្មីមួយ ដែលចាក់ផ្សាយរៀងរាល់រាត្រីថ្ងៃច័ន្ទ វេលាម៉ោង ៨និង៣០នាទីយប់ ដោយមានលោក ប៉ែន ចំរុងជាពិធីករ។

ក្នុងរយៈពេលកន្លងមក «ស៊ីអារម្មណ៍» បានរៀបចំឲ្យមានឈុតឆាកពិសេសៗជាច្រើន រួមជាមួយតារាដែលជាភ្ញៀវកិត្តិយស ទាំងបរិយាកាសកំប្លែង និងកំសត់ក្នុងជីវិតពិតរបស់ពួកគេផ្ទាល់តែម្តង។ គិតមកទល់ពេលនេះ តារាកិត្តិយសរបស់កម្មវិធីនេះមានដូចជា កញ្ញា មាស សុខសោភា លោក ច័ន្ទ វឌ្ឍនាការ តារាចំរៀងកញ្ញា យ៉ូរី និងលោក ថេណា ជាដើម។

កម្មវិធីនេះ បានទាក់ទាញប្រជាប្រិយភាពជាខ្លាំងពីសំណាក់ ទស្សនិកជនរបស់ខ្លួន ទាំងលើកញ្ចក់ទូរទស្សន៍ ក៏ដូចជាលើបណ្តាញសង្គម ដោយមានចំនួនអ្នកចូលទស្សនារាប់លានដង ទាំងតាមរយៈ Facebook Page (www.facebook.com/PNNTVCambodia) និង YouTube: PNN TV Official ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា