ចិន៖ រាល់ពេលដែលអ្នកមើលឃើញអ្នកសុំទាន កំពុងតែដេកដួលតាមផ្លូវ អ្នកប្រហែលជាអាចមានអារម្មណ៍ អាណិត និងចង់ដាក់ទាន ជាក់ជាមិនខាន តែវីដេអូខាងក្រោមនេះ ប្រហែលជាអាចធ្វើឲ្យភ្លឺភ្នែក និងគិតសារឡើងវិញជាក់ជាមិនខាន។

នេះបើតាមវីដេអូដែលបង្ហោះឡើង ដោយទំព័រហ្វេសប៊ុកសៀងហៃ បានបង្ហាញពី បុរសម្នាក់ ព្យាយាមបកអាក្រាត អ្នកសុំទានមានល្បិចមួយរូប នៅក្នុងប្រទេសចិន។ ក្នុងវីដេអូ អ្នកប្រាកដជាមិនយល់ថា ហេតុអ្វីក៏បុរសម្នាក់នេះ ព្យាយាមទាញខោអ្នកសុំទាន ដែលដាច់ជើង នៅតាមផ្លូវសាធារណៈបែបនេះ យ៉ាងណាមិញអ្នកនឹងឃើញពីការពិត ក្រោយពីខោរបស់អ្នកសុំទាននេះ បានរបូត។

គួរបញ្ជាក់ថា បុរសជាអ្នកសុំទាននេះ បានដេកក្រាបនឹងបន្ទះស្គីមួយ និងជាក់ស្ដែងណាស់ គឺរូបគេមានជើងដ៏ល្អមួយគូ តែបែរជាបន្លំខ្លួនថា ជាមនុស្សពិការមួយកំណាត់ក្រោមទៅវិញ។ ក្រោយពីរឿងនេះបានបែកធ្លាយ អ្នកសុំទានរូបនេះ បានប្រញាប់ប្រញាល់រុញបន្ទះក្ដាររបស់ខ្លួនចេញយ៉ាងលឿន។

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Shanghaiist

ការចាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ ហេតុការណ៍អ្នកសុំទានមានល្បិចនេះ ក៏មិនមែនជាលើកទីមួយដែរ ដែលនៅក្នុងឥណ្ឌាវិញ មានអ្នកសុំទានវ័យក្មេងមួយរូប មានកុងធនាគារជាច្រើន និងមានប្រាក់ឲ្យ អ្នករកស៊ីខ្ចីលុយបន្ថែមទៀត

នេះបើតាមការដកស្រង់ពីគេហទំព័របរទេសបានឲ្យដឹងថា Pappu Kumar អាយុ ៣៣ឆ្នាំ ដែលមានមុខរបរជាអ្នកសុំទានរយៈពេល ៨ឆ្នាំ នៅតាមដងផ្លូវ Patna នៃរដ្ឋ Bihar មាន ៤កុងធនាគារ ដែលកុងនីមួយៗមានប្រាក់ ៧,៥០០ ដុល្លារ និងមានអចលនទ្រព្យតម្លៃ ១៨៥,០០០ ដុល្លារផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍ពី បុរសជាអ្នកសុំទាននេះទៀតនោះ គឺរូបគាត់ជាអ្នកចងការប្រាក់ ដែលតែងតែឲ្យប្រាក់ អ្នករកស៊ីក្នុងតំបន់ខ្ចី និងយកការប្រាក់ពីបំណុលទាំងនោះ តែទោះជាមានបានបែបនេះក្ដី ក៏រូបគាត់នៅតែ មិនបញ្ឈប់មុខរបរជាអ្នកសុំទាននេះផងដែរ។

យ៉ាងណាមិញ តាំងពីដើមមក Pappu មិនដែលមានបំណងចង់ ធ្វើជាអ្នកសុំទាននោះទេ ដែលកាលពីមុន រូបគេក៏បានចូលរៀនថ្នាក់វិទ្យាល័យ និងមានបំណងចង់សិក្សាផ្នែកវិស្វករនៅពេលចូលមហាវិទ្យាល័យផងដែរ តែរឿងអកុសលបានកើតឡើង ដោយ Pappu បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ និងបណ្ដាលឲ្យរូបគាត់ពិការតែម្ដង។ ក្រោយពីមានហេតុការណ៍នេះ ឪពុករបស់ Pappu ក៏បានលាចាកលោក និងបន្ទុកគ្រួសារបានធ្លាក់មកលើរូបគេទាំងស្រុង។ ដោយសារតែគ្មានជម្រើស Pappu បានសម្រេចចិត្ដដើរសុំទានគេ ដើម្បីជីវិតរស់នៅទៅថ្ងៃមុខ។

នៅក្នុងនេះ Pappu បានធ្វើតង់នៅក្បែរផ្លូវរថភ្លើង Patna និងបន្ដដើរសុំទាននៅទីនោះ អស់ពេល ៧ឆ្នាំ មុននឹងប៉ូលិសចាប់រូបគេ ឲ្យចាកចេញពីតំបន់មួយនេះ។ យ៉ាងណាមិញ ប៉ូលិសបានឃុំខ្លួន Pappu នៅពេលដែល Pappu បដិសេធក្នុងការផ្លាស់ប្ដូរឥរិយាបថធ្វើជាអ្នកសុំទាន និងជាពេលដែលរឿង Pappu គឺជាអ្នកមានប្រាក់ បានបែកធ្លាយផងដែរ។ ក្នុងអំឡុងពេលនោះ ប៉ូលិសបានបើកការសើុបអង្កេត និងប្រទះឃើញថា Pappu មានកុងធនាគារជាច្រើន និង ដី២កន្លែង រួមនឹងមានអ្នកជំពាក់បំណុល ១៥,០០០ ដុល្លារ ក្នុងតំបន់ផ្សារថ្មី ជាមួយនឹងការប្រាក់ដ៏ខ្ពស់ផងដែរ។

ក្រោយពីបែកធ្លាយរឿងទាំងនេះ ប៉ូលីសបានផ្ដល់ដំបូន្មានដល់ Pappu ឲ្យបញ្ឈប់មុខរបរជាអ្នកសុំទាន និងចាប់ផ្ដើមរស់នៅបែបជីវិតសាមញ្ញ ដោយប្រើប្រាស់លុយដែលសន្សំនោះ ប៉ុន្ដែរូបគេបែរជាបដិសេធ។ បន្ថែមពីនេះ Pappu ត្រូវបានគេស្នើរសុំឲ្យទទួលការព្យាបាល តែ Pappu បាននិយាយថា ប្រសិនជាខ្ញុំជាសះស្បើុយ តើខ្ញុំនឹងបន្ដមុខរបរជាអ្នកសុំទានេះ ដោយរបៀបណាទៅ? ចុះនរណានឹងឲ្យប្រាក់ខ្ញុំ បើសិនជាខ្ញុំមានកាយសម្បទានគ្រប់គ្រាន់?

រូបភាព Pappu Kumar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]