ខេត្តកំពង់ចាម ៖ ជម្លោះពាក្យសម្តីបានក្លាយទៅជាហិង្សា ដោយបុរសជាប្តីឈ្មោះជា វិសាល អាយុ២៦ឆ្នាំ បានប្រើកណ្តាប់ដៃវាយទៅលើស្ត្រីជាប្រពន្ធឈ្មោះឡុង កុលាប អាយុ២៤ឆ្នាំ គ្មានត្រាប្រណីរហូតសន្លប់ស្តូកស្តឹងនៅក្នុងផ្ទះតៀមមួយកន្លែង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ សីហា ២០១២ ស្ថិតក្នុងភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ហើយត្រូវបានសាច់ញាតិនាំទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។

តាមស្ត្រីរងគ្រោះឈ្មោះកុលាប មានស្រុកកំណើតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រាប់កោះសន្តិភាពទាំងបង្ហូរទឹកភ្នែកថា បន្ទាប់ពីរៀបការហើយនាង និងប្តីបានចេញពីស្រុកមកស៊ីឈ្មួលចៀរជ័រកៅស៊ូឱ្យគេនៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់បានជាងមួយឆ្នាំមកហើយ សម្រាប់ដោះស្រាយជីវភាព ព្រមទាំងបានកូនប្រុសម្នាក់អាយុ១០ខែ ។

ប្រភពបន្តថា នៅព្រឹកថ្ងៃខាងលើ ប្តីបានប្រើនាងឱ្យទៅងូតទឹក តែនាងមិនព្រមទៅនោះទេ ព្រោះតែដល់ម៉ោងចៀរជ័រកៅស៊ូទៅហើយ ។ ប្តីនៅតែទទូចនាងឱ្យងូតទឹកជម្រះកាយរួចស្លៀកពាក់ខោអាវ នឹងចេញទៅធ្វើការ ហើយពេលនោះប្តីនិយាយថា «អញយកប្រពន្ធដើម្បីធ្វើជាអ្នកបម្រើ» ខណៈឮពាក្យបែបនេះនាងក៏កើតមានចិត្តមួម៉ៅក្តៅក្រហាយ និងបានជេរបញ្ជោរគ្នាទៅវិញទៅមក នូវពាក្យអសុរោះ ស្រាប់តែរំពេចនោះប្តីបានដើរមកកៀកចាប់នាងទះកំផ្លៀង១ដៃ និងចាប់បោចសក់បោកទៅលើកំរាលឥដ្ឋរហូតដល់នាងតដៃមិនកើត និងបានហក់មកជាន់លើបន្ថែមទៀតដោយគ្មានត្រាប្រណី។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព
 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]