អាមេរិក៖ ឃាតករដែលបានបាញ់សម្លាប់ តារាចម្រៀងស្រីនាង Christina Grimmie អាយុ ២២ឆ្នាំ នៅក្នុងកម្មវិធីប្រគុំតន្ដ្រី កាលពីយប់ថ្ងៃសុក្រ និងមុននឹងសម្លាប់ខ្លួន បានសរសេរសារសុំទោស លើក្រដាសសំបុត្រមួយផ្ទាំង បិទនៅពីមុខទ្វារផ្ទះ របស់ក្រុមគ្រួសាររបស់គេ។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះ Kevin James Lobil អាយុ ២៧ឆ្នាំ បានធ្វើដំណើរពីផ្ទះរបស់ខ្លួននៅ St Petersburg មកកន្លែងប្រគុំតន្ដ្រីរបស់នាង Christina Grimmie ដែលជាបកេ្ខនារីជាប់ក្នុងកម្មវិធី The Voice នៅក្បែរ Orlando ជាមួយនឹងកាំភ្លើងដៃ២ដើម និងកាំបិត មុននឹងបាញ់សម្លាប់នាង ខណៈដែលនាងកំពុងតែចុះហត្ថលេខា ឲ្យអ្នកគាំទ្រនាង។ ជាមួយគ្នានេះដែរ កាលពីថ្ងៃម្សិលមិញនេះ ក៏មានសារមួយសន្លឹក បិទនៅលើមាត់ទ្វារផ្ទះឪពុកម្ដាយរបស់គេ (ឃាតករ) ដោយបានសរសេរឲ្យដឹងថា «នេះជារឿងដ៏ក្រៀមក្រំជាទីបំផុត សម្រាប់ការបាត់បង់នាង ចំពោះក្រុមគ្រួសារ, មិត្ដភិក្ដ និងអ្នកគាំទ្រ ដែលស្រឡាញ់ Christina Grimmie» 

ទន្ទឹមនឹងនេះ បើតាមសាក្សីនៅដែលកន្លែងកើតហេតុ នាង Destiny Rivera អាយុ ២០ឆ្នាំ បានប្រាប់ឲ្យដឹងថា នាងកំពុងតែឈរពីក្រោយឃាតករនោះ ខណៈដែលឃាតករ បានដើរសម្ដៅទៅរក Grimmie នៅកន្លែងតុជួបអ្នកគាំទ្រ។ នាងបន្ដឲ្យដឹងថា Grimmie បានឈររង់ចាំ និងបើកដៃរកអោបបុរសជាឃាតករនេះ មុននឹងឃាតករនេះបាញ់សម្លាប់នាង។ នៅក្នុងនោះបានឲ្យដឹងថា Grimmie មានឈាមហូរជាច្រើនចេញពីក្បាល និងដើមទ្រូង មុននឹងបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលឃាតករបានបាញ់សម្លាប់ខ្លួនឯង និងមិនបានបង្កឲ្យអ្នកផ្សេងទៀតរងរបួសនោះទេ។

យ៉ាងណាមិញ នាពេលនេះប៉ូលិសមិនអាចទាន់សន្មត់ ពីមូលហេតុអ្វីដែលបណ្ដាលឲ្យឃាតករនេះ សម្លាប់នាងនោះទេ ខណៈដែលលោកJohn Mina ជាមេប៉ូលិសនៅក្នុងទីក្រុង Orlando បាននិយាយថា មើលទៅឃាតករ Lobil នេះទំនងជាអ្នកគាំទ្រងប់ងល់ ឬឆ្កួតវង្វេងនឹងតារាចម្រៀងរងគ្រោះ។

គួរបញ្ជាក់ថា នាង Grimmie បានធ្វើការសម្ដែង នៅThe Plaza Live ខណៈដែលការប្រគុំតន្ដ្រីនេះ បានបញ្ចប់នៅម៉ោង១០យប់ និងនាងបន្ដនៅចុះហត្ថលេខា និងជួបអ្នកគាំទ្រ នៅពេលដែលឃាតករ Lobil សម្ដៅមករកនាង។ លោកJohn Mina បានបន្ដឲ្យដឹងថា ឃាតករនេះបានធ្វើដំណើរ អស់រយៈពេល ២ម៉ោង ក្នុងគោលបំណងមកសម្លាប់នាង។ មួយវិញទៀត ឃាតករនេះ មិនស្គាល់នាងច្បាស់នោះទេ ដោយមកកម្មវិធីប្រគុំតន្ដ្រីនេះ ជាមួយនឹង កាំភ្លើង ២ដើម , ទស្សនាវដ្ដីមួយចំនួន និងកាំបិត។

សម្រាប់ទីតាំងកន្លែងកើតហេតុ ដែលជាកន្លែងក្នុងការប្រគុំតន្ដ្រី មានសន្ដិសុខយាមកាម ដែលមិនមានកាន់កាំភ្លើង និងជាអ្នកឆែកឆេរកាបូប ឬឥវ៉ាន់ផ្សេងៗថា មានផ្ទុកកាំភ្លើងឬអត់ នៅពេលដែលមនុស្សចូលក្នុងអគារនេះ ប៉ុន្ដែបែរជារកមិនឃើញអ្វីទាល់តែសោះទៅវិញ៕

រូបភាព ជនសង្ស័យដែលបាញ់សម្លាប់តារាចម្រៀងស្រីវ័យ ២២ឆ្នាំ
សាររំលែកទុក្ខ ដែលបានសរសេរឡើងដោយក្រុមគ្រួសារជនសង្ស័យ បិទពីមុខទ្វារផ្ទះឪពុកម្ដាយ Grimmie
រូបភាពតារាចម្រៀងស្រី Grimmie កាលពីនៅរស់
រូបភាព អ្នកគាំទ្រ ចូលរួមរំលែកទុក្ខ ក្នុងការបាត់បង់តារាចម្រៀងស្រី ដែលស្លាប់ទាំងវ័យក្មេង
រូបភាព លោកJohn Mina ជាមេប៉ូលិសនៅក្នុងទីក្រុងOrlando ដែលនិយាយថា ជនសង្ស័យមក កន្លែងប្រគុំតន្ដ្រីដោយមានគោលដៅសម្លាប់នាង Grimmie
រូបភាព ទីតាំងផ្ទះជនសង្ស័យ និងកន្លែងប្រគុំតន្ដ្រីរបស់ នាង Grimmie

ប្រភព៖ ឌេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]