កូវ៉ែត៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលក្មេងស្រីដ៏តូចម្នាក់ បានជូនកាដូជាប្រភេទរថយន្តដ៏ប្រណិត និងថ្មីស្រឡាងមួយគ្រឿង ទៅដល់គ្រូបង្រៀនរបស់គេ ដើម្បីជាការដឹងគុណ ក្រោយពីរូបនាងបានបញ្ចប់ថ្នាក់មត្តេយ្យ ដោយជោគជ័យ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីវ័យប្រហែល៥ឆ្នាំម្នាក់ មានឈ្មោះថា Noor Al Faris រស់នៅក្នុងប្រទេសកូវ៉ែត បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងអំឡុងសប្តាហ៍នេះ ពោលគឺក្រោយពីនាង បានជូនកាដូទៅដល់ គ្រូបង្រៀនម្នាក់ ដែលបានជួយឲ្យនាងរៀនចប់ថ្នាក់មត្តេយ្យ។

ជាមួយគ្នានេះដែរ ក៏មានរូបភាពមួយសន្លឹកដែល Noor បានថតដោយអង្គុយលើរថយន្តប្រភេទ Mercedes មួយគ្រឿង ហើយនិងមានអក្សរសរសេរនៅលើ កញ្ចក់រថយន្ត ដោយមានអត្ថន័យថា “រថយន្តមួយនេះគឺសម្រាប់ អ្នកគ្រូ Nadia ជាទីស្រលាញ់របស់ខ្ញុំ”។

បើផ្អែកលើរបាយការណ៍ ដែលបានមកពីសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា រថយន្តជាកាដូមួយនេះ ក៏ផ្តើមចេញពីទឹកចិត្តឪពុករបស់ Noor ដែលមិនត្រូវបានបញ្ចេញឈ្មោះ ដោយសារអ្នកគ្រូ Nadia បានជួយមើលថែ និងបង្ហាត់បង្រៀន Noor បានយ៉ាងល្អ ក្រោយពេលដែលម្តាយរបស់ Noor បានស្លាប់បាត់បង់ជីវិតទៅ។

ទោះជាយ៉ាងណាក៏ដោយ គេនៅមិនបានដឹងថា រថយន្តប្រភេទ Mercedes នោះមានតម្លៃប៉ុន្មានឲ្យប្រាកដ ហើយក៏មិនដឹងជាម៉ូដែលអ្វីដែល ដោយគ្រាន់តែដឹងថា វាជាប្រភេទម៉ូដែលរថយន្ត ដែលមានតម្លៃថ្លៃគួរសម៕ 

រូបថតរបស់ Noor ជាមួយនឹងរថយន្ត ជាកាដូសម្រាប់ គ្រូបង្រៀនរបស់នាង

ប្រភព៖ ដេលីម៉េល

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណីអ្នកគ្រូបង្រៀននេះ ក៏មានករណីមួយបានកើតឡើងនៅក្នុងប្រទេសចិន កាលពីពាក់កណ្ដាលខែកុម្ភៈ តែមិនមែនជារឿងជូនកាដូអ្វីនោះទេ ដែលជារឿងសុំស្នេហ៍អ្នកគ្រូក្រមុំ ក្នុងថ្ងៃទិវានៃក្តីស្រលាញ់ មិនបានសំរេច ទៅដេកស្រាត ននាលពេញផ្លូវ។

គួររំលឹកថា បុរសរូបនេះ ត្រូវបានឲ្យដឹងថាជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យមួយកន្លែង ក្នុងទីក្រុង Jinan។ រូបគេបានសារភាពស្នេហ៍ ប្រាប់ទៅអ្នកគ្រូស្រីក្រមុំម្នាក់ ក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ ប៉ុន្តែអ្នកគ្រូមានមន្តស្នេហ៍រូបនោះ មិនបេតីក៏បដិសេធចោល ដោយមិនទទួលយកការស្រលាញ់ពីរូបគេឡើយ។

ជាមួយគ្នានេះដែរ ដោយសារតែខូចចិត្ត សារភាពស្នេហ៍តែអូនមិនស្រលាញ់ និស្សិតប្រុសមិនស្គាល់ឈ្មោះដដែលរូបនេះ បានស្រាតខោអាវអស់រលីងពីខ្លួន រួចទៅដេកននាលនៅលើផ្លូវ រយៈពេលប្រមាណជាកន្លះម៉ោង និងស្រែកយំដូចកូនក្មេងតែម្តង ហើយថែមទាំងបោះពង្រាយផ្កា ពាសពេញផ្លូវទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន ប៉ូលិសបានទៅដល់កន្លែងកើតហេតុ និងបានបញ្ចុះបញ្ចូល និស្សិតខកស្នេហ៍រូបនោះ ឲ្យចាកចេញផងដែរ៕

រូបភាព និស្សិតដេកស្រាត ននាលពេញផ្លូវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]