(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងជាគ្រូបង្វឹករបស់កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia លោកអ្នកនាង ពេជ្រ សោភា បានធ្លាក់ខ្លួនឈឺដោយជំងឺចាស់ឈាមសស៊ីឈាមក្រហមរើឡើងវិញ ហើយត្រូវប្រញ៉ាប់ចេញទៅព្យាបាល នៅប្រទេសថៃយ៉ាងតក់ក្រហល ខណៈកូនក្រុមរបស់នាង មិនត្រូវបានការបង្កាត់បង្រៀនគ្រាប្រឡងចំរាញ់។

ស្របពេលជាមួយគ្នានេះដែរ បើក្រឡេកមើលនៅលើបណ្តាញសង្គមហ្វេសប៊ុកគឺមានការ Share ចែករំលែកភ្ជាប់ជាមួយសារជូនពរ និងការបង្ហាញក្តីព្រួយបារម្មណ៍ពីសុវត្ថភាពរបស់អ្នកនាង​ ពេជ្រ សោភា ជាច្រើនផងដែរ។ ម្យ៉ាងទៀតក៏មានការលើកឡើងថា បើអ្នកនាង ពេជ្រ សោភា ធ្លាក់ខ្លួនឈឺចេញទៅព្យាបាលនៅថៃ ដូច្នេះតើកូនក្រុមរបស់នាងនឹងក្លាយជាយ៉ាងណា?។

ឆ្លើយតបនឹងក្តីព្រួយបារម្មណ៍ពីសំណាក់មហាជនអ្នកគាំទ្រ តារាចម្រៀងស្រីអ្នកនាង​ ពេជ្រ សោភា នៅលើហ្វេសប៊ុក នាងកាលពីរាត្រីយប់ថ្ងៃទី២៥ ខែឧសភា បានសរសេរថា «អារុណសួស្តីពីចំងាយផង។ មេឃស្រទុំចឹងនឹកស្រុកខ្មែរណាស់មិនថា មានរឿងអ្វីកើតឡើងចំពោះនាងខ្ញុំទេ តែស្នាមញញឹមមួយនេះ នៅតែរក្សាសម្រាប់បងប្អូនជានិច្ច។ នាងខ្ញុំមិនអាចដួលនៅពេលនេះ បានទេមានមនុស្សចាស់ជរាគ្មានទីពឹងជាច្រើន ដែលត្រូវការអោយនាងខ្ញុំជួយ! សូម Comment ពាក្យថា លើកទឹកចិត្តនាងខ្ញុំបានទេ?»។

ដោយឡែកកាលពីប៉ុន្មានម៉ោងមុនពេលតារាស្រី ពេជ្រ សោភា ចូលបន្ទប់ព្យាបាលនៅលើហ្វេសប៊ុកនាង ក៏បានលើកឡើងថា ប៉ុន្មានម៉ោងមុនធ្វើការព្យាបាល បងភា នៅតែបារម្ភពីកូនក្រុមរបស់គាត់ ដែលគាត់មិនបានបង្វឹក ក្នុងពេលគាត់កំពុងព្យាបាលនៅប្រទេសថៃ ក្នុងនាមខ្ញុំជា Admin សង្ឃឹមថា កូនក្រុមបងភា នឹងបានឃើញហើយខំប្រឹងធ្វើឲ្យល្អក្នុងសប្ដាហ៍នេះ ដើម្បីកុំឲ្យគាត់អស់សង្ឃឹម... ហើយសង្ឃឹមអ្នកទាំងអស់គ្នា ជូនពរគាត់ឲ្យជាសះស្បើយឆាប់ឆាប់៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ទន្ទឹមនឹងនេះដែរ តារាចម្រៀងថ្គាមខ្លា ដែលមានស្វាមីជាអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក អ្នកនាង ពេជ្រ សោភា បន្ទាប់ពីធ្លាក់ខ្លួនឈឺ និងកំពុងតែទទួល យកការព្យាបាល ពីក្រុមវេជ្ជបណ្ឌិត នៅប្រទេសថៃនោះ នាងក៏ស្រាប់តែត្រូវបាននារីម្នាក់ វាយប្រហារយ៉ាងចាស់ដៃរួច ជាមួយនិងការដាក់បណ្តាសារ ឲ្យឆាប់ស្លាប់ថែមទៀតផង ។

ខណៈដែលអ្នកគាំទ្រ និងអ្នកស្រលាញ់ អ្នកនាង ពេជ្រ សោភា កំពុងតែមាន ការព្រួយបារម្ភ និងបន់ស្រន់ឲ្យនាងឆាប់ជា និងបានវិលមកផ្តើម ការងារសិល្បៈវិញនោះ ស្រាប់តែមាននារីម្នាក់ដែល តាំងខ្លួនថាជាអ្នកសិល្បៈ មានឈ្មោះថា «Ah Smey Leader Sloy» បានធ្វើការវាយប្រហារនាង យ៉ាងចាស់ដៃ មិនសំចៃមាត់ថា « ឆាប់ងាប់ទៅពេជ្រ សោភា អើយកុំរស់នាំធ្ងន់ផែនដីអី បើល្ងីល្ងើយ៉ាងនេះ ខ្ញុំក៏ជាអ្នកចំរៀងដែរ តែខ្ញុំមិនបានធ្វើចរិកធូថ្លៃដូច ពេជ្រ សោភា ដែរដើរហេ កុបរកប្រុស អាឡេមអាឡាម អាសនោះទេ»។

នៅក្នុងសាររិះគន់ទៅលើ តារាចម្រៀង អ្នកនាង ពេជ្រ សោភា ក៏បានបង្ហោះ បែបក្នុង ន័យប្រមាថជីវិត របស់នាងទៀតថា «ដំណឹងមរណះភាព កាភាវាបានងាប់ហើយ បន្ទាប់ពីទៅព្យាបាលនៅថៃ សូមចូលរួមត្រេកអរផង ដែលវាងាប់បានសំរេច ស្អែកនេះទៅផ្សារទិញមាន់ទា ជប់លៀងមីកាភាវាងាប់ មានមិត្តណាចង់ចូលរួមអត់?»។

តាមរយៈសារទាំងអស់នេះ បានសរបញ្ជាក់យ៉ាងច្បាស់ថា នារីម្នាក់នេះ ហាក់មិនសូវពេញចិត្ត តារាចម្រៀងថ្គាមខ្លា អ្នកនាង ពេជ្រ សោភា នោះទេ ផ្ទុយទៅវិញនាង បែរជាបង្ហាញសារ វាយប្រហារធ្ងន់ៗទៅលើ ពេជ្រ សោភា ទាំងដែលនាងពេលនេះ មានអាការៈឈឺធ្ងន់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា