(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់ Fresh News ថា ករណីគ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់ ដែលបានកើតឡើងនៅម៉ោង ១០៖១៥នាទី ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៤ បង្កឡើងដោយរថយន្តដឹកស៊ីទែនសាំង បុកជាមួយរថយន្តដឹកទំនិញ បណ្តាលឲ្យផ្ទុះឆេះ បង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ មិនបណ្តាលឲ្យរងគ្រោះ ដល់អាយុជីវិតអ្នកបើកបរ រថយន្តទាំង២គ្រឿងនោះទេ ដោយពួកគេបានគេចខ្លួនផុតត្រឹមតែរងរបួស ស្រាលប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងភ្លាម ទាំងកម្លាំងសមត្ថកិច្ចរួមមាន នគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរផងដែរ បានជួយអន្តរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាងលិចគល់ស្ពានក្អោង ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ រវាងក្រុមហ៊ុនដឹកជញ្ជូនប្រេងតេលា មានទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បើកជែងរថយន្តដែលមានទិដៅស្របគ្នា ដល់ចំណុចកើតហេតុ ក៏ក្រឡាប់ពោងប្រេង ទៅក្បែររថយន្តដឹកញ្ជូនទំនិញ ដែលមានទិសដៅបព្រ្ចាស់ទិសគ្នា បណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅតែម្តង៕

ប្រភព៖ Fresh News

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា កាលពីដើមខែឧសភា មុននេះក៏មានហេតុការណ៍ស្រដៀងនេះ កើតឡើងនៅឯខេត្ដកំពត។

នៅក្នុងនោះ បានឲ្យដឹងថា រថយន្ត​សាំ​យ៉ុ​ង​២​គ្រឿង បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​ ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នា​រសៀល​ថ្ងៃ​ទី​៦ ឧសភា នៅ​ចំណុច​ខាងលិច​ស្ពាន​ដុក​ក្រំ​លើ ស្រុក​ទឹកឈូ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ។ តាម​មន្ត្រី​ប៉ូលិស​ថា រថយន្ត​សាំ​យ៉ុ​ង​ទាំង​២​នេះ មួយ​គ្រឿង​ពណ៌​ស និង​មួយ​គ្រឿង​ទៀត​ពណ៌​លឿង បាន​បុក​គ្នា​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា ។

ទោះបីជា​បែប​ណា មាន​អ្នក​រង​បួស​មួយ​ចំនួន​(​មិន​ទាន់​ច្បាស់​) តែ​មិន​មាន​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ទេ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​ ២​គ្រឿងក្នុង​ការ​ពន្លត់ភ្លើង​ឆេះ​រថយន្ត​នេះ​ផង​ដែរ ៕

រូបភាព រថយន្ត​សាំ​យ៉ុ​ង​2​គ្រឿង​ជល់​គ្នា​ឆេះ​លើ​ផ្លូវជាតិ​លេខ​3​ពេល​ភ្លៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]