ខេត្តកំពត ៖ រថយន្ត​សាំ​យ៉ុ​ង​២​គ្រឿង បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​ ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នា​រសៀល​ថ្ងៃ​ទី​៦ ឧសភា នៅ​ចំណុច​ខាងលិច​ស្ពាន​ដុក​ក្រំ​លើ ស្រុក​ទឹកឈូ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ។ តាម​មន្ត្រី​ប៉ូលិស​ថា រថយន្ត​សាំ​យ៉ុ​ង​ទាំង​២​នេះ មួយ​គ្រឿង​ពណ៌​ស និង​មួយ​គ្រឿង​ទៀត​ពណ៌​លឿង បាន​បុក​គ្នា​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា ។

ទោះបីជា​បែប​ណា មាន​អ្នក​រង​បួស​មួយ​ចំនួន​(​មិន​ទាន់​ច្បាស់​) តែ​មិន​មាន​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ទេ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​ ២​គ្រឿងក្នុង​ការ​ពន្លត់ភ្លើង​ឆេះ​រថយន្ត​នេះ​ផង​ដែរ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ​ដោយសារ​តែ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន មិន​គោរព​ច្បាប់​​ចរាចរណ៍ ​ជា​​ពិសេស​បងប្អូន​​ជាអ្នក​បើក​​រថយ​ន្ត​​ដឹក​អ្នក​ដំណើរ​ ​ត្រូវ​តែ​​មាន​​ការ​ប្រុង​​ប្រ​យ័ត្ន​ឱ្យបាន​​​ខ្ពស់​​បំផុត ពីព្រោះ​អាយុជីវិត​អ្នក​​ជិះ​​រាប់​សិប​នាក់​បាន​ផ្ញើ​​ទៅ​លើ​​អ្នកបើកបរ​តែ​ម្នាក់​គត់ ​ដូច្នេះ​​ កុំ​យក​ជីវិត​គេ​ទៅ​លេងសើចឱ្យ​​សោះ​ គឺ​ត្រូវ​គោរពច្បាប់​ចរាចរណ៍​ជាចម្បង ​។

ជាក់ស្តែង​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ​កើតឡើង​ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ​(កំពត-​ព្រះ​ស៊ី​ហ​នុ) ​ត្រង់​ចំណុច​​ភូមិ​ទទឹ​ងថ្ងៃ ឃុំ​​បឹង​​ទូក ស្រុក​​ទឹកឈូ កាលពី​វេលា​ម៉ោង​០២រសៀល​​ថ្ងៃ​ទី​០៦ ឧសភា​ ២០១៦ ដែល​បង្ក​ឡើង​​ដោយ​រថយន្ត​ម៉ាក​​សាំ​យ៉ុ​ង​ចំនួន​២​គ្រឿង​ បើក​​ក្នុង​ទិស​ដៅ​ប​ញ្ច្រាស​​គ្នា​បាន​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​​ ក្រោយម​ក​​បណ្តាល​ឱ្យ​​ឆ្លងចរន្ត​ភ្លើង​​ឆេះ​យ៉ាង​ស​ន្ធោស​ន្ធៅ​ខូច​ខាត​អស់​​រថយន្ត​ទាំង២​គ្រឿង​ ​។

នៅ​ក្នុង​ករណី​គ្រោះថ្នាក់​​ខាងលើនេះ​ ​ត្រូវ​បាន​នគរបាល​ចរាចរ​ការិយាល័យ​ផ្លូវគោក​​នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​ឱ្យ​​ដឹងថា ​ក្នុង​​ពេល​​​កើត​ហេតុ ​មេឃ​​កំពុង​មាន​​ភ្លៀង​ធ្លាក់ និងមាន​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​​ដឹក​អ្នកដំណើរ​២​គ្រឿង ដោយ​មួយ​គ្រឿង​ ពណ៌​លឿង​ គ្មាន​ស្លាក​លេខ​ ​ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត តែ​ពុំ​ដឹង​ថា​ មាន​ផ្ទុក​អ្នកដំណើរ​ប៉ុន្មាន​នាក់​នោះ​ទេ ។

រីឯ​មួយ​គ្រឿង​ទៀត ​ពណ៌​ទឹកប្រាក់​ពាក់​​ស្លាក​លេខ​ព្រះ​សី​ហ​នុ​2A-5361 មាន​​ផ្ទុក​អ្នកដំណើរ​ចំនួន​៩​នាក់​ ទាំង​អ្នកបើកបរ​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។

លុះ​មក​ដល់​ចំណុច​កើតហេតុ គេ​ឃើញ​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​លឿង បាន​រេ​ចង្កូតម​ក​បុក​ខាងស្តាំ​រថយន្ត​ពណ៌​ទឹកប្រាក់​​ពេញទំហឹង ​បណ្តាល​ឱ្យ​​បែក​ផ្កាភ្លើង​ ។ មួយសន្ទុះ​ក្រោយមក​​ ក៏ចេញជា​អណ្តាតភ្លើង​ឆេះ​​តែ​ម្តង រីឯ​មនុស្ស​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​ទាំង​​៩​នាក់​បាន​រង​របួស​ស្រាល​៥​នាក់ (ស្រី​១នាក់​) ។

សមត្ថកិច្ច​ឱ្យ​​ដឹង​ទៀតថា ដំបូង​ឆេះ​តែ​រថយន្ត​១គ្រឿង​ទេ តែដោយសារ​​រថយន្ត​ទាំង២​ ក្រោយ​ពី​ជួប​ហេតុ​ការណ៍​​នៅ​មិន​ឃ្លាត​ពី​គ្នា​ប៉ុន្មាន​នោះ ​ទើប​ឆេះ​ទាំង​ពីរ​គ្រឿង​តែ​ម្ត​ង​ ។

ទោះបី​រថយន្ត​ពន្លត់អគ្គិ​ភ័យ​ទៅ​ជួយ​អន្តរាគមន៍ពន្លត់ ​ក៏​​មិន​ទាន់​ផង​ ត្រូវ​ឆេះ​អស់ស្ទើរ​​ទាំង​២​គ្រឿង​ ។ ចំណែក​​ជន​រង​គ្រោះ ​និង​ឈ្មោះ​ម្ចាស់​រថយន្ត​សមត្ថកិច្ច​មិន​ទាន់​បាន​ដកស្រង់​​ទេ ៕

ទាក់ទងនឹងករណី ដូចគ្នានេះដែរ កាលពីដើមឆ្នាំ ២០១៤ កន្លងទៅ បុរសម្នាក់ បានបើករថយន្ត ក្នុងល្បឿនលឿន បានជ្រុលចង្កូត ទៅបុកដើមអាកាស្យា បណ្តាល ឲ្យឆេះរថយន្ត និងបុរស ជាអ្នកបើកបរ ឆេះស្លាប់យ៉ាង វេទនាបំផុត សល់តែឆ្អឹង និងគ្រឿងក្នុង។

ហេតុការណ៍គ្រោះថ្នាក់ ចរាចរដ៏គួឲ្យរន្ធត់នេះ បានកើតឡើងកាល ពីវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ៧ ចំណុចស្ទឹងពោន ស្ថិតក្នុងភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ជាអ្នកបើកបរ ភ្លើងឆេះស្លាប់សល់តែឆ្អឹង ក្នុងហេតុការណ៍នោះ មានឈ្មោះ ផល សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិយៀក ឃុំដំរិល ស្រុកអូរាំងឪ ខេត្តកំពង់ចាម ។

ប្រភពដដែល បានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញរថយន្ត មួយគ្រឿងម៉ាក កូរូឡា ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ កណ្តាល2A 0357 បើកបរពីទិសខាងកើតទៅលិច (ពីទីរួមស្រុកមេមត់ ទៅឃុំដារ)ក្នុងល្បឿនលឿន លុះមកដល់ ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូត ទៅបុកដើមអាកាស្យា យ៉ាងពេញទំហឹង បណ្តាលឲ្យឆេះរថយន្ត យ៉ាងសន្ធោសន្ធៅ ។

ប្រភពដដែលបានបន្តថា ក្នុងខណៈពេលនោះ គេឃើញប្រជាពលរដ្ឋ បានជួយរំដោះបុរសម្នាក់ចេញ ពីរថយន្ត កំពុងឆេះ ជាអ្នករួមដំណើរ មានឈ្មោះ ឃ្លោក ហៅដន អាយុ២៣ឆ្នាំ នាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកមេមត់ ។ ដោយឡែក អ្នកបើកបរ មិនអាច ជួយសង្គ្រោះបានទេ ដោយចំណុចកើតហេតុ ឆ្ងាយពីផ្ទះអ្នកស្រុក ផងនោះ បានធ្វើឲ្យរថយន្ត និងអ្នកបើកបរឆេះហ្មត់ សល់តែឆ្អឹងតែម្តង។

ក្រោយហេតុការណ៍ បានជាងមួយម៉ោង គេឃើញក្រុមគ្រួសារសពជនរងគ្រោះ មកយកឆ្អឹងសពជនរងគ្រោះ ទៅលំនៅដ្ឋានដើម្បី ធ្វើបុណ្យតាមប្រពៃណី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]