(ភ្នំពេញ)៖ តារាចម្រៀង​សម្លេង រៃកណ្តឹងស្តាប់មិនចេញជិន​ណាយ អ្នកនាង ម៉េង កែវពេជ្ជតា ដែ​ល​កន្លងមក ត្រូវបានមហាជនដឹងគ្រប់គ្នាថា ធ្លាប់ផ្ទុះ​រឿងចម្រូងចម្រាស់ ជាមួយតារាសម្តែងចំណូលថ្មី នាង ដេននី ខ្វាន់ ជុំវិញរឿងស្លៀកពាក់សិចស៊ី រហូតក្រួសួងវប្បធម៌​ និងវិចិត្រសិ​ល្បៈ បា​នចេញលិខិតកោះហៅ តារាវ័យក្មេង ដេននី ទៅណែនាំ ព្រមទាំងឲ្យ​ចេញមុខសុំទោសម​ហាជ​ន ជាសាធារណៈនោះ ថ្មីៗនេះ បានបង្ហាញពីអារម្មណ៍ បាក់ទឹកចិត្តលើចំណាត់ការ ក្រ​សួង​ដែល​គ្មានចំណាត់ការណា ក្តៅចំពោះតារាវ័យក្មេងរូបនេះ។

អ្នកនាង ម៉េង កែវជ្ជតា បានសរសេរលើកឡើង ជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេស​ប៊ុ​ក​ ដោយសំដៅលើតារាសិចស៊ី នាង ដេននី ខ្វាន់ និងក្រសួងថា​ «មុនហ្នឹងប្រកាសដាច់ខាត មិនសូមទោសខ្ញុំទេ។ ហ៊ឺខ្ញុំហាក់អន់ចិត្ត និងក្រសួងយើងណាស់ ស្លៀកពាក់បែបហ្នឹង ក៏អាចទទួលជួបបានដែរ វាខុសពីពួកខ្ញុំ បើហ៊ានតែខុសបន្តិច ម៉ែអឺយអត់មើលមុខអាឡូវ ហេ ហេ…!»។

មិនត្រឹមតែប៉ុណ្ណោះ នាពេលកន្លងមក តារាចម្រៀង អ្នកនាង ម៉េង កែវពេជ្ជតា ក៏ធ្លាប់បាននិយា​យសង្កត់ធ្ងន់ថា ​ការចេញមុខសុំទោស ពីសំណាក់តារាស្រីនាង ដេននី ខ្វាន់ នេះ ព្រោះតែខ្លាចសន្និសីទកាសែតប៉ុណ្ណោះ ។ ម្យ៉ាងទៀត អ្នកនាងនិយាយ​ណែនាំ ក្នុងន័យមួយ ដើម្បីស្ថាបនាក្នុងនា​ម អ្នកនាងជាអ្នកសិល្ប:រៀមច្បងម្នាក់ ដែលមានអាយុច្រើនជាង ប្រៀបបាន​នឹង​បង ប្រដៅប្អូនស្រី​។ ប៉ុន្តែផ្ទុយមកវិញបែរជា កញ្ញា ដេននី ខ្វាន់ ខឹងច្រឡោត លើកយករឿងផ្ទាល់ខ្លួនរបស់អ្នកនាង តាំងពីអតីតកាល មកផ្ចាញ់ផ្ចាលទៅវិញ។ មិនតែប៉ុណ្ណោះ ថែមទាំងប្រើភាសារពេបជ្រាយ និងចំអកឡកឡឺយ ជី​វិតបែកបាក់គ្រួសារ របស់អ្នកនាង ម៉េង កែវពេជ្ជតា ទៀតផង ។

សូមបញ្ជាក់ថា ការលើកឡើង បង្ហាញពីការអស់ជំនឿ លើចំណាត់ការរបស់ក្រសួង វប្បធម៌​ និង​វិ​ចិ​ត្រសិល្បៈ ពីសំណាក់តារាចម្រៀង សំឡេងស្រទន់ពីរោះដូចសារិកា អ្នកនាង ម៉េង កែវពេជ្ជតា ខាងលើនេះ ធ្វើឡើងបន្ទាប់​ពីលទ្ធផល​ នៃចំណាត់ការ កោះហៅរបស់​ក្រសួង លើនាង ដេននី ខ្វា​ន់ ឲ្យខ្លួនហាក់ដូច​គ្មានផ្លែផ្កាអ្វី ក្រៅតែពីការណែនាំបន្តិចបន្តូច ដោយពុំមានការ​ដាក់លក្ខខណ្ឌ ឬ​ធ្វើកិច្ចសន្យាព្រ​មា​នខ្លាំងៗ ចំពោះទង្វើគឃ្លើន របស់តារាស្រីសិចស៊ី ដេននី ខ្វាន់ កាលពីថ្មីៗនោះ​ឡើយ៕

ប្រភព៖ Khmer Talking

កំណត់ហេតុខ្មែរឡូត៖

គេអាចនៅចាំបានថា តារាចូលចិត្តបង្អួតល្វែងដងខ្លួន ដ៏ល្វត់ល្វន់ កញ្ញា ដេននី ក្វាន់ បានសន្យាបញ្ឈប់បង្ហាញភាពសិចស៊ី របស់ខ្លួនទៀតហើយ ក្រោយទទួលការទូន្មាន និងអប់រំ ពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ព្រមទាំងការប្រតិកម្មពីអ្នកសិល្បៈ និង ប្រជាពលរដ្ឋខ្មែរ។ 

កញ្ញា ដេននី ក្វាន់ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ បានចូលទៅកាន់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដើម្បីដំបូន្មានពីថ្នាក់ដឹកនាំក្រសួង ចំពោះការស្លៀកពាក់សិចស៊ីរបស់កញ្ញា។ បន្ទាប់ពីជួបទទួលដំបូន្មានជិតមួយម៉ោងពីលោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កញ្ញា ដេននី ក្វាន់ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ភាពសិចស៊ី គឺជាចំណង់ចំណូលចិត្តរបស់កញ្ញាតាំងពីដើមមក ហើយការស្លៀកពាក់សិចស៊ីនេះ គ្មានបំណងជាថ្នាក់ទាក់ទាញចំណាប់អារម្មណ៍ណាមួយនោះឡើយ។

តែទោះបីជាយ៉ាងណា ក្រោយទទួលការអប់រំពីក្រសួង កញ្ញាសន្យាមិនស្លៀកពាក់សិចស៊ីបង្អួតខ្សែនេត្រាទស្សនិកជនទៀតនោះឡើយ។

ដេននី ក្វាន់ ក៏បានសុំអភ័យទោសចំពោះកំហុសឆ្គងរបស់កញ្ញា ពីថ្នាក់ដឹកនាំក្រសួង ប្រជាពលរដ្ឋ និង អ្នកសិល្បៈទាំងអស់ និង បានបញ្ជាក់ថា កញ្ញា នឹងសូមទោសសិល្បៈរៀមច្បង ដូចជាអ្នកនាង ម៉េង កែវពេជ្ជចិន្តា ជាដើម ដែលធ្លាប់បានប៉ះពារសម្តីនាពេលកន្លង។ បើទោះបីឈប់បង្អួតតំបន់អាថ៌កំបាំងលើដងខ្លួន តែ ដេននី ក្វាន់ អះអាងថា កញ្ញា នឹងមិនបោះបង់អាជីពសិល្បៈនោះឡើយ។

កញ្ញា ដេននី ក្វាន់ ត្រូវបានគេស្គាល់យ៉ាងច្បាស់ក្នុងពិភពសិល្បៈថា ជាតារា ដែលតែងតែថតរូបសិចស៊ី បង្ហាញល្វែងដងខ្លួនដ៏ល្វត់ល្វន់របស់កញ្ញា មិនចាញ់តារាតំបន់អឺរ៉ុបនោះឡើយ។ ការនិយមបង្ហាញរូបភាពសិចស៊ីរបស់ ដេននី ក្វាន់ បាននាំឲ្យមានការប្រតិកម្មខ្លាំង ព្រោះគេបានចាត់ទុកការបង្ហាញភាពសិចស៊ី របស់ ដេននី ក្វាន់ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់ភាពថ្លៃថ្នូរ និង ផូរផង់ នៃវប្បធម៌ និងស្រ្តីរបស់ខ្មែរ។

លោក ថៃ នរៈសត្យា បានបញ្ជាក់ថា ក្រសួងមានសិទ្ធិត្រឹមណែនាំ និងអប់រំ ដល់កញ្ញា ដេនី ក្វាន់ ឲ្យបញ្ឈប់ការស្លៀកពាក់សិចស៊ី តែបើកញ្ញា មិនបញ្ឈប់ក្រសួង ក៏មិនមានសិទ្ធិក្នុងការចាត់ចំណាត់ការអ្វីនោះឡើយ ព្រោះការស្លៀកពាក់សិចស៊ីនេះ គឺជាសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់