(ភ្នំពេញ)៖ តារាចូលចិត្តបង្អួតល្វែងដងខ្លួនដ៏ល្វត់ល្វន់កញ្ញា ដេននី ក្វាន់ បានសន្យាបញ្ឈប់បង្ហាញភាពសិចស៊ីរបស់ខ្លួនទៀតហើយ ក្រោយទទួលការទូន្មាន និងអប់រំ ពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ព្រមទាំងការប្រតិកម្មពីអ្នកសិល្បៈ និង ប្រជាពលរដ្ឋខ្មែរ។

កញ្ញា ដេននី ក្វាន់ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ បានចូលទៅកាន់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដើម្បីដំបូន្មានពីថ្នាក់ដឹកនាំក្រសួង ចំពោះការស្លៀកពាក់សិចស៊ីរបស់កញ្ញា។ បន្ទាប់ពីជួបទទួលដំបូន្មានជិតមួយម៉ោងពីលោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កញ្ញា ដេននី ក្វាន់ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ភាពសិចស៊ី គឺជាចំណង់ចំណូលចិត្តរបស់កញ្ញាតាំងពីដើមមក ហើយការស្លៀកពាក់សិចស៊ីនេះ គ្មានបំណងជាថ្នាក់ទាក់ទាញចំណាប់អារម្មណ៍ណាមួយនោះឡើយ។

តែទោះបីជាយ៉ាងណា ក្រោយទទួលការអប់រំពីក្រសួង កញ្ញាសន្យាមិនស្លៀកពាក់សិចស៊ីបង្អួតខ្សែនេត្រាទស្សនិកជនទៀតនោះឡើយ។

ដេននី ក្វាន់ ក៏បានសុំអភ័យទោសចំពោះកំហុសឆ្គងរបស់កញ្ញា ពីថ្នាក់ដឹកនាំក្រសួង ប្រជាពលរដ្ឋ និង អ្នកសិល្បៈទាំងអស់ និង បានបញ្ជាក់ថា កញ្ញា នឹងសូមទោសសិល្បៈរៀមច្បង ដូចជាអ្នកនាង ម៉េង កែវពេជ្ជចិន្តា ជាដើម ដែលធ្លាប់បានប៉ះពារសម្តីនាពេលកន្លង។ បើទោះបីឈប់បង្អួតតំបន់អាថ៌កំបាំងលើដងខ្លួន តែ ដេននី ក្វាន់ អះអាងថា កញ្ញា នឹងមិនបោះបង់អាជីពសិល្បៈនោះឡើយ។

កញ្ញា ដេននី ក្វាន់ ត្រូវបានគេស្គាល់យ៉ាងច្បាស់ក្នុងពិភពសិល្បៈថា ជាតារា ដែលតែងតែថតរូបសិចស៊ី បង្ហាញល្វែងដងខ្លួនដ៏ល្វត់ល្វន់របស់កញ្ញា មិនចាញ់តារាតំបន់អឺរ៉ុបនោះឡើយ។ ការនិយមបង្ហាញរូបភាពសិចស៊ីរបស់ ដេននី ក្វាន់ បាននាំឲ្យមានការប្រតិកម្មខ្លាំង ព្រោះគេបានចាត់ទុកការបង្ហាញភាពសិចស៊ី របស់ ដេននី ក្វាន់ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់ភាពថ្លៃថ្នូរ និង ផូរផង់ នៃវប្បធម៌ និងស្រ្តីរបស់ខ្មែរ។

លោក ថៃ នរៈសត្យា បានបញ្ជាក់ថា ក្រសួងមានសិទ្ធិត្រឹមណែនាំ និងអប់រំ ដល់កញ្ញា ដេនី ក្វាន់ ឲ្យបញ្ឈប់ការស្លៀកពាក់សិចស៊ី តែបើកញ្ញា មិនបញ្ឈប់ក្រសួង ក៏មិនមានសិទ្ធិក្នុងការចាត់ចំណាត់ការអ្វីនោះឡើយ ព្រោះការស្លៀកពាក់សិចស៊ីនេះ គឺជាសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ៕ 

ប្រភព៖ Freshnews

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា តបតាមការកោះហៅរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ កំពូលតារាសិចស៊ី ដេននី ក្វាន់ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ បានចូលទៅទទួលដំបូន្មាន និងការអប់រំ ពីថ្នាក់ដឹកនាំក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បន្ទាប់ពីកញ្ញាចូលចិត្តស្លៀកពាក់សិចស៊ីដូចអាក្រាតកាយធ្វើឲ្យប៉ះពាល់ និងអាប់ឱនខ្លាំងដល់តម្លៃវប្បធម៌ និងស្រ្តីខ្មែរ។

សូមបញ្ជាក់ថា កោះកៅហៅ កំពូលតារាសិចស៊ី ដេននី ក្វាន់ ចូលទៅដុសអប់រំនេះ បន្ទាប់ពីតារា ដែលទើបទទួលបានកេរ្តិ៍ឈ្មោះតាមរយៈភាពសិចស៊ីរូបនេះ បានព្យាយាមបង្ហោះរូបសិចស៊ី ដូចអាក្រាតកាយជាបន្តបន្ទាប់តាមបណ្តាញផ្សព្វផ្សាយ និងបណ្តាញសង្គម នាំឲ្យផ្ទុះប្រតិកម្មខ្លាំងទាំងក្នុងមជ្ឈដ្ឋានអ្នកសិល្បៈ និងមហាជនខ្មែរ។ កាយវិការ និងសកម្មភាពរបស់តារារូបនេះ ត្រូវបានគេវាយតម្លៃថា ធ្វើឲ្យ ប៉ះពាល់ដល់វប្បធម៌ទំនៀបទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ជាតិ និង ចរិយាធម៌-សីលធម៌សង្គម។

ដេននី ក្វាន់ មិនត្រឹមតែមិនទទួលនូវការទូន្មានពីអ្នកសិល្បៈរៀបច្បង និងសាធារណជននោះឡើយ ចំពោះភាពសិចស៊ីនេះ ហើយថែមទាំងជេរដៀលត្មះតបទៅលើអ្នកអប់រំរូបនាងថែមទៀត។ ព្រោះតែការអប់រំលើតារាសិចស៊ីនេះ នាំឲ្យមានការផ្ទុះពាក្យសម្តីខ្លាំងរវាង ដេននី ក្វាន់ និង អ្នកសិល្បៈជាច្រើនផ្សេងទៀត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]