ភ្នំពេញ៖ ខ្សែជីវិត​ក្រោមមេឃ​ របស់ ទិត្យ វិច្ឆិកា សម្បូរទៅដោយព្យុះភ្លើង ដែលធ្វើឲ្យមានបញ្ហា​មិនចេះចប់មិនចេះហើយ រហូត​រសាត់អណ្តែត ដល់​ជាយដែនខាងលិច​ប្រទេស ទើបតែមាន​ផ្កាយ​សំណាង​ធ្លាក់ពីលើមេឃ ជួយដល់ជីវិត​ខ្លួន ផ្តល់ឱកាស ​ឲ្យមាន​ការងារ​ ធ្វើសមរម្យវិញ ក្នុងអាជីព​សិល្បៈ ។​

ថ្លែង​ទាំង​សេចក្តីដឹង​គុណ ប្រាប់ LookingTODAY នៅថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦ លោក ទិត្យ វិច្ឆិកា បានឲ្យដឹងថា «មានវត្តមានច្រៀង​នៅ Jet Plus និង Jet Star គឺដោយសារតែ​ការ​សណ្តោស​ប្រណី ផ្តល់ឱកាស​ឲ្យខ្ញុំ​ ពីសំណាក់លោក ឧកញ៉ា ស្រី ចាន់ថន ដែលធ្វើឲ្យខ្ញុំ​បានមក​ភ្នំពេញវិញ​» ។​ ផ្តើមចេញ​ពីអំពើមនុស្សធម៌ ដែលខ្លួន​បានធ្វើនៅទីជិត​ឆ្ងាយ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើរដល់ផ្លូវ​រាងទ័ល ក៏បានជម្រាបជូន​ដល់ឧកញ៉ា ស្រី ចាន់ថន ក្នុងន័យសម្រួល​ជីវភាពខ្លួន ធ្វើយ៉ាងណា​ឲ្យមានការងារធ្វើ​ សមរម្យ វិញ។​

ទិត្យ វិច្ឆិកា ថា«ដោយសារតែមូនិធិជួយដល់សង្គមជាតិខ្ញុំ រាំងស្ទះ ក៏បានជម្រាបជូនដល់លោក ឧកញ៉ា ស្រី ចាន់ថន សូមកន្លែងគាត់ច្រៀង ដើម្បី​ផ្គត់ផ្គង់ជីវភាពខ្ញុំ និងអ្នកម្តាយ ហើយ​ក៏យកថវិកា ដែលបាននេះ​ ទៅជួយដល់ប្រជាជនខ្មែរខ្លះ ដែលអត់មានអាហារបរិភោគ​ ហើយក៏គាត់បានទទួលយកខ្ញុំ ទៅច្រៀងនៅកន្លែងរបស់គាត់តែម្តងទៅ​»។​

ទិត្យ វិច្ឆិកា បានបន្ថែមថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ នៅមាន ឧកញ៉ា ស្រី ចាន់ថន ដែលបានផ្តល់ឱកាស​ឲ្យខ្ញុំចុងក្រោយ បន្ទាប់ពី ឱកាស​កន្លងមក​បានបាត់បង់ទាំងស្រុង ហើយការងារដែលលោក ឧកញ៉ា ផ្តល់ គឺបានជួយសម្រួល ជីវភាពខ្ញុំមែនទែន​ ដែលអាចនិយាយបានថា ឧកញ្ញ៉ា ស្រី ចាន់ថន​ ផ្តល់ជីវិត​ថ្មី​ឲ្យខ្ញុំ​​ » ។​

ទន្ទឹមនឹងជីវិត​ ដែលឧកញ៉ា ស្រី ចាន់ថន ផ្តល់ឲ្យ​រាងប្រសើរបន្តិចនោះ ទិត្យ វិច្ឆិកា បានអះអាងផងដែរថា «នៅពេលខាងមុខឆាប់ៗ ខ្ញុំនឹង​ចេញ​ អាលប៊ុម​ថ្មី នៅផលិតកម្ម យូធូ សារជាថ្មីម្តង​ទៀត ជាមួយនឹង​អាលប៊ុម I'm Come Back ក្រោយ​​ម្ចាស់ផលិតកម្ម លោក ចេនឡា ផ្តល់ឱកាស​ឲ្យ​» ៕​

ប្រភព៖ ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកព័ត៌មានកាលពីលើកមុន ឡើងវិញផងដែរថា អតីតតារាចម្រៀង ម្ចាស់បទ «សូរិយាអស្តង្គត» លោក ទិត្យ វិច្ឆិកា  បានជួបគ្រោះថ្នាក់ មិនគួរនឹកស្មានមួយ ខណៈដែលលោក កំពុងតែធ្វើដំណើរ តាមផ្លូវទៅញ៉ាំបាយសុខៗ ស្រាប់តែដួលផ្កាប់មុខ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ រស់នៅក្បែនោះ ជួយសង្គ្រោះដឹកយកទៅព្យាបាល នៅមន្ទីពេទ្យខេត្តសៀមរាប ទាល់ពេលវេលា។

បន្ទាប់ជួបគ្រោះថ្នាក់ខាងលើ គេសង្កេតឃើញ លោក ទិត្យ វិច្ឆិកា បានសរសេរបង្ហោះ ប្រាប់ទៅទស្សនិកជនថា «ស្នាមញញឹមរបស់លោក បានត្រឡប់មកជាថ្មី ហើយពេលនេះ លោកក៏បានចាកចេញពីមន្ទីរពេទ្យវិញហើយ គឺត្រូវត្រឡប់ ទៅតំបន់ភ្នំដងរែកវិញ »។ ទោះបីជាសុខភាព របស់លោកមិនទាន់ល្អ ដូចដើមវិញក៏ ដោយតែអារម្មណ៍របស់លោក រីករាយខ្លាំងណាស់ ដោយសារតែបងប្អូនខ្មែរ ផ្តល់កំលាំងចិត្តឲ្យលោក ជាបន្តបន្ទាប់ ។

លោក ទិត្យ វិច្ឆិកា បានបន្តថា «ខ្ញុំបាទសូមថ្លែងអំណរគុណ យ៉ាងខ្លាំង ចំពោះបងប្រុសនិងបងស្រី និងបងប្អូនខ្មែរទាំងអស់គ្នា ដែលបានផ្តល់កំលាំងចិត្តឲ្យខ្ញុំ សូមឲ្យយជួបប្រទះ តែសេចក្តីសុខគ្រប់ប្រការ កុំបីឃ្លាងឃ្លាតឡើយ ។បើសិនជាថ្ងៃណាមួយខ្ញុំស្លាប់ ត្រឡប់ទៅវិញ រាងកាយរបស់ខ្ញុំ បាត់មែន តែទោះជាយ៉ាងណា ក៏ខ្ញុំនៅសល់កិត្តិយស បន្តិចបន្តួច សល់នៅលើទឹកដីកំសត់នេះ សំរាប់អ្នកជំនាន់ក្រោយ នឹកដល់ខ្ញុំដែរ។ ជនជាតិខ្មែរម្នាក់ៗ គឺស្រលាញ់ ជាតិដូចគ្នា..!» ។

ជាមួយគ្នានេះដែរ អតីតតារាចម្រៀងលោក ទិត្យ វិច្ឆិកា ក៏បានសុំការអភ័យទោស ចំពោះប្រជាពលរដ្ឋ ដែលរស់នៅភូមិច្រនាង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងប្រជាពលរដ្ឋ រស់នៅភូមិកម្មករ ឃុំសំលាញ់ ស្រុកអង្គរជ័យ ខេត្ត កំពត ដែលលោកធ្លាប់សន្យាជីកស្រះជូននោះ សូមមេត្តារងចាំ បន្តិចសិន ព្រោះជំនួយសប្បុរសជនខ្មែរ ក្រៅប្រទេស និងមូលនិធិខ្មែរ នៅមិនទាន់មកដល់ ។

លោក ទិត្យ វិច្ឆិកា បានបន្ថែមថា សម្រាប់កុមាររស់នៅ ស្រុកសំរោងទង ខេត្តកំពុងស្ពឺ ដែលអត់សាលារៀន សូមទាំងអស់គ្នា កុំបារម្ភ ហើយត្រូវរង់ចាំពូសិន ពូនឹងព្យាយាមរកមូលនិធិ មកសាងសង់សាលាមត្តេយ្យ បេះដូងខ្មែរសំរោងទង ឲ្យក្មួយៗបានរៀនសូត្រ និងមានស្រះទឹកមួយ សម្រាប់អ្នកទាំងអស់គ្នា ប្រើប្រាស់ដោយ សប្បាយរីករាយ ជាមិនខាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទិត្យ វិច្ឆិកា