តៃវ៉ាន់៖ វាជារឿងដ៏សែនអាក្រក់មួយ បន្ទាប់ពីតារាម៉ូដែលស្រី ដ៏ល្បីមួយរូបរបស់តៃវ៉ាន់ បានជួបគ្រោះអកុសល លង់ទឹករហូតដល់បាត់បង់ជីវិត ក្នុងអំឡុងពេលដែលនាង ត្រូវធ្វើការថតរូបនៅក្រោមទឹក។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាម៉ូដែលស្រីដ៏ពេញនិយម Olivia Ku អាយុ២៥ឆ្នាំ ត្រូវបានជួបគ្រោះអកុសល លង់ទឹកក្នុងអំឡុងពេល ធ្វើការថតរូបនៅក្រោមទឹក នៅឯតំបន់ Hengchun នៃកោះតៃវ៉ាន់។ 

តារាសម្តែងស្រី Olivia Ku ដែលជួបគ្រោះអកុសល ក្នុងអំឡុងពេលថតរូប

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា ដំបូងឡើយការថតរូប ហាក់ដំណើរការធម្មតា តែក្រោយមកមិនយូរប៉ុន្មាន Ku ក៏ត្រូវបានគេតម្រូវឲ្យដោះ បំពង់អុកស៊ីហ្សែនចេញ ដើម្បីធ្វើការថតរូប ឲ្យមើលទៅឃើញដូចជា លក្ខណៈធម្មជាតិពិតៗ ជាហេតុនាំឲ្យ តារាស្រីរូបនេះ ត្រូវអត់ដង្ហើមនៅក្រោមទឹកមួយរយៈពេល តែជាអកុសល ជំងឺហឺត ស្រាប់តែកើតមានឡើង ចំពោះខ្លួននាង ទើបធ្វើឲ្យ Ku ត្រូវលង់ទឹក ទាំងក្នុងកំពុងពេលថតតែម្តង។

ភ្លាមៗក្រោយពេលកើតហេតុ Ku ក៏ត្រូវបានក្រុមការងារ ប្រញាប់ស្រង់ចេញពីទឹក ទាំងដែលនាងសន្លប់បាត់ស្មារតី រួចក៏ប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះ យ៉ាងណាមិញ វាហាក់ដូចជាយឺតពេលបន្តិចហើយ ដោយសារតារាម៉ូដែលស្រីរូបនេះ មិនអាចសង្រ្គោះបានឡើយ។

ជុំវិញករណីនេះដែរ ក្រុមអាជ្ញាធរប្រចាំតំបន់ បានលើកឡើងថា ការស៊ើបអង្កេតទៅលើ រឿងឧបត្តិហេតុមួយនេះ នឹងត្រូវបង្កើតឡើងភ្លាមៗជាចាំបាច់ ដើម្បីស្វែងរកមូលហេតុ ពិតប្រាកដដែលបង្ក ឲ្យមានរឿងអកុសលនេះកើតឡើង។ 

រូបថតបង្ហាញពីសកម្មភាព ចុះជ្រមុជទឹករបស់ Olivia Ku

គូសបញ្ជាក់ផងដែរថា Olivia Ku គឺជាតារាម៉ូដែលស្រីមួយរូប ដែលចូលចិត្តធ្វើការ ជម្រុជទឹកលេងជាខ្លាំង ហើយជាងនេះទៅទៀត នាងក៏ធ្លាប់ជា គ្រូបង្ហាត់ជ្រមុជទឹក ដែលមានបទពិសោធន៍ យ៉ាងតិច៣ឆ្នាំ និងធ្លាប់បានបង្ហោះរូបជាច្រើន ពាក់ព័ន្ធនឹងសកម្មភាព របស់នាងក្នុងការ រើសរបស់មិនបានការជាច្រើន នៅឯបាតសមុទ្រ ដែលចំណុចទាំងនេះហើយ ធ្វើឲ្យនាងត្រូវបានជ្រើសរើស មកថតរូបជាលក្ខណៈ ក្រោមទឹកបែបនេះ។

យ៉ាងណាមិញ ការស្លាប់របស់តារាម៉ូដែលស្រីរូបនេះ គឺជាការសោកស្តាយមួយ របស់ក្រុមគ្រួសារ និងមនុស្សជាច្រើន ដែលជាពិសេសនោះគឺ អ្នកគាំទ្រនាងផ្ទាល់តែម្តង៕ 

ការដើរម៉ូតរបស់ Olivia Ku
កន្លែងកើតហេតុ ដែលធ្វើឲ្យតារាម៉ូដែលស្រីតៃវ៉ាន់ បាត់បង់ជីវិត

ប្រភព៖ ដេលីម៉េល

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ ពិតជាឲ្យសោកស្តាយបំផុត ដែលតារាម៉ូដែលស្រី រូបរាងស្រស់ស្អាតម្នាក់ នាង Joo Da Ha ត្រូវបានបាត់បង់ជីវិត ក្នុងពេលមួយរំពេច ដោយសារតែជួប ឧទ្ទវហេតុគ្រោះថ្នាក់ចររាចរណ៍ កាលពីពេលថ្មីៗកន្លងទៅនេះ។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា តារាម៉ូដែលរថយន្តប្រណាំង ឬរហ័ស្សនាមដែលអ្នកគាំទ្រតែងហៅថា “Race Queen” ឬ រាជិនីរថយន្តប្រណាំង ដ៏ល្បីប្រចាំកូរ៉េខាងត្បូង នាង Joo Da Ha ពេលនេះបានស្លាប់បាត់បង់ជីវិត ដោយគ្រោះថ្នាក់ចររាចណ៍ នៅត្រង់ចំនុចផ្លូវប្រសព្វ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Yeongam ខេត្ត Jeolla នៃប្រទេសកូរ៉េខាងត្បូង។ ប្រភពបន្តថា តារាម៉ូដែលនាង Joo Da Ha បានជួបគ្រោះថ្នាក់ដ៏អកុសលនេះ មានអ្នករួមដំណើរ៥នាក់ផ្សេងទៀតជិះជាមួយ ខណៈដែលនាងបើកឡាន ធ្វើដំណើរតាមផ្លូវ ទៅចូលរួមក្នុងកម្មវិធី “២០១៦ Asia Speed Festival” ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃទី១៥ ឧសភា កន្លងទៅថ្មីៗនេះ។

ក្នុងឧបទ្ទវហេតុនោះ រូបនាងត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យផងដែរ ប៉ុន្តែជាអកុសលនៅចន្លោះម៉ោង ប្រហែលជា ៨: ៤០នាទីព្រឹក ក្រុមគ្រូពេទ្យបានជម្រាបដំណឹងថានាង បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ ខណៈឯមនុស្ស ៥នាក់ផ្សេងទៀតបានរងរបួសជាទម្ងន់។

គួរបញ្ជាក់ដែរថា Joo Da Ha ក៏ជាតារាម៉ូដែលម្នាក់ ដែលធ្លាប់បានជាប់ពាន់រង្វាន់ “២០១២ Asia Model Award” ឬតារាម៉ូដែលរថយន្តប្រណាំងគំរូ ប្រចាំអាស៊ី កាលពីឆ្នាំ២០១២ ផងដែរ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]