(ភ្នំពេញ)៖ នេះជាលើកទី១ហើយ ដែលតារាសម្ដែងវ័យក្មេង សាច់សរខ្ចី កំពុងតែមានរឿងក្ដីក្ដាំលែងលះ ជាមួយស្វាមីហេងស៊យ អ្នកនាង ភិន សុដាលីស បានបញ្ចេញប្រាប់ ពីអារម្មណ៍ឈឺចាប់ ឲ្យមហាជនបានដឹង បន្ទាប់ពីរឿងនេះ បានបែកធ្លាយជាង១ខែមកហើយ ។

ការបញ្ចេញសារគួរឲ្យភ្ញាក់ផ្អើលនេះ គឺ​ស្របពេលដែលអ្នកទាំងពីរ កំពុងតែត្រៀមខ្លួន នឹងចូលតុលាការ​ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៦ ស្អែកនេះ ​។ ជាមួយគ្នានឹងការបញ្ចេញ អារម្មណ៍ឈឺ​ចាប់គួរឲ្យអាណិតនេះ ​ភិន សុដាលីស ​ក៏បានសារភាពថា នាងកំពុងមានកូនក្នុងផ្ទៃ ​ហើយរំពឹងថា ភាពឈឺចាប់នេះ នឹងរសាត់អណ្ដែតចេញពីនាង តាមពេលវេលា ក្នុងពេលឆាប់ៗនេះ។

ក្នុងសារដែល ភិន សុដាលីស បង្ហាញឲ្យមហាជនដឹង ជាលើកដំបូង នៅពេលនេះ នាង​បានសរសេរថា «សុំទោស​ចំពោះការបាត់មុខ តែយ៉ាងណាក៏ដោយ ក៏អរគុណចំពោះការតេ និងផ្ញើរសារលើកទឹកចិត្ត ក៏ដូចជារាល់ comments ទាំងអស់ ។ ខ្ញុំពិតជាសុំទោសណាស់ ដែលខ្ញុំមិនអាចធ្វើការឆ្លើយតប ឬចូលអានភ្លាមៗនៅពេលនោះ ។ អ្នកខ្លះក៏បានធ្វើការតបត ទៅលើ comments និង share អាក្រក់ៗមកលើរូបខ្ញុំ ខ្ញុំពិតជាអរគុណណាស់ អរគុណដែលបានប្រាប់ឲ្យខ្ញុំរឹងមាំ និងអរគុណចំពោះការស្រឡាញ់ មកលើកូនរបស់ខ្ញុំ។ ខ្ញុំពិតជាមានសំណាងណាស់ ដែលមានអ្នកទាំងអស់គ្នា នៅក្បែរមិនធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ឯកា!» ។

ស្រីស្រស់ ភិន សុដាលីស បានសសេរបន្តទៀតថា «វាពិតជាគ្រប់គ្រាន់ណាស់ហើយ សម្រាប់ខ្ញុំ ដែលខ្ញុំ និង កូនខ្ញុំត្រូវបានគេស្រឡាញ់បែបនេះ ហើយពួកយើងសង្ឃឹមថា អាចតបស្នងអ្នកទាំងអស់គ្នាវិញ ចំពោះក្តីស្រឡាញ់មួយនេះ ។ អរគុណណាស់ មានតែពេលវេលាទេ ដែលអាចធ្វើឲ្យការឈឺចាប់មួយនេះ ជាសះស្បើយ » ។

​សូមបញ្ជាក់ថា បណ្ដឹងរបស់តារាសម្ដែង ប៉ែន ចំរ៉ុង ប្ដឹងលែងលះ ភរិយាឥតខាន់ស្លា នាង ភិន សុដាលីស ទាំងនាងកំពុងតែមានកូននៅក្នុងផ្ទៃ ប្រមាណជិត៤ខែផងនោះ តុលាការនឹងត្រូវកោះហៅ អ្នកទាំងពីរឲ្យចូលបំភ្លឺ និងសម្របសម្រួល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ស្អែកនេះ នៅសាលាដំបូងរាធានីភ្នំពេញ។ ប៉ុន្តែតាមការឲ្យដឹង ពីអ្នកសិល្បៈដូចគ្នា បានបង្ហើបថា ទោះបីជាអ្នកទាំងពីរត្រូវទទួលបាន ការសម្របសម្រួលពីមន្រ្តីតុលាការក្ដី ក៏ចំណងស្នេហ៍នេះ មិនអាចត្រូវរ៉ូវគ្នា ឬជួបជុំគ្នាវិញបានឡើយ ព្រោះពួកគេទាំងពីរ សុទ្ធតែមានជំហររៀងៗខ្លួនហើយថា ត្រូវតែចែកផ្លូវគ្នា ពោលមិនអាចរស់នៅចុះសម្រុងគ្នា បានតទៅទៀតនោះទេ ៕

ប្រភព៖ Khmer Talking

កំណត់ហេតុខ្មែរឡូត៖

ជាមួយគ្នានេះដែរ ខណៈដែលរឿងរ៉ាវបណ្ដឹង លែងលះប្រពន្ធ ពីសំណាក់តារាសម្ដែង មានឈ្មោះជាព្រាននារី លោក ប៉ែន ចំរ៉ុង ប្ដឹងលែងលះ នាង ភិន សុដាលីស បានធ្លាក់ដល់ដៃតុលាការ ហើយនឹងត្រូវកោះហៅឲ្យចូលបំភ្លឺ នៅថ្ងៃទី១២ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន របស់លោក អ៉ិន សុភិន ដែលជាឪពុកបង្កើត របស់តារាសម្ដែង ភិន សុដាលីស ដែលតែងតែប្រឆាំងដាច់ខាត ចំពោះចំណងស្នេហ៍ របស់ពួកគេទាំងពីរ បានសរសេរសារ គួរឲ្យភ្ញាក់ផ្អើលថា ទោះបីជាកូនស្រីរបស់លោក មើលងាយមើលថោករូបលោក ជាឪពុក និងធ្វើឲ្យកិត្តិយសគ្រួសារ ស្អុយរលួយយ៉ាងណា​ក៏ដោយ ក៏លោកមិនប្រកាន់ទោសអូសដំណើរ ខឹងនឹងកូនស្រីម្នាក់នេះដែរ។ លោកជាឪពុក ជាអ្នកផ្ដល់កំណើតឲ្យកូន ត្រូវតែទទួលខុសត្រូវ ចំពោះរឿងនេះ។

ក្នុងបណ្ដាញសង្គម Facebook របស់លោក អ៉ិន សុភិន ដែលបានបង្ហោះសារប៉ុន្មាននាទីមុននេះ បានសរសេរថា«ខ្ញុំមិនខឹងនឹងកូនស្រីទេ ទោះបីកូនស្រីខ្ញុំ មើលងាយមើលថោក ដល់រូបខ្ញុំយ៉ាងណាក៏ដោយ ខ្ញុំរឹតតែអាណិតនាង កាន់តែខ្លាំងឡើង ព្រោះយើងជាអ្នកផ្តល់កំណើត ឲ្យនាង ចង់ឲ្យកូនបានល្អ ម៉្លោះហើយភាពអាម៉ាស់ទាំងអស់នេះ ឪពុកត្រូវតែទទួលយក ហើយខ្ញុំនៅតែស្រឡាញ់កូន រហូតដល់ថ្ងៃខ្ញុំស្លាប់. ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ កូនស្រីនឹងបានយល់ថា ឪពុកធ្វើនេះចង់ឲ្យកូនបានល្អ! រាល់ថ្ងៃមានអ្នកខ្លះ គេនិយាយថា កូនខ្ញុំជាកូនមិនល្អ មើលងាយអ្នកមានគុណ ក៏ខ្ញុំនៅតែស្រឡាញ់កូនដដែល..!»។

ជាការពិតណាស់ បើនិយាយពីចំណងស្នេហ៍រវាង តារាសម្ដែង ភិន សុដាលីស និង លោក ប៉ែន ចំរ៉ុង តាំងពីចាប់ផ្ដើមរហូតមកដល់ពេលនេះ លោក អ៉ិន សុភិន ដែលជាឪពុក មិនដែលគាំទ្រ និងសាទរហើយឲ្យពួកគេជួបគ្នាម្ដងណាឡើយ ប៉ុន្តែកូនស្រី ដាលីស បានជំនះចិត្តឪពុក ដោយបានទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ជាមួយ ប៉ែន ចំរ៉ុង ស្ងាត់ៗ និងចុះចោលផ្ទះ រត់ទៅរស់នៅជាមួយគ្នា ក្នុងផ្ទះជួលមួយ ដើម្បីគេចពីគ្រួសារ ។ ជាមួយគ្នានេះ ភិន សុដាលីស ក៏បានទទូចឲ្យឪពុកគោរព និងយល់ស្របតាមការសម្រេចចិត្ត របស់ខ្លួន ព្រោះកន្លងមក នាងធ្លាប់សម្រេចចិត្តតាមឪពុក ហើយទទួលបានវិញ នូវភាពឈឺចាប់ក្នុងរឿងស្នេហា។ តែពេលនេះនាងសុំធ្វើការ សម្រេចចិត្តខ្លួនឯងវិញម្ដង ព្រោះនាងធំហើយ និងមានសិទ្ធិកំណត់អនាគតខ្លួនឯងបាន។

ប៉ុន្តែអ្វីៗ​ត្រូវបានក្លាយជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងមិននឹកស្មានដល់ នៅពេលបែបធ្លាយខ្ចរខ្ចាយ នូវដំណឹងថា ប៉ែន ចំរ៉ុង ដាក់ពាក្យប្ដឹងលែងលះ នាង ភិន សុដាលីស ទៅកាន់តុលាការ ធ្វើឲ្យមហាជន និងអ្នកសិល្បៈអន្ទះសារចង់ដឹង ពីមូលហេតុពិត ឈានដល់ការប្ដឹងឡើងតុលាការលែងលះនេះ ​និងចង់ឲ្យសាមីខ្លួនទាំងពីរចេញមុខ បកស្រាយឲ្យបានច្បាស់ ជៀសវៀងកុំឲ្យកំហុសត្រូវ​ធ្លាក់ទៅលើនរណាម្នាក់ ទាំងមិនសមហេតុផល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង