(ភ្នំពេញ)៖ ខណៈដែលរឿងរ៉ាវបណ្ដឹង លែងលះប្រពន្ធ ពីសំណាក់តារាសម្ដែង មានឈ្មោះជាព្រាននារី លោក ប៉ែន ចំរ៉ុង ប្ដឹងលែងលះ នាង ភិន សុដាលីស បានធ្លាក់ដល់ដៃតុលាការ ហើយនឹងត្រូវកោះហៅឲ្យចូលបំភ្លឺ នៅថ្ងៃទី១២ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន របស់លោក អ៉ិន សុភិន ដែលជាឪពុកបង្កើត របស់តារាសម្ដែង ភិន សុដាលីស ដែលតែងតែប្រឆាំងដាច់ខាត ចំពោះចំណងស្នេហ៍ របស់ពួកគេទាំងពីរ បានសរសេរសារ គួរឲ្យភ្ញាក់ផ្អើលថា ទោះបីជាកូនស្រីរបស់លោក មើលងាយមើលថោករូបលោក ជាឪពុក និងធ្វើឲ្យកិត្តិយសគ្រួសារ ស្អុយរលួយយ៉ាងណា​ក៏ដោយ ក៏លោកមិនប្រកាន់ទោសអូសដំណើរ ខឹងនឹងកូនស្រីម្នាក់នេះដែរ។ លោកជាឪពុក ជាអ្នកផ្ដល់កំណើតឲ្យកូន ត្រូវតែទទួលខុសត្រូវ ចំពោះរឿងនេះ។

ក្នុងបណ្ដាញសង្គម Facebook របស់លោក អ៉ិន សុភិន ដែលបានបង្ហោះសារប៉ុន្មាននាទីមុននេះ បានសរសេរថា«ខ្ញុំមិនខឹងនឹងកូនស្រីទេ ទោះបីកូនស្រីខ្ញុំ មើលងាយមើលថោក ដល់រូបខ្ញុំយ៉ាងណាក៏ដោយ ខ្ញុំរឹតតែអាណិតនាង កាន់តែខ្លាំងឡើង ព្រោះយើងជាអ្នកផ្តល់កំណើត ឲ្យនាង ចង់ឲ្យកូនបានល្អ ម៉្លោះហើយភាពអាម៉ាស់ទាំងអស់នេះ ឪពុកត្រូវតែទទួលយក ហើយខ្ញុំនៅតែស្រឡាញ់កូន រហូតដល់ថ្ងៃខ្ញុំស្លាប់. ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ កូនស្រីនឹងបានយល់ថា ឪពុកធ្វើនេះចង់ឲ្យកូនបានល្អ! រាល់ថ្ងៃមានអ្នកខ្លះ គេនិយាយថា កូនខ្ញុំជាកូនមិនល្អ មើលងាយអ្នកមានគុណ ក៏ខ្ញុំនៅតែស្រឡាញ់កូនដដែល..!»។

ជាការពិតណាស់ បើនិយាយពីចំណងស្នេហ៍រវាង តារាសម្ដែង ភិន សុដាលីស និង លោក ប៉ែន ចំរ៉ុង តាំងពីចាប់ផ្ដើមរហូតមកដល់ពេលនេះ លោក អ៉ិន សុភិន ដែលជាឪពុក មិនដែលគាំទ្រ និងសាទរហើយឲ្យពួកគេជួបគ្នាម្ដងណាឡើយ ប៉ុន្តែកូនស្រី ដាលីស បានជំនះចិត្តឪពុក ដោយបានទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ជាមួយ ប៉ែន ចំរ៉ុង ស្ងាត់ៗ និងចុះចោលផ្ទះ រត់ទៅរស់នៅជាមួយគ្នា ក្នុងផ្ទះជួលមួយ ដើម្បីគេចពីគ្រួសារ ។ ជាមួយគ្នានេះ ភិន សុដាលីស ក៏បានទទូចឲ្យឪពុកគោរព និងយល់ស្របតាមការសម្រេចចិត្ត របស់ខ្លួន ព្រោះកន្លងមក នាងធ្លាប់សម្រេចចិត្តតាមឪពុក ហើយទទួលបានវិញ នូវភាពឈឺចាប់ក្នុងរឿងស្នេហា។ តែពេលនេះនាងសុំធ្វើការ សម្រេចចិត្តខ្លួនឯងវិញម្ដង ព្រោះនាងធំហើយ និងមានសិទ្ធិកំណត់អនាគតខ្លួនឯងបាន។

ប៉ុន្តែអ្វីៗ​ត្រូវបានក្លាយជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងមិននឹកស្មានដល់ នៅពេលបែបធ្លាយខ្ចរខ្ចាយ នូវដំណឹងថា ប៉ែន ចំរ៉ុង ដាក់ពាក្យប្ដឹងលែងលះ នាង ភិន សុដាលីស ទៅកាន់តុលាការ ធ្វើឲ្យមហាជន និងអ្នកសិល្បៈអន្ទះសារចង់ដឹង ពីមូលហេតុពិត ឈានដល់ការប្ដឹងឡើងតុលាការលែងលះនេះ ​និងចង់ឲ្យសាមីខ្លួនទាំងពីរចេញមុខ បកស្រាយឲ្យបានច្បាស់ ជៀសវៀងកុំឲ្យកំហុសត្រូវ​ធ្លាក់ទៅលើនរណាម្នាក់ ទាំងមិនសមហេតុផល៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

គូសបញ្ជាក់ផងដែរថា បើតាមប្រភពពី សាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា តារាសម្តែងនិងជាពិធីករលោក ប៉ែន ចំរ៉ុង និងអ្នកនាង ភិន សុដាលីស នឹងត្រូវចូលទៅបំភ្លឺ នៅតុលាការនៅថ្ងៃទី១២ ខែឧសភា ខាងមុខនេះ ដោយការកោះហៅនេះ ធ្វើឡើងតាមបណ្តឹង សុំលែងលះប្រពន្ធ របស់លោក ប៉ែន ចំរ៉ុង ដែលបានដាក់ ចូលដល់ដៃតុលាការ កាលពីពេលថ្មីៗនេះ ។

បើតាមមន្ត្រីតុលាការ បានប្រាប់ឲ្យដឹងថា លោក ពេជ្រ វិជ្ជាធរ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក ប៉ែន ចំរ៉ុង និងអ្នកនាង ភិន សុដាលីស ឲ្យចូលខ្លួនមកតុលាការ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ ។ ហើយពាក្យពាក់ព័ន្ធការទទួលដីកា លោក ប៉ែន ចំរ៉ុង បានទទួលដីកាកោះរួច ចំណែកអ្នកនាង ភិន សុដាលីស ពុំទាន់បានទទួលនៅឡើយទេ ។

ចំណងស្នេហារវាងស្វាមីភរិយា ដែលមានត្រឹមអេតាស៊ីវិល តែអត់មានឥតខាន់ស្លា តារាសម្តែងប្រុស លោក ប៉ែន ចំរ៉ុង និងតារាស្រីនាង ភិន សុដាលីស ថ្មីៗនេះត្រូវបាន ប្រភពពីអ្នកជិតខ្លួន ក៏ដូចជាគ្រួសារខាងស្រី អះអាងថា ជីវិតស្វាមីភរិយារបស់ ពួកគេទាំងពីរនាក់ បានជួបភាពរង្គោះរង្គើរ រហូតឈានដល់ការ សម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅតុលាការជាផ្លូវការ បន្ទាប់ពីការរស់នៅជាមួយគ្នា រយៈពេលជាង១ឆ្នាំមកនេះ មិនចុះសម្រុងនិងមានការផ្ទុះ ជម្លោះក្នុងគ្រួសារស្ទើររាល់ថ្ងៃ។

បើទោះបីជាយ៉ាងណា គេហទំព័ររបស់យើង និងធ្វើការផ្សាយជាបន្តបន្ទាប់ទៀត ពាក់ព័ន្ធទៅនិងការវិវត្តន៍ បណ្តឹងសុំលែងលះ របស់ស្វាមីភរិយាមួយគូនេះ ផ្សាយជូនដល់ទស្សនិកជន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង