បន្ទាយមានជ័យ៖ ម្ចាស់បទ«កុលាបពុលដី» តារាចម្រៀងមាឌល្អិត លោក កែវ វាសនា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវហើយ នៅថ្ងៃនេះ ជាមួយនឹងកូនស្រី របស់សេដ្ឋីជនបទ ឈ្មោះ«សេដ្ឋីលី» ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ខណៈដែលអ្នកសិល្បៈជិតស្និទ្ធ មួយចំនួនធំ មិនបានទៅចូលរួមដោយផ្ទាល់នោះទេ ពោលគឺពួកគេអាចនឹងចាំ ជួបជុំគ្នា ម្ដងទៀត នៅក្នុងទីក្រុងភ្នំពេញ ក្នុងពិធីកាត់ចំណងដៃ ។

នៅក្នុងបណ្ដាញ សង្គម Facebook មានឈ្មោះថា Klar Sor ដែលគេស្គាល់ថា ជារបស់តារាចម្រៀង លោក អីណូ បានបង្ហាញរូបថតនៅប្រមាណជាង២០ នាទីមុននេះ ស្ដីពីពិធីមង្គលការ របស់តារាចម្រៀង កែវ វាសនា ជាមួយនឹងភរិយា អមដោយពាក្យជូនពរថា« ជូនពរសំឡាញ់ឲ្យមានសុភមង្គល ជារៀងរហូត»។ ជាមួយគ្នានេះ ប្រភពព័ត៌មានពីអ្នកសិល្បៈដូចគ្នា បានបង្ហើបបែបចុងមាត់ចុងកថា តារាចម្រៀង កែវ វាសនា បានសម្រេចចិត្តរៀបការ ជាមួយកូនស្រី របស់អ្នកមានស្ដុកស្ដម្ភម្នាក់ ដែលគេអាចនិយាយបានថា ជាសេដ្ឋីជនបទ ដោយសេដ្ឋីនោះមានឈ្មោះ «លី» និងកូនស្រីមានឈ្មោះ ឈីឈី ជាអ្នករកស៊ីនៅក្នុងខេត្តជាយដែន នៃប្រទេសកម្ពុជា និងមានហាងក្នុងក្រុងភ្នំពេញ។

សូមបញ្ជាក់ថា អតីតតារាចម្រៀងប្រុស របស់ផលិតកម្ម សាន់ដេ នឹងបច្ចុប្បន្នបានផ្លាស់ផ្តូរទ្រនំហក់ចូល ផលិតកម្ម ថោន លោក កែវ វាសនា ត្រូវបានប្រភពផ្លូវការ ពីរង្វង់សិល្បៈទម្លាយឲ្យដឹង ពីសម្ព័ន្ធភាពស្នេហារវាងលោក នឹងនារីវ័យក្មេងម្នាក់ដែលគេស្គាល់ថា ជាកូនខ្មែរកាត់ចិន។ តារាចម្រៀង កែវ វាសនា បានស្គាល់មានទំនាក់ទំនង ស្នេហា ជាមួយនារីម្នាក់នេះ ជាច្រើនឆ្នាំមកហើយ តែដំណឹងនេះមិនត្រូវបានបើកចំហ ឲ្យទស្សនិជនដឹងជាសាធារណៈឡើយ ទើបកាលពីថ្មីៗនេះ គ្រាដែលនារីគូស្នេហ៍ បើកសម្ភោធហាងថ្មីផ្ទាល់ខ្លួនមួយ នៅក្នុងទីក្រុងភ្នំពេញ តារាចម្រៀង កែវ វាសនា បានបង្ហាញមុខជាចំហ៕ 

ប្រភព៖ Freshnews

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា អ៊ីវ៉ា ចេញមុខបកស្រាយ ទៅលើព័ត៌មានដែលល្បីថា កែវ វាសនា មានប្រពន្ធ ជាថៅកែវ័យក្មេង កូនកាត់ចិន។ ក្រោយពីមានព័ត៌មានជាច្រើន បានចុះផ្សាយយ៉ាងព្រោងព្រាត កាលពីម្សិលមិញនេះ ដែលថា តារាចម្រៀងប្រុស កែវ វាសនា មានប្រពន្ធជាថៅកែកូនកាត់ចិននោះ បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា តាំងពីដើមរហូតដល់បច្ចុប្បន្ន រូបលោកមិនដែលបង្ហាញគូស្នេហ៍ ឲ្យមហាជនបានដឹងនោះទេ គឺទើបតែពេលថ្មីៗនេះឯង ដែលមានព័ត៌មានលេចលឺថា កែវ វាសនា មានប្រពន្ធរួចទៅហើយ។

ចំពោះរឿងរ៉ាវមួយនេះ បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ដែលអ្នកគាំទ្រ ចង់ដឹងកាន់តែច្បាស់ផងដែរថា លោក កែវ វាសនា ពិតជាមានប្រពន្ធរួចហើយមែនឬយ៉ាងណាទៅវិញ? ក្នុងនោះគេបានដឹងថា មានគណនីហ្វេសប៊ុកមួយ បានប្រើប្រាស់ឈ្មោះ និងរូបថតតារាចម្រៀងស្រីអ៊ីវ៉ា ដោយបានបង្ហោះរូបថតមួយសន្លឹក ហើយសរសេរថា «ខ្ញុំនឹងប្រពន្ធកែវ វាសនា មួយណាស្អាតជាង ? អរគុណ ខ្លាំងណាស់ដែលបងស្នា នឹងប្រពន្ធគាត់ Chy Chy បានអញ្ជើញនាងខ្ញុំ ចូលរួមជាភ្ញៀវកិត្តិយស សូមជូនពរហាង របស់គាត់ទាំងពីរ ឲ្យមានតែហេងៗៗៗ ហើយជូនពរស្នេហ៍ពួកគាត់ ទាំងពីរឲ្យនៅស្ថិតស្ថេរ ..អរគុណ! »។

មកទល់ពេលនេះ លោក កែវ វាសនា មិនទាន់ចេញមុខ បកស្រាយនៅឡើយទេ។ ដោយសារ តែមិនអាចទ្រាំឈរមើល រឿងរ៉ាវមិនពិតបែបនេះ បានធ្វើឲ្យតារាចម្រៀងស្រី អ៊ីវ៉ា ចេញមុខមកបកស្រាយជំនួសលោក កែវ វាសនា ក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់មិញនេះថា « យកឈ្មោះគេលេងហើយ និយាយពាក្យឆ្កួតៗទៀត នេះបានសមជាមនុស្សអត់ប្រយោជន៍មែន ទំនេរណាស់មែនទេ? លោកអ្នក ដែលសរសេរព័ត៌មានហ្នឹង ក៏ចឹងដែរ តើមានដឹងថា Fb ហ្នឹង ជារបស់គេពិតអត់? កុំដើម្បីប្រយោជន៍ខ្លួនឯង ធ្វើឲ្យប៉ះពាល់ដល់គេ គួរគិតគួរពិចារណា អ្នកយកឈ្មោះខ្ញុំមកលេងហ្នឹង ល្មមឈប់ទៅ ថាអ្វីគួរនិយាយអ្វីដែលមិនគួរនិយាយ ឈប់បានឈប់ទៅ សូមអរគុណសម្រាប់ព័ត៌មានប្លែកៗមួយនេះ » ។

ទន្ទឹមនឹងនោះដែរ នារីវ័យក្មេងដែលត្រូវបានគ្រប់គ្នា យល់ច្រឡំថា ជាភរិយាលោក កែវ វាសនា បានបកស្រាយបន្ថែមដែរថា "សូមលោកសរសេរពត៌មានមួយចំនួន កុំមកយករឿងផ្ទាល់ខ្លួនគេ មកសរសេរផ្តេសផ្តាស់អី បើលោកមិនដឹងពីរឿងគេច្បាស់នោះ" ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា