(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ខែឧសភា ឆ្នាំ២០១៦នេះ មន្ត្រី​តុលាការ​​បានថ្លែង​ឲ្យ Fresh News ដឹងថា​ លោក​ ពេជ្រ​ វិជ្ជា​ធរ​ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​កោះ​ហៅ ​លោក​ ប៉ែន​ ចំរ៉ុង​ ជាពិធីករ​ និងជាតារាសម្ដេងល្បី​ឈ្មោះ​ និង​​អ្នកស្រី​ ភិន​ សុដាលីស​ ជាភរិយា ឲ្យ​ចូល​ខ្លួន​មក​តុលាការ​ នៅ​ថ្ងៃ​ទី​១២​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ ខាងមុខ​នេះ​ ។ ការ​កោះ​ហៅ​នេះ​ ធ្វើ​ឡើង​តាម​បណ្តឹង​សុំ​លែងលះ​ប្រពន្ធ​ របស់​លោក​ ប៉ែន​ ចំរ៉ុង​ ដែលបានដាក់ចូលដល់ដៃតុលាការ កាលពី​មុនពិធីបុណ្យចូលឆ្នាំថ្មី។

ប្រភព​ព័ត៌មាន​​បញ្ជាក់​ថា​ តារាសម្ដែងលោក ប៉ែន​ ចំរ៉ុង​ ដែលកំពុងតែហ៊ុព័ទ្ធដោយពាក្យរិះគន់ តិះដៀលពីសំណាក់មហាជន ថា ជាតារាសម្ដែងគ្មានភាពក្លាហាន និងទំនួលខុសត្រូវចំពោះអនាគតភរិយានោះ បាន​ទទួល​ដីកា​កោះពីចៅក្រម​រួច​ហើយ​​ ។ ចំណែក អ្នក​ស្រី​ ភិន​ សុដាលីស​ ពុំ​ទាន់​បាន​ទទួល​បានដីការនៅ​ឡើយទេ​។

សូមជម្រាបថា ចំណងស្នេហារស់នៅ ក្រោមដំបូលផ្ទះជាប្តី-ប្រពន្ធ ឥតខាន់ស្លាគ្រាន់តែ​ចុះ អ៊ីតាស៊ី​វិល ពេញផ្លូវច្បាប់រយៈពេលជាង១ឆ្នាំ រវាងតារាសម្តែងប្រុសលោក ប៉ែន ចំរ៉ុង និងតារាស្រីនាង ភិន សុដាលីស ថ្មីៗនេះមានតាមព័ត៌មាន ពីតុលាការក្រុងភ្នំពេញ បានទម្លាយឲ្យដឹងថា បច្ចុប្បន្នមានភាពរង្គោះរង្គើរ រហូតឈានដល់ការ​សម្រេច​ចិត្តដាក់ពាក្យបណ្តឹង ទៅតុលាការជាផ្លូវការ​ បន្ទាប់ពីការរស់នៅសាងសុភមង្គលស្នេហ៍ ពុំមានភាពចុះសម្រុងគ្នានោះ។ បច្ចុប្បន្ន​សំណុំរឿង​នេះ​ កំពុង​ស្ថិត​ក្រោម​ចំណាត់​ការ​របស់​លោក​ ពេជ្រ​ វិជ្ជា​ធរ​ សាលាដំបូងរាជធានីភ្នំពេញ។

មន្រ្តីតុលាការធ្លាប់បានបង្ហើបឲ្យដឹងថា លោក ប៉ែន ចំរ៉ុង បានដាច់ចិត្តដាក់ពាក្យប​ណ្ដឹងប្ដឹង លែងលះភរិយាធ្លាប់កម្សត់កម្រ ជាមួយគ្នាជាង១ឆ្នាំ ភិន សុដាលីស អស់រយៈពេលជាងកន្លះខែមកហើយ ពោលគឺតាំងពីពេលមុនចូលឆ្នាំខ្មែរមកម្លេះ ក្រោមមូលហេតុក្នុងពាក្យបណ្ដឹងលែងលះ ដ៏គួរឲ្យចម្លែកនេះបានត្រឹមតែលើកហេតុផលថា រស់នៅមិនចុះសម្រុងនឹងគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែបើផ្អែកតាមប្រភពព័ត៌មាន ពីចង្កោមរស់នៅក្នុងមជ្ឈដ្ឋានអ្នកសិល្បៈដូចគ្នាវិញ បានព្រលយឲ្យដឹងថា រវាងលោក ប៉ែន ចំរ៉ុង និង ភិន សុដាលីស បានកើតមានជម្លោះផ្ទៃក្នុងគ្រួសារនេះ ជាយូ​រមកហើយ ពោលគឺតាំងពីនាង ភិន សុដាលីស ចុះចោលផ្ទះ ប្រមាណជិតមួយខែឯណោះ។

ដោយឡែក បើព័ត៌មានខ្លះទៀតបាននិយាយថា គេសង្កេតឃើញ ភិន សុដាលីស និង ប៉ែន ចំរ៉ុង ចាប់ផ្ដើមធ្វើឫកសោះអង្គើយ និងរករឿងគ្នា មិនចេះចប់មិនចេះហើយ ក្រោយពេលនាងមា​នទំងន់កូន៣ខែក្នុងផ្ទៃ រហូតដល់ថ្នាក់ពេលខ្លះលោ​​ក ប៉ែន ចំរ៉ុង ខូចចិត្តដើរផឹកស៊ីស្រវឹង ស្ទើររាល់យប់ និងលែងចូលដេកផ្ទះ ដូចមុនទៀតក៏មានដែរ។ ចំណុចទាំងនេះ ក៏បានធ្វើឲ្យ សុដាលីស កាន់តែមានលេស​ដើម្បីងាយស្រួល ក្នុងកា​រ​ចោទប្រកាន់ថាស្វាមី ប៉ែន ចំរ៉ុង កំពុងមានស្នេហា​ថ្មី ជាមួយ​នារីផ្សេង ក្លាយជាជម្លោះក្នុងគ្រួសារ។

យ៉ាងណាមិញ Fresh News និង Khmertalking នៅរសៀលថ្ងៃទី០៥ ខែឧសភា នេះ មិនទាន់អាច​ស្វែងការស្រាយ ភ្លឺតាមទូរស័ព្ទពីសំណាក់ ស្វាមី-ភរិយា អ្នកទាំងពីរគឺលោក ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស បាននៅឡើយទេ ជុំវិញដីការកោះហៅឲ្យចូលបំភ្លឺ ក្នុងបណ្ដឹងសុំលែងលះខាងលើនេះ៕ 

ផ្តល់សិទ្ធិដោយ៖ FreshNews

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកឡើងវិញថា ដំណឹងនៃការប្ដឹងទៅតុលាការសុំលែងលះ ភរិយាឥតខាន់ស្លា កំពុងមានផ្ទៃពោះ៣ខែ គឺនាង ភិន សុដាលីស ពីសំណាក់តារាប្រុសចង្កាព្រែក មានឈ្មោះល្បី លោក ប៉ែន ចំរ៉ុង បានប្រែក្លាយជាប្រធានបទថ្មី កក្រើកឡើង សម្រាប់មហាជន និងបង្កការរិះគន់ខ្លាំងៗ លើតារាប្រុស ប៉ែន ចំរ៉ុង យ៉ាងចាស់ដៃថា ជាតារាគ្មានភាពក្លាហានមិនហ៊ានចេញមុខ ប្រឈមបកស្រាយការពិត ជាមួយមហាជន ។ មិនតែប៉ុណ្ណោះ ក៏មានទស្សនៈខ្លះបានស្នើឲ្យបណ្តេញតារារូបនេះ ចេញពីវិស័យសិល្បៈ ទៀតផង ដើម្បីកុំឲ្យប៉ះពាល់ដល់អ្នកសិល្បៈ ជាច្រើនទៀត ដែលកំពុងតែមានកេរ្តិ៍ឈ្មោះស្អាតស្អំ និងហ៊ានចេញមុខបកស្រាយ រាល់ចម្ងល់របស់ទស្សនិកជន ពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួន។

ជុំវិញដំណឹង នៃការដាក់ពាក្យបណ្តឹងសុំប្តឹងលែងលះ ភរិយាតារាសម្តែងស្រី នាង ភិន សុដាលីស ពីសំណាក់ស្វាមីឥតខាន់ស្លា លោក ប៉ែន ចំរ៉ុង នេះ ទើបបែកធ្លាយប្រមាណ ៣ឬ៤ថ្ងៃមុននេះប៉ុណ្ណោះ ខណៈដែលបណ្តឹងរបស់លោក ក៏បានធ្លាក់ដល់ដៃ តុលាហើយដែរ។ ដោយឡែក បើគិតពីការរស់នៅសាងសុភមង្គល ជាស្វាមី-ភរិយាក្រៅរោងការ របស់លោក ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស បើគិតមកទល់ពេលនេះ មានរយៈពេលប្រមាណជាជិត១ឆ្នាំមកហើយ ក្រោយពេល សុដាលីស សម្រេចចិត្តចុះចោលផ្ទះ បោះបង់ឪពុក រត់មកនៅជាមួយប្តីហេងស៊យ លោក ប៉ែន ចំរ៉ុង។

យ៉ាងណាមិញ ស្របពេលដែលដំណឹង ដ៏រសើបមួយនេះ ត្រូវបែកធ្លាយរីកសាយភាយ ស្ទើរពេញផ្ទៃប្រទេសនោះ គេកត់សម្គាល់ឃើញថា លោក ប៉ែន ចំរ៉ុង ហាក់រងនូវព្រនង់រិះគន់ យ៉ាងចាស់ដៃ ពីសំណាក់មហាជន។ ក្នុងនោះក៏មានអ្នកនិយមលេងបណ្តាញ សង្គមហ្វេសប៊ុកមួយចំនួន ជេរដៀលថា«ធ្វើជាប្រុសថោកណាស់ អាថោក ពួកអាតារាគ្មានអាណាមួយល្អឡើយ វាល្អតែលើឆាក បើក្រៅឆាកអន់ជាងក្មេងពាលទៅទៀត..!»។

ទន្ទឹមនឹងគ្នានេះ ក៏មានអ្នកលេងហ្វេសប៊ុកម្នាក់ទៀតឈ្មោះ ថា Pee Tak Papaya បានរិះគន់ថា «ខ្ញុំសូមសុំណូមពរឲ្យសង្គមសិល្បៈ ដកលោក ប៉ែន ចំរ៉ុង ពីសិល្បៈ កុំឲ្យបន្តសម្តែងទៀត ព្រោះគាត់ជាតារាដែលគេស្គាល់ មានឈ្មោះបោះសំឡេង ក្នុងសង្គមសិល្បៈស្រុកខ្មែរ ក៏ប៉ុន្តែគាត់បានធ្វើគំរូមិនល្អ ដល់ប្រជាពលរដ្ឋខ្មែរ ជាទង្វើដែលអន់បំផុត ធ្វើឲ្យនារីម្នាក់លះបង់កិត្តិយសខ្លួន ទៅនៅជាមួយខ្លួនហើយឲ្យប៉ាកូនគេកាត់កាលគ្នា ដោយសារគាត់ ចុងក្រោយគេមានផ្ទៃពោះ៤ខែ សុំគេលែងលះ គាត់ជាមនុស្សអន់បំផុត មនុស្សមិនទទួលខុសត្រូវ នូវអ្វីដែលខ្លួនបានធ្វើ នេះហើយជាគំរូមិនល្អ.!»។

រហូតមកទល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះ លោក ប៉ែន ចំរ៉ុង នៅតែគ្មានភាពក្លាហាន ចេញមុខបញ្ជាក់ការពិត ប្រាប់មហាជនឲ្យបានដឹងច្បាស់ ទាក់ទងនឹងជម្លោះក្នុងគ្រួសារ ជាមួយនាង ភិន សុដាលីស ជាប្រពន្ធ រហូតឈានដល់ ការដាក់ពាក្យសុំលែងលះនោះឡើយ។ ខណៈលេខទូរស័ព្ទរបស់លោក នាពេលកន្លងមក ពេលខលចូលបង្វែឲ្យបងប្រុស ជាអ្នកទទួលជំនួយ ហើយប្រាប់ថា ជារឿងគ្រួសាររបស់គេ(ប្អូនប្រុស) លោកគ្មានសិទ្ធបកស្រាយឡើយ។

ចំណុចនេះ បានបញ្ជាក់ឲ្យឃើញច្បាស់ក្រឡែតថា តារាសម្ដែង ប៉ែន ចំរ៉ុង ដែលធ្លាប់តែទទួលបានការសរសើ ពីមហាជនថា មានអត្តចរឹតល្អ នៅលើឆាកតន្រ្តី និងធ្លាប់តែផ្ដល់ដំបូន្មានល្អៗ ឲ្យទស្សនិកជននោះ មានចេតនាគេចវេស មិនហ៊ានប្រឈមមុខ ចំពោះបញ្ហាផ្ទាល់ខ្លួន ជាពិសេសជាបុរសម្នាក់ គ្មានភាពក្លាយហាន ពុំមែនជាកូនប្រុសដើមទ្រូងប្រាំហត្ថ ដែលអាចឲ្យនារីម្នាក់ ផ្ញើវាសនាអនាគតបានឡើយ។ ទស្សនិកជនជាច្រើន ក្នុងប្រទេសកម្ពុជា បានសម្ដែងការអបអរសាទរ ពេលដែលដឹងថា លោកកំពុងតែមានសុភមង្គល ជាមួយគ្រួសារ គឺភរិយា ភិន សុដាលីស យ៉ាងផ្អែមត្រជាក់ និងជូនពរជូនជ័យ ដើម្បីឲ្យស្នេហានេះ ស្ថិតស្ថេរជាអមតៈ ប៉ុន្តែទីបំផុត ប៉ែន ចំរ៉ុង បានធ្វើឲ្យមហាជនខកចិត្ត និងខូចឈ្មោះដល់ប្រុសគេដទៃទៀត ចំពោះទង្វើរបស់ខ្លួន ដែលបានប្រព្រឹត្ត ទៅលើភរិយាឥតខាន់ស្លា គឺនាង ភិន សុដាលីស នៅពេលនេះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង