ភ្នំពេញ៖ យ៉ាងហោចណាស់ មនុស្ស ៤នាក់ ត្រូវបានស្លាប់ និង៤៧នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍ខ្យល់ព្យុះ ដែលបានកើតឡើង នៅក្នុងរយៈពេល៤ខែ ដើមឆ្នាំ ២០១៦ នេះ។ ជាមួយគ្នាផងដែរ មន្ត្រីជំនាញផ្នែកគ្រប់គ្រងគ្រោះមហន្តរាយបានធ្វើការវាយតម្លៃថា ស្ថានភាពខ្យល់ព្យុះឆ្នាំនេះមានលក្ខណៈធូរស្បើយជាងឆ្នាំមុន ដោយសារតែចំនួនខូចខាតទ្រព្យសម្បត្តិ និងចំនួនអ្នកស្លាប់និងអ្នករងរបួសមានភាពតិចជាងកាលពីឆ្នាំមុន។  

លោក កែវ វី នាយខុទ្ទាកាល័យ និងជាអ្នកនាំពាក្យ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលដើមអម្ពិល នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ថា ករណីខ្យល់ព្យុះ គិតមកដល់បច្ចុប្បន្ននេះ បានកើតឡើងចំនួន៤៦លើកនៅខេត្តចំនួន១៦ ក្នុងនោះរលំផ្ទះខូចខាតធ្ងន់ធ្ងរមាន២៣៣ខ្នង ផ្ទះរបើកដំបូលនិងខូចខាតជញ្ជាំង និងរបើកមធ្យមមានចំនួន១០២២ខ្នង រប៉ើកដំបូលសាលារៀន៧អាគារ និង១៥អាគារទៀតរបើកដំបូលអាគារផ្សេងៗទៀត។ នៅដើមឆ្នាំ ២០១៦ នេះដែរ ករណីខ្យល់ព្យុះក៏បានសម្លាប់ មនុស្ស ៤នាក់ និង៤៧ នាក់រងរបួស និង បានបំផ្លាញដើមកៅស៊ូអស់ចំនួន៥០ហិកតា នៅស្រុកអូជុំ ខេត្តរតនៈគីរីផងដែរ។ លោកកែវ វី លោកបញ្ជាក់ថា “ស្ថានភាពខ្យល់ព្យុះក្នុងឆ្នាំហ្នឹង ឃើញថាវាមានការធូរស្រាល ជាងឆ្នាំទៅច្រើន ណាស់ព្រោះចូលមកដល់ ខែមេសានេះ យើងឃើញថាករណីខ្យល់ព្យុះ វាកើតឡើងច្រើនដោយសារតែ វាជារដូវមួយមានការប្តូរផ្លាស់ ពីរដូវប្រាំងមករដូវវស្សាខែ ៤ទៅខែ៥ហ្នឹង ភាគច្រើនការទទួលរងគ្រោះ គឺមានច្រើនណាស់ ប៉ុន្តែដោយសារឆ្នាំនេះ យើងទទួលរងនូវអាកាសធាតុក្តៅ ខ្លាំងលើកដំបូងហ្នឹងគឺវាមាន បញ្ហាភ្លៀងខ្យល់ធ្លាក់មកស្ទើរ តែគ្រប់ខេត្តនៅថ្ងៃទី២៧-២៨-២៩ អាករណីភ្លៀវកក់ខែ ខ្យល់ព្យុះវាកើតឡើងនៅចុងខែ៤គឺច្រើន”។ សូមរំលឹកថា សម្រាប់រយៈពេល៤ខែ ដើមឆ្នាំ២០១៥ កន្លងមកនេះ ករណីខ្យល់ព្យុះបានកើតឡើង មាន៤២លើក នៅរាជធានីខេត្តចំនួន២០ ក្នុងនោះផ្ទះរលំធ្ងន់ធ្ងរមានចំនួន ៤៥៦ខ្នងផ្ទះ របើកដំបូលនិងខូចខាត មធ្យមមាន១៨៤៩ខ្នង របើកដំបូល សាលារៀន១២អាគារស្លាប់ ៥របួស៣៩នាក់។ ការរងគ្រោះដោយសារន្ទះបាញ់ ស្លាប់ ១០ របួស៨ ងាប់គោក្របី ៩ក្បាល។ យោងតាមស្ថានភាពខ្យល់ព្យុះ ដែលបានកើតឡើង កាលពីឆ្នាំមុននេះ លោកកែវ វីបានសន្និដ្ឋានថា ករណីខ្យល់ព្យុះបានកើតឡើងប្រហាក់ប្រហែលគ្នា ប៉ុន្តែការរងគ្រោះវាតិចជាងឆ្នាំមុន ព្រោះកាលពីឆ្នាំមុនករណីខ្យល់ព្យុះ មានស្ថានភាពធ្ងន់ធ្ងរជាង៕ 

មនុស្សស្លាប់ និងរងរបួស ដោយសារខ្យល់ព្យុះ បានកើនដល់ ៥១ នាក់

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៨ កញ្ញា ឆ្នាំ២០១៥ តាមសេចក្តីរាយការណ៍ ពីអ្នកឆ្លើយឆ្លងប្រចាំខេត្ត បានឱ្យដឹងថា ករណីគ្រោះធម្មជាតិ (ខ្យល់ព្យុះ) នៅថ្ងៃទី១៧ កញ្ញា នៅឃុំអណ្តូងថ្ម និងឃុំអូរជ្រៅ ក្នុងស្រុកព្រៃនប់។ កាលពីវេលា ម៉ោង៥និង៥៥នាទីល្ងាច នៅភូមិត្រពាំងស្អុយ ឃុំអណ្តូង ខ្យល់ព្យុះបណ្តាលឱ្យ ខូចខាតដំបូងផ្ទះ ប្រជាពលរដ្ឋចំនួន១ខ្នង ទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ដែលម្ចាស់ផ្ទះឈ្មោះ នូ ផល ភេទប្រុស អាយុ៣៥ឆ្នាំ របើកដំបូលមួយចំហៀង និងរោងបាយខូចខាតទាំងស្រុង ។ ករណីនេះមិនបណ្តាលឱ្យ គ្រោះថ្នាក់ដល់មនុស្សឡើយ ។

ចំណែកនៅឃុំអូរ វេលាម៉ោង៦និង៣០នាទីយប់ នៅចំណុចភូមិកោះខ្យង បណ្តាល ឱ្យខូចខាត ដំបូលផ្ទះពលរដ្ឋ ចំនួន២១ខ្នង និងផ្ទះផែ២ខ្នង ប៉ើងដំបូលស៊ីហ្រ្វូចំនួន៦១៩ និងស័ង្កសីចំនួន៥៤សន្លឹក ក្នុងនោះបណ្តាលឱ្យ ស្ត្រីទើបសម្រាលកូនម្នាក់ឈ្មោះ ដុស ចាន់ធួក អាយុ២៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ចំណុចកើតហេតុខាងលើ រងរបួសបែកក្បាល ដោយសារស៊ីហ្រ្វូធ្លាក់ត្រូវ ៕

ខ្យល់ព្យុះ វាយប្រហារ​ ស្រុក​ព្រៃ​នប់​ ខូចខាតផ្ទះ​​២៤​ខ្នង​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]