ភ្នំពេញ  ៖ នារីម៉ាស្សាស្រស់ស្អាតម្នាក់ ហេតុតែចង់បានលុយ១០០ដុល្លារ បានយល់ ព្រមទៅដើរលេងជាមួយជនឆបោកម្នាក់ ដោយបន្លំខ្លួនថា ជាអណិកជនខ្មែរនៅ អូស្ដ្រាលី ប៉ុន្ដែផ្ទុយទៅវិញ បែរជាស៊យធំ ទៅចាញ់បោកជននេះ អស់រថយន្ដកូរ៉ូឡា មួយគ្រឿងនិងទ្រព្យសម្បត្ដិមួយចំនួនទៀត ដូចជាលុយនិងទូរស័ព្ទជាដើម។
ហេតុការណ៍ ដែលធ្វើឱ្យស្ដ្រីរងគ្រោះ ទើបមកដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ចមូលដ្ឋាន បានកើតឡើងតាំងពីយប់ថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១២ ស្ថិតនៅ ក្នុងផ្ទះសំណាក់ វីអាយភី តាមបណ្ដោយផ្លូវជាតិលេខ៦អា ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌ ឫស្សីកែវ ។

យោងតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ស្ដ្រីឈ្មោះអ៊ុច ម៉ារីណែត អាយុជាង៣០ ឆ្នាំ ស្នាក់នៅម្ដុំផ្សារដើមគ ខណ្ឌទួលគោក បានមកដាក់ពាក្យបណ្ដឹង នៅកន្លែង សមត្ថ កិច្ច ដោយចោទប្រកាន់បុរសម្នាក់មិនស្គាល់អត្ដសញ្ញាណថាបានបោកយករថយន្ដកូរ៉ូឡារបស់ខ្លួនពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ៩៨ ពាក់ស្លាកលេខ ភ្នំពេញ 2I-5407 និងលុយ ជាង២០០ដុល្លារ ទូរស័ព្ទមួយគ្រឿង និង សម្ភារៈមួយចំនួនទៀត ដូចជាអត្ដសញ្ញាណ ប័ណ្ណនិងកាតអេធីអឹមជាដើម។

សមត្ថកិច្ចក្រោយពីបានសាកសួរសាក្សី មួយចំនួនដែលដឹងសាច់រឿងនេះ រួមទាំង ស្ដ្រីរងគ្រោះផ្ទាល់បានរៀបរាប់ថា មុនពេល កើតហេតុ ជនបោកប្រាស់បានទៅផ្ទះ សំណាក់សម្បត្ដិផល ដែលមានទីតាំងនៅ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រួចហើយ បានពឹងឱ្យបុរសម៉ូតូឌុបជួយរកស្ដ្រីម៉ាស្សាឱ្យខ្លួនយកទៅដេកជាមួយ ។ ពេលនោះបុរស ម៉ូតូឌុបបាននាំជនឆបោករូបនេះទៅរកស្ដ្រី រកស្ដ្រី ដែលកំពុងកក់សក់នៅខាងក្រោយ សណ្ឋាគារ ទន្លេសេកុង ក្នុងខណ្ឌទួលគោក ហើយពេល ជួបគ្នាស្ដ្រីរងគ្រោះនិងជនឆបោករូបនេះបានព្រមព្រៀងគ្នា ដោយទឹកប្រាក់ ១០០ដុល្លារ ។

សមត្ថកិច្ចបានបន្ដថា ពេលនោះស្ដ្រីរង គ្រោះដែលរកស៊ីស៊េរីខ្ពស់ បានយករថយន្ដ កូរ៉ូឡារបស់ខ្លួនទៅឌុបបុរសឆបោកឆ្ពោះទៅ ច្រៀងនៅខារ៉ាអូខេវ៉ាស៊ីនតោន តាម បណ្ដោយផ្លូវជាតិលេខ៦អា ហើយពេល ច្រៀងចប់ ក៏បបួលគ្នាទៅដេកនៅផ្ទះសំណាក់សារិកា ប៉ុន្ដែពេលទៅដល់បន្ទប់មិនសូវស្អាត បុរសឆបោកបាននាំស្ដ្រីរង គ្រោះទៅដេកនៅផ្ទះសំណាក់វីអាយភីវិញ ម្ដង ។

សមត្ថកិច្ចបានបន្ដទៀតថា ពេលចូលទៅ ដល់បន្ទប់លេខ៨០៩ បុរសឆបោកបានដោះ សំលៀកបំពាក់ ហើយស្លៀកតែកន្សែង រួច ហើយក៏និយាយទៅកាន់ស្ដ្រីរង គ្រោះថា ចង់ទៅទិញអីហូបបន្ដិច រួចក៏ខ្ចីសោរថយន្ដនិងទូរស័ព្ទមួយគ្រឿង ដើម្បីស្រួលទាក់ទងគ្នា។ លុះចេញបានមួយ សន្ទុះធំៗ ដោយចាំបាត់ៗស្ដ្រីរងគ្រោះបានទូរ ស័ព្ទទៅ ប៉ុន្ដែទូរស័ព្ទមិនចូល ហើយក៏ដឹងខ្លួន ថា ចាញ់បោកគេហើយ ។ លុះព្រឹកឡើងថ្ងៃទី២១ ខែសីហា ទើបស្ដ្រីរងគ្រោះរូបនេះ បានដាក់ពាក្យបណ្ដឹង នៅកន្លែងសមត្ថកិច្ចជ្រោយចង្វា ប៉ុន្ដែមិនដឹងថា សមត្ថកិច្ចអាចស្វែងរកអត្ដសញ្ញាណជនឆបោករូបនេះយ៉ាងណានោះទេ ៕

ដោយ ៖ ដើមអម្ពិល (DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]