ខេត្តកំពត ៖ បុរស​ម្នាក់​បាន​ប្រើ​អំពើ​ហិង្សា​លើ​ប្រ​ព​ន្ឋ​ដោយសារ​ពេល​ស្រវឹងស្រា​មក​ដល់​ផ្ទះ​មិនឃើញ​ប្រ​ព​ន្ឋ ហើយ​ពេល​ឃើញ​ប្រ​ព​ន្ឋ​មក​ដល់​ផ្ទះ​ក៏​បាន​ឈ្លោះប្រកែក​គ្នា រួច​វាយ​ប្រ​ព​ន្ឋ​ឲ្យ​រង​របួស​ ក្រោយមក​ប្រព​ន្ឋ​បាន​រត់គេច​ចេញពី​បុរស​ជា​ប្តី​ដោយ​ខ្លាច​ប្តី​​វាយ​ទៀត​ ស្រាប់តែ​បុរស​ជា​ប្តី​បាន​យក​ដែកកេះ​ទៅ​ដុត​ផ្ទះ​ចោល​តែ​ម្តង ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេ​ល​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​នរាយណ៍ ឃុំ​នរាយណ៍ ស្រុក​ឈូក ខេត្ត​កំ​ពត ។

រូបភាព៖ ឥទ្ធិពល​ទឹក​ប្តូរ​និស្ស័យ វាយ​ប្រពន្ធ ដុត​ផ្ទះ​ខ្លួនឯង​ចោល

ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ជួន ច​ន្នី អាយុ​២៨​ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​ប្រហែល​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០​មេ​សា ប្តី​របស់​នាង​ឈ្មោះ អេ​ង សុ​ដា អាយុ​២៨​ឆ្នាំ បាន​ស្រវឹងស្រា​នៅ​ក្រៅ​ផ្ទះ រួច​មក​ដល់​ផ្ទះ​វិញ​បាន​រករឿង​វាយតប់​នាង​ខ្ញុំ​ត្រូវ​កណ្តាល​ខ្នង​មួយ​ដៃ​បណ្តាល​ឲ្យ​រង​របួស ពេល​នោះ​ដោយ​ខ្លាច​ប្តី​វាយ​បន្ត​ជ្រុលដៃ​រហូត​ដល់​ស្លាប់ ក៏​រត់គេច​ចេញពី​ប្តី ។

នៅ​ពេល​ឃើញ​ខ្លួន​រត់គេច​ចេញ ប្តី​របស់​នាង​ក៏​បាន​យកដៃ​កកេះ​ទៅ​ដុត​ផ្ទះ​ខ្លួនឯង​ដែល​មាន​ទំហំ​បណ្តោយ​៥​ម៉ែត្រ​ទទឹង​៤​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី បណ្តាល​ឲ្យ​ឆេះ​អស់​មួយ​ចំហៀង ដោយសារ​បងប្អូន​អ្នកស្រុក​ជួយ​ពន្លត់​ទាន់ ។

ក្រោយ​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ឈូកទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​រង​គ្រោះជា​ប្រ​ព​ន្ឋ​ លោក​ឧត្តមសេនីយត្រី ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​នាំ​ខ្លួន​ជនសង្ស័យ​ឡើង​មក​កាន់​ស្នងការ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ ។

ក្រោយ​ពី​សមត្ថកិច្ច​នគរបាល​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការ​ខេត្ត​ធ្វើការ​សាកសួរ ជនសង្ស័យ​ឈ្មោះ អេ​ង សុ​ដា បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​ស្រវឹងស្រា ហើយ​បាន​ប្រើ​អំពើ​ហិង្សា​វាយតប់​ទៅ​លើ​ប្រ​ព​ន្ឋ​របស់​ខ្លួន ព្រមទាំង​ដុត​ផ្ទះ​ខ្លួនឯង​ពិតប្រាកដ​មែន (១​លី​ត្រ​ផឹក​តែ​ម្នាក់ឯង​) ។

ក្រោយ​ពី​ស្តាប់​សម្តី​សារភាព​របស់​ប្តី​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​រួច​ហើយ ស្ត្រី​ជា​ប្រពន្ធ​ក៏​មានចិត្ត​អាណិតអាសូរ​ប្តី​វិញ ដោយ​សំណូមពរ​ឲ្យ​សមត្ថកិច្ច​កុំ​ដាក់ទោស​ប្តី​របស់​ខ្លួន គ្រាន់តែ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​តទៅ​ទៀតបាន​ហើយ ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

យ៉ាងណាមិញ ករណីវាយប្រពន្ធ ស្រដៀងគ្នានេះ ធ្លាប់បានកើតឡើង ជាច្រើនលើក ច្រើនសារមកហើយ ដូចជាបុរសម្នាក់ ដោយសារតែខឹង សុំលុយទិញស្រាផឹក បន្តមិនបាន បានដុតបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងឈានទៅ ប្រើអំពើហឹង្សា លើប្រពន្ធ បណ្តាលឲ្យរងរបួស ទើបទ្រាំលែងបាន ប្តឹងនគរបាលឲ្យចាប់ខ្លួន បុរសជាប្តី កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការទៅតាមនិតិវិធី។

មន្ត្រីនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា នៅថ្ងៃទី២៩​ ខែមីនា​ ក្នុងភូមិវាលកណ្តៀង​ ឃុំជប់​ ស្រុកត្បូងឃ្មុំ​ ជនល្មើសឈ្មោះ ទូច ធឿន ភេទប្រុស អាយុ៣៨ ឆ្នាំ បានផឹកស្រាស្រវឹងហើយធ្វើសកម្មភាព ដុតបំផ្លាញទ្រព្យសម្បត្តិ និង វាយតប់ទាត់ធាក់ ទៅលើស្ត្រីរងគ្រោះ ជាប្រពន្ធ ឈ្មោះ ស៊ឹម ស៊ីណា អាយុ៣៧ ឆ្នាំ ពីព្រោះតែខឹងនិង ប្រពន្ធមិនឲ្យលុយយក ទៅទិញស្រាផឹក បន្តទៀត។

មិនត្រឹមតែ វាយប្រពន្ធបណ្តាលឲ្យ រងរបួសគ្រាំគ្រា ឈឺចាប់ក្នុងខ្លួនប៉ុណ្ណោះទេ ថែមទាំង ដុតបំផ្លាញទ្រព្យសម្បត្តិ ឆេះខូចខាតម៉ូតូ ម៉ាកសេ១០០ កូរ៉េ ចំនួន១គ្រឿងទៀតផង។

មន្ត្រីនគរបាលឲ្យដឹងទៀតថា កន្លងមកជនល្មើសរូបនោះ បានធ្វើសកម្មភាព ប្រើអំពើហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងគ្រួសារជាញឹកញាប់ ជាមួយគ្នានោះ សមត្ថកិច្ចប៉ុស្តិ៍ជប់ ក៍ធ្លាប់បានធ្វើកិច្ច សន្យាអប់រំ ច្រើនលើកមកហើយ តែជនល្មើសនេះ មិនព្រមកែប្រែ ទើបហេតុការណ៍លើកនេះ ធ្វើឲ្យស្ត្រីរងគ្រោះជាប្រពន្ធ សម្រេចចិត្តប្តឹង សមត្ថកិច្ចឲ្យ ឃាត់ខ្លួន បញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់។

រូបភាព៖ បុរសម្នាក់ ដោយសារតែខឹង សុំលុយទិញស្រាផឹក បន្តមិនបាន ដុតបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងឈានទៅ ប្រើអំពើហឹង្សា លើប្រពន្ធ

ជាងនេះទៅទៀត កាលពីវេលាម៉ោង១២ និង១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ស្ថិតនៅត្រង់ចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៌ ខេត្តព្រៃវែង អំពើហិង្សាមួយបានកើតឡើង គួរឲ្យសង្វេគ និងតក់ស្លុត ក្រោយពេលបុរសជាប្តី បានយកពូថៅ វាយប្រពន្ធមួយពូថៅ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ ធ្ងររួចហើយ យកសាំងចាក់ដុតមក លើខ្លួនឯងរហូតស្លាប់ យ៉ាងអណោចអធ័ម។

ស្នងការរងនគរបាលខេត្តព្រៃវែង ទទួលផែនព្រហ្មទណ្ឌ លោក សេង សុភក្រ្ត បានប្រាប់ឲ្យដឹងនៅព្រឹក ព្រលឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះថា បុរសជាប្តីមានឈ្មោះ ព្រំ ផ្លង់ អាយុ៦៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ដោយឡែកស្រ្តីជាប្រពន្ធមានឈ្មោះ ម៉ាង ងួន អាយុ៦៥ឆ្នាំ។

លោក សេង សុភក្រ្ត បានបញ្ជាក់ថា មុនពេលកើតហេតុបុរសជាប្តី មានអារម្មណ៏មិនល្អ ហើយកើតជម្លោះជាមួយប្រពន្ធ ស្រាប់តែពេលនោះបានយកពូថៅវាយ ទៅលើប្រពន្ធ មួយពូថៅចំក្បាលផ្នែកខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកជនសង្ស័យបានយកសាំងចាក់ ពីលើខ្លួនហើយដុតខ្លួនឯង បណ្តាលឲ្យស្លាប់នៅក្នុងផ្ទះតែម្តង។

បច្ចុប្បន្នជនរងគ្រោះជាប្រពន្ធ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៅភ្នំពេញ ចំណែកសាកសពសមត្ថកិច្ច បានប្រគល់ជូនកូននិងចៅ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

រូបភាព៖ បុរសជាប្តី បានយកពូថៅ វាយប្រពន្ធមួយពូថៅ និងយកសាំងចាក់ដុតមក លើខ្លួនឯងរហូតស្លាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]